អន្តរជាតិ
ចិន ខឹងសម្បារ និងទទូចឲ្យវៀតណាម រុះរើសំណង់ចេញពីតំបន់ជម្លោះសមុទ្រចិនខាងត្បូងជាបន្ទាន់
× រឿងជម្លោះទឹកដីសមុទ្រចិនខាងត្បូង មិនចេះស្ងាត់ឡើយ។ មិនស្ងាត់នោះគឺ ចិន និងវៀតណាម បានប្រឈមមុខគ្នាសារថ្មី ដោយ ចិនបានទទូចឲ្យវៀតណាម ដកខ្លួនចេញពីតំបន់សមុទ្រចិនខាងត្បូងដែលចិន អះអាងថាជាអធិបតេយ្យរបស់ខ្លួន ក្រោយពីអ្នកជំនាញអាមេរិក បានចេញរបាយការណ៍មួយថ្មីចុងក្រោយថា វៀតណាម បានសាង់សង់សំណង់ថ្មីនៅក្នុងប្រជុំកោះសមុទ្រចិនខាងត្បូងនោះ។
ឆ្លើយនឹងសំណួរនាសន្និសីទសារព័ត៌មានថ្ងៃទី១៨ ខែវិច្ឆិកា ថាតើចិន គិតបែបណាចំពោះរបាយការណ៍របស់អ្នកជំនាញអាមេរិកដែលថា វៀតណាមកំពុងតែសាងសង់ផ្លូវចុះចតយន្តហោះនៅសមុទ្រចិនខាងត្បូង មន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ថា ចិន ពិតជាប្រឆាំងដាច់ខាតរាល់សកម្មភាពគ្រប់គ្រងដោយខុសច្បាប់ និងសំណង់នៅលើតំបន់កោះមួយចំនួនដែលស្ថិតនៅក្នុងអធិបតេយ្យចិននៃសមុទ្រចិនខាងត្បូង។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានសង្កត់យ៉ាងដូច្នេះថា៖ «យើង ទទូចយ៉ាងមុតមាំឲ្យរាល់ប្រទេសពាក់ព័ន្ធគោរពអធិបតេយ្យនិងសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ចិន បញ្ឈប់សកម្មភាពគ្រប់គ្រង និងសាងសង់ជាបន្ទាន់ និងដករាល់សម្ភារ និងសំណង់ផ្សេងៗពីតំបន់ប្រជុំកោះមួយចំនួននៃសមុទ្រចិនខាងត្បូង»។
ប្រតិកម្មខ្លាំងរបស់ក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ មានរូបភាពដែលចាប់ដោយប្រព័ន្ធផ្កាយរណប បានបង្ហាញពីសកម្មភាពវាតទីរបស់វៀតណាមនៅក្នុងប្រជុំកោះស្ព្រាតលី ដែលជាប្រជុំកោះដ៏សំខាន់នៃសមុទ្រចិនខាងត្បូង។ រូបភាពដែលត្រូវបានរាយការណ៍លម្អិតដោយគំនិតផ្តួចផ្តើមតម្លាភាពសមុទ្រក្រុងវ៉ាស៊ីនតោនដែលជាគម្រោងមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ CSIS បានអះអាងថា វៀតណាម បាននឹងកំពុងតែសាងសង់ចំណតយន្តហោះដែលមានរយៈចម្ងាយចន្លោះ ៧៦០ ម៉ែត និង ១០០០ម៉ែត។ របាយការណ៍នោះ ក៏បានបន្ថែមដែរថា សំណង់នោះ អាចនឹងបន្តក្នុងរយៈចម្ងាយជាង១.២ គីឡូម៉ែតឯនោះ។
សូមជម្រាបផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឹជាជម្លោះអធិបតេយ្យដែលមានរដ្ឋពាក់ព័ន្ធជាសមាជិកអាស៊ានមានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ តំបន់វិវាទខ្លាំង និងជាតំបន់ត្រួតស៊ីគ្នារវាងរដ្ឋពាក់ព័ន្ធនោះគឺ ប្រជុំកោះស្ព្រាតលី និងប្រជុំកោះប៉ារ៉ាស្សែល ដែលចិន បានទាមទារគ្រប់គ្រងស្ទើរតែទាំងស្រុងនោះ។
រយៈពេលចុងក្រោយ បន្ទាប់ពីហ្វីលីពីន បន្ទន់ឥរិយាបថបន្តិចទៅរកការចរចាទ្វេភាគីជាមួយនឹងចិន មានតែវៀតណាម ប៉ុណ្ណោះនោះទេ ដែលបន្តតទល់ជាមួយនឹងចិន។ ភាគីទាំងពីរ តែងតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសគ្នាទៅវិញទៅមក ក្រោយពីភាគីណាមួយធ្វើសកម្មភាពលើសលួសគ្នានោះ។ តែការប្រឈមមុខផ្នែកអាវុធទ្រង់ទ្រាយធំ មិនទាន់កើតមាននៅក្នុងតំបន់ជម្លោះនេះនៅឡើយនោះទេ៕
Tag:
ចិន
វៀតណាម
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com