អន្តរជាតិ
ចិន ឆ្លៀត​ស្កាត់​ជួប​វៀតណាម និង​ហ្វីលីពីន​នៅ​ប៉េ​រូ​ដើម្បី​ប​ន្ថូ​រ​បន្ថយ​ភាព​តានតឹង​សមុទ្រ​ចិន​ខាងត្បូង
20, Nov 2016 , 8:39 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយនឹង​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte និង​ប្រធានាធិបតី​វៀតណាម លោក Tran Dai Quang ដែល​ស្ថិត​នៅក្រៅ​នៃ​កិច្ចប្រជុំ APEC នៅ​ប្រទេស​ប៉េ​រូ​។ គឺ​ទីនោះ​ហើយ​ដែលជា​កន្លែង​មេដឹកនាំ​ទាំងបី​ត្រូវ​ចូលរួម​កិច្ចប្រជុំ APEC រួមគ្នា​។ មិន​ខុសពី​ជំនួប​មុនៗ លោក Xi បាន​ឆ្លៀត​លើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដោយ​ប្រាប់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដោយ​ពិគ្រោះ​យោបល់ និង​ទ្វេភាគី​ជាមួយនឹង​ចិន​នោះ​។



​ក្នុងជំនួប​ជាមួយនឹង​ប្រមុខរដ្ឋ​ហ្វីលីពីន លោក Xi បាន​រម្លឹក និង​សាទរ​ទស្សនកិច្ច​របស់​លោក Duterte ទៅកាន់​ចិន​កាលពី​ខែ​មុន ដោយ លោក អះអាងថា ទំនាក់ទំនង​ចិន​-​ហ្វីលីពីន បាន​វិ​វត្ត​ទៅមុខ​យ៉ាង​ល្អប្រសើរ ដែល​វា​ជា​ឱកាស​មួយ​នៃ​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក្នុងការ​ចូលរួម​កសាង​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​វិញ លោក​ប្រធានាធិបតី​ចិន​រូបនេះ ក៏បាន​ទទូច​ឲ្យ​ភាគី​ទាំងពីរ​គី​ចិន និង​ហ្វីលីពីន ចូលរួម​កិច្ចសហប្រតិបត្តិការ​គ្នា​ឲ្យ​បាន​សកម្ម និង​លើកកម្ពស់​ទំនាក់ទំនង​ដែនសមុទ្រ ដើម្បី​កែប្រែ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ទៅជា​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ល្អ​វិញ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​របស់លោក Xi ដែល​បាន​អះអាងថា ភាគី​ហ្វីលីពីន ក៏បាន​បង្ហាញ​ឆន្ទៈ ក្នុងការ​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ជាមួយនឹង​ចិន តាមរយៈ​កិច្ចសន្ទនា និង​ពិគ្រោះ​យល់​ផងដែរ​។

​ក្នុង​ថ្ងៃ និង​ឱកាស​ដដែល​នោះ លោក​ប្រធានាធិបតី​ចិន Xi Jinping ក៏បាន​ជួបពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​វៀតណាម លោក Tran Dai Quang លើ​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​។ ហើយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ជំនួប​នោះដែរ​។

​តាម​ប្រភព​ភ្នាក់ងារ​ព័ត៌មាន Xinhua ស្រដៀង​ទៅនឹង​ការលើកឡើង​ជាមួយនឹង​មេដឹកនាំ​ហ្វីលីពីន លោក Xi បាន​ទទូច​ឲ្យ​ប្រទេសជិតខាង​ទាំងពីរ​គឺ​ចិន និង​វៀតណាម ដោះស្រាយ​ជម្លោះ​តាមរយៈ​ការពិគ្រោះ​យោបល់ និង​កិច្ចសន្ទនា​ទ្វេភាគី ប្រកាន់ខ្ជាប់​នូវ​មាគ៌ា​សហប្រតិបត្តិការ​តាមរយៈ​ការគ្រប់គ្រង​ភាពចម្រូងចម្រាស​រួម និង​ផ្សារភ្ជាប់​គ្នា​តាម​ការអភិវឌ្ឍ​រួមគ្នា​ផងដែរ​។

​យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ មិនបាន​ជជែក​ពី​បញ្ហា​ប្រឈម​ចុងក្រោយ​នោះទេ​។ បញ្ហា​ប្រឈម​ចុងក្រោយ​នោះ​គឺ​ក្រសួងការបរទេស​ចិន ទើបតែ​ទទូច​ឲ្យ​វៀតណាម គោរព​អធិបតេយ្យ​និង​សិទ្ធិ​ស្របច្បាប់ និង​ផលប្រយោជន៍​របស់​ចិន បញ្ឈប់​សកម្មភាព​គ្រប់គ្រង និង​សាងសង់​ជាបន្ទាន់ និង​ដក​រាល់​សម្ភារ និង​សំណង់​ផ្សេងៗ​ពី​តំបន់​ប្រជុំ​កោះ​មួយចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង ក្រោយពី​មាន​របាយការណ៍ បង្ហាញថា វៀតណាម បាន​ចូលទៅ​សង់​ចំណត​ព្រលានយន្តហោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឹជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ជា​សមាជិក​អាស៊ាន​មានដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ចិន​ទាមទារ​តំបន់​លើ​វិវាទ​នេះ​ស្ទើរតែ​ទាំងស្រុង​ដោយ​យោងតាម​កត្តា​ប្រ​វិត្ត​សាស្ត្រ ខណៈ រដ្ឋ​អាស៊ាន​ទាមទារ​ដោយយោង​តាមច្បាប់ ដែល​នេះហើយ បានធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​បន្ត​មាន​វិវាទ​គ្នា​មកដល់​បច្ចុប្បន្ន​។ សម្រាប់​ចិន ដំណោះស្រាយ អាចធ្វើ​ទៅបាន​លុះត្រាតែ​រដ្ឋ​ពាក់ព័ន្ធ​និយាយ​ជា​ទ្វេភាគី​ជាមួយនឹង​ចិន​ប៉ុណ្ណោះ​។​

​រយៈពេល​ចុងក្រោយ បន្ទាប់ពី​ហ្វីលីពីន បន្ទន់ឥរិយាបថ​បន្តិច​ទៅរក​ការចរចា​ទ្វេភាគី​ជាមួយនឹង​ចិន មានតែ​វៀតណាម ប៉ុណ្ណោះ​នោះទេ ដែល​បន្ត​តទល់​ជាមួយនឹង​ចិន​។ ភាគី​ទាំងពីរ តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​គ្នា​ទៅវិញទៅមក ក្រោយពី​ភាគី​ណាមួយ​ធ្វើ​សកម្មភាព​លើសលួស​គ្នា​នោះ​៕


Tag:
 ​ចិន​
  ហ្វីលីពីន​
  វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com