អន្តរជាតិ
ចិន ឆ្លៀតស្កាត់ជួបវៀតណាម និងហ្វីលីពីននៅប៉េរូដើម្បីបន្ថូរបន្ថយភាពតានតឹងសមុទ្រចិនខាងត្បូង
× លោកប្រធានាធិបតីចិន Xi Jinping បានមានជំនួបដាច់ដោយឡែកជាមួយនឹងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte និងប្រធានាធិបតីវៀតណាម លោក Tran Dai Quang ដែលស្ថិតនៅក្រៅនៃកិច្ចប្រជុំ APEC នៅប្រទេសប៉េរូ។ គឺទីនោះហើយដែលជាកន្លែងមេដឹកនាំទាំងបីត្រូវចូលរួមកិច្ចប្រជុំ APEC រួមគ្នា។ មិនខុសពីជំនួបមុនៗ លោក Xi បានឆ្លៀតលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រាប់ឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយពិគ្រោះយោបល់ និងទ្វេភាគីជាមួយនឹងចិននោះ។
ក្នុងជំនួបជាមួយនឹងប្រមុខរដ្ឋហ្វីលីពីន លោក Xi បានរម្លឹក និងសាទរទស្សនកិច្ចរបស់លោក Duterte ទៅកាន់ចិនកាលពីខែមុន ដោយ លោក អះអាងថា ទំនាក់ទំនងចិន-ហ្វីលីពីន បានវិវត្តទៅមុខយ៉ាងល្អប្រសើរ ដែលវាជាឱកាសមួយនៃការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងទ្វេភាគីក្នុងការចូលរួមកសាងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua។
ពាក់ព័ន្ធនឹងបញ្ហាដែនជម្លោះសមុទ្រចិនខាងត្បូងវិញ លោកប្រធានាធិបតីចិនរូបនេះ ក៏បានទទូចឲ្យភាគីទាំងពីរគីចិន និងហ្វីលីពីន ចូលរួមកិច្ចសហប្រតិបត្តិការគ្នាឲ្យបានសកម្ម និងលើកកម្ពស់ទំនាក់ទំនងដែនសមុទ្រ ដើម្បីកែប្រែបញ្ហាសមុទ្រចិនខាងត្បូងឲ្យទៅជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីល្អវិញ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលបានដកស្រង់សម្តីរបស់លោក Xi ដែលបានអះអាងថា ភាគីហ្វីលីពីន ក៏បានបង្ហាញឆន្ទៈ ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រជាមួយនឹងចិន តាមរយៈកិច្ចសន្ទនា និងពិគ្រោះយល់ផងដែរ។
ក្នុងថ្ងៃ និងឱកាសដដែលនោះ លោកប្រធានាធិបតីចិន Xi Jinping ក៏បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីវៀតណាម លោក Tran Dai Quang លើទំនាក់ទំនងទ្វេភាគីផងដែរ។ ហើយបញ្ហាសមុទ្រចិនខាងត្បូង ក៏ស្ថិតនៅក្នុងរបៀបវារៈនៃជំនួបនោះដែរ។
តាមប្រភពភ្នាក់ងារព័ត៌មាន Xinhua ស្រដៀងទៅនឹងការលើកឡើងជាមួយនឹងមេដឹកនាំហ្វីលីពីន លោក Xi បានទទូចឲ្យប្រទេសជិតខាងទាំងពីរគឺចិន និងវៀតណាម ដោះស្រាយជម្លោះតាមរយៈការពិគ្រោះយោបល់ និងកិច្ចសន្ទនាទ្វេភាគី ប្រកាន់ខ្ជាប់នូវមាគ៌ាសហប្រតិបត្តិការតាមរយៈការគ្រប់គ្រងភាពចម្រូងចម្រាសរួម និងផ្សារភ្ជាប់គ្នាតាមការអភិវឌ្ឍរួមគ្នាផងដែរ។
យ៉ាងណាក៏ដោយ ភាគីទាំងពីរ មិនបានជជែកពីបញ្ហាប្រឈមចុងក្រោយនោះទេ។ បញ្ហាប្រឈមចុងក្រោយនោះគឺក្រសួងការបរទេសចិន ទើបតែទទូចឲ្យវៀតណាម គោរពអធិបតេយ្យនិងសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ចិន បញ្ឈប់សកម្មភាពគ្រប់គ្រង និងសាងសង់ជាបន្ទាន់ និងដករាល់សម្ភារ និងសំណង់ផ្សេងៗពីតំបន់ប្រជុំកោះមួយចំនួននៃសមុទ្រចិនខាងត្បូង ក្រោយពីមានរបាយការណ៍ បង្ហាញថា វៀតណាម បានចូលទៅសង់ចំណតព្រលានយន្តហោះនៅសមុទ្រចិនខាងត្បូងនោះ។
សូមជម្រាបផងដែរថា ជម្លោះសមុទ្រចិនខាងត្បូង គឹជាជម្លោះអធិបតេយ្យដែលមានរដ្ឋពាក់ព័ន្ធជាសមាជិកអាស៊ានមានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ ចិនទាមទារតំបន់លើវិវាទនេះស្ទើរតែទាំងស្រុងដោយយោងតាមកត្តាប្រវិត្តសាស្ត្រ ខណៈ រដ្ឋអាស៊ានទាមទារដោយយោងតាមច្បាប់ ដែលនេះហើយ បានធ្វើឲ្យប្រទេសពាក់ព័ន្ធបន្តមានវិវាទគ្នាមកដល់បច្ចុប្បន្ន។ សម្រាប់ចិន ដំណោះស្រាយ អាចធ្វើទៅបានលុះត្រាតែរដ្ឋពាក់ព័ន្ធនិយាយជាទ្វេភាគីជាមួយនឹងចិនប៉ុណ្ណោះ។
រយៈពេលចុងក្រោយ បន្ទាប់ពីហ្វីលីពីន បន្ទន់ឥរិយាបថបន្តិចទៅរកការចរចាទ្វេភាគីជាមួយនឹងចិន មានតែវៀតណាម ប៉ុណ្ណោះនោះទេ ដែលបន្តតទល់ជាមួយនឹងចិន។ ភាគីទាំងពីរ តែងតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសគ្នាទៅវិញទៅមក ក្រោយពីភាគីណាមួយធ្វើសកម្មភាពលើសលួសគ្នានោះ៕
Tag:
ចិន
ហ្វីលីពីន
វៀតណាម
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com