អន្តរជាតិ
មិន​ឲ្យ​«Fan»​ខកចិត្ត លោក Putin អញ្ជើញលោក Duterte ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​
21, Nov 2016 , 10:39 pm        
រូបភាព
ដោយ:
​ទំនងជា​ស្គាល់ចិត្ត និង​ចេតនា​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​ហើយ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ដើម្បី​បំពេញ​ទស្សនកិច្ចរ​ទៅកាន់​រុស្ស៊ី​។ ការអញ្ជើញ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ប្រមុខ​ដឹកនាំ​ទាំងពីរ បាន​ជួប​ជជែក​គ្នា​ជា​លើកដំបូង​នៅក្រៅ​កិច្ចប្រជុំ APEC ក្នុងប្រទេស​ប៉េ​រូ​។​



«​ប្រធានាធិបតី​រុស្ស៊ី Putin បានចេញ​លិខិត​អញ្ជើញលោក​ប្រធានាធិបតី​(Duterte) ជា​ផ្លូវការ​ដើម្បី​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី ដែល​ខ្ញុំ នឹងត្រូវ​ទៅ​ទីនោះ​ដើម្បី​ចាត់ចែង​នៅ​ខែធ្នូ​ខាងមុខនេះ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​ម្សិលមិញ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ហ្វីលីពីន ABS-CBN​។

​លោក​រដ្ឋមន្ត្រីការបរទេស​រូបនោះ ក៏បាន​បញ្ជាក់ដែរថា លោក ក៏​សំឡឹង​ឃើញ​ពី​លទ្ធភាព​ក្នុងការ​ពិភាក្សា​ជិតស្និទ្ធ និង​សុ​ទិ​ទ្ធិ​និយម​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ខាងមុខ​នេះដែរ​។ លោក បន្ថែម​ដែរ​ថា ទស្សនកិច្ច​នេះ នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​នៃ​ការឈាន​ទៅដល់​នៃ​ការចុះ​កិច្ចព្រមព្រៀង​ជាច្រើន​ផងដែរ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ថ្ងៃ​១៩ ខែវិច្ឆិកា​កន្លងទៅ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ជួបពិភាក្សា​ទ្វេភាគី​ជា​លើកដំបូង​ជាមួយនឹង​សម​ភាគី​រុស្សី លោក Vladimir Putin ក្នុង​រដ្ឋធានី​លី​ម៉ា​នៃ​ប្រទេស​ប៉េ​រូ ដែលជា​កន្លែង​មេដឹកនាំ​ទាំងពីរ ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​រួមគ្នា​នោះ​។

​នាពេលនោះ ប្រមុខ​ហ្វីលីពីន បាន​ប្រាប់​ប្រមុខ​រុស្ស៊ី​ត្រង់ៗ​ថា លោក បាន​ទន្ទឹងរង់ចាំ​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី ពូ​ទីន មិន​ត្រឹមតែ​ដោយសារ លោក ពូ​ទីន តំណាង​ឲ្យ​ប្រទេស​ដ៏​អស្ចារ្យ​នោះទេ តែ ក៏​ព្រោះតែ ជំនាញ​នៃ​ភាព​ដឹកនាំ​របស់​លោកពូ​ទីន​តែម្តង​។ នេះ​បើ​យោងតាម​ការដក​ស្រង់ពាក្យ​របស់លោក ដោយសារ​ព័ត៌មាន​រុស្ស៊ី RT​។​

​អ្វី​គួរកត់សម្គាល់​នោះ ខណៈពេល​រុស្ស៊ី កំពុងតែ​មានរឿង​ប្រទាំង​ប្រទូស​ជាមួយនឹង​ប្រទេស​តំបន់​អឺរ៉ុប រួមទាំង​អាមេរិក​នោះ លោក ឌើ​ទើ​តេ ដែល​ធ្លាប់​ហៅ​លោកពូ​ទីន​ថា «Idol» ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត Al Jazeera ក៏​ឆ្លៀត​លើកទឹកចិត្ត​លោក ពូ​ទីន តាមរយៈ​ការបន្ទោស​បង្អាប់​ទៅលើ​ប្រទេស​ទាំងនោះ​។​

​លោក បាន​បញ្ជាក់ថា ប្រទេស​លោក បាន​មានបំណង​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​លោកខាងលិច ប៉ុន្តែ ឥលូវ​រដ្ឋ​លោកខាងលិច កំពុងតែ​ប៉ុនប៉ង​វាយប្រហារ​រដ្ឋ​តូចៗ និង​បំភិតបំភ័យ​ប្រទេស​តូចៗ​ទាំងនោះ​។ ហើយ​លោក បន្ថែមទៀតថា ឥរិយាបថ​ទាំងនេះ គឺជា​ផ្នែក​មួយ​ដែល​បង្កឡើង​ដោយ អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​តែម្តង​។​

​ដោយ​មិន​ឲ្យ​អ្នក​ដាក់ទណ្ឌកម្ម​ហ្វីលីពីន​ខកចិត្ត​នោះ លោក ពូ​ទីន ក៏បាន​សាទរ​ចំពោះ​ជ័យជម្នះ​នៃ​ការ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​០៩ ខែឧសភា​កន្លងមក ដោយ​លោក ថែមទាំង​ពន្យល់ថា កាលបរិច្ឆេទ​នោះ​(០៩ ឧសភា​) គឺជា​ថ្ងៃ​ពិសេស​សម្រាប់​ប្រជាជាតិ​រុស្ស៊ី ដែល​បានទទួល​ជ័យជម្នះ​លើ​របប​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​១៩៤៥​។​

​ជាងនេះទៅទៀត មេដឹកនាំ​រុស្ស៊ី ក៏បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​និយាយ​ពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​គឺ​ខ្លី តែ ប្រទេស​ទាំងពីរ សម្រេចបាន​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​ការបង្កើន​ទំនុកចិត្ត​ផងដែរ​»​។​

​សូម​ជម្រាប​ផងដែរ​ថា កន្លងមក​ជាពិសេស​នោះ​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​។ តែ​ក្រោយពី​លោក ឌើ​ទើ​តេ ឡើងកាន់តំណែង ទំនាក់ទំនង​ស្អិតល្មួត បាន​ប្រែប្រួល ដ្បិត ដោយសារតែ រដ្ឋបាល​លោក អូ​បា​ម៉ា បាន​រិះគន់​ពី​ការដឹកនាំ​របស់លោក ឌើ​ទើ​តេ​។ ទន្ទឹមនឹង​ការមិន​ឲ្យ​តម្លៃ​ទំនាក់ទំនង​ជាមួយនឹង​អាមេរិក លោក ឌើ​ទើ​តេ បានប្រកាសថា «​បី​ប្រទេស​រួមគ្នា គឺ​ហ្វីលីពីន រុស្ស៊ី និង​ចិន ប្រឆាំង​ពិភពលោក​»៕


Tag:
 ហ្វីលីពីន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com