កីឡាជាតិ
ជាតិ
គ្រូ​បង្វឹកកម្ពុជាខកចិត្ត ​តែគ្រូបង្វឹក​ម៉ាឡេស៊ី​ថា ក្រុម​ផ្សេង​ប៉ះ​កម្ពុជា​នឹងមិន​ងាយស្រួល​ឡើយ​
21, Nov 2016 , 7:31 pm        
រូបភាព
លោក Lee Tae Hoon និងលោក Ong Kim Swee នាសន្និសីទសារព័ត៌មានកន្លងមក។ រូបថត FFC
លោក Lee Tae Hoon និងលោក Ong Kim Swee នាសន្និសីទសារព័ត៌មានកន្លងមក។ រូបថត FFC
ដោយ: រួបរួម
​លោក Ong Kim Swee គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​កម្ពុជា បន្ទាប់ពី​ក្រុម​របស់លោក​បាន​វាយបក​តាម​ពីក្រោយ​ដើម្បី​ទទួល​ជ័យជម្នះ ៣-២ នា​ការប្រកួត​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៦ ។ សម្រាប់​លោក Lee Tae Hoon នេះ​ជា​លទ្ធផល​ដ៏​ខកចិត្ត​មួយ ខណៈ​លោក​បាន​រំពឹងថា កម្ពុជា​គួរតែ​ទទួលបាន​យ៉ាងហោចណាស់​១​ពិន្ទុ​ពី​ការប្រកួត​។​




​ជំនួប​រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Thuwunna ក្រុង​យ៉ាំង​ហ្គោ​ន កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២០ ខែវិច្ឆិកា បាន​ផ្តល់នូវ​ភាព​រីករាយ​យ៉ាងខ្លាំង​សម្រាប់​ក្រុម​អ្នកគាំទ្រ​កម្ពុជា បន្ទាប់ពី​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ហើយ​ឈានទៅ​នាំមុខ​ជើងឯក​រង ២-១ ។ ប៉ុន្តែ​ការខកចិត្ត​បានកើត​ឡើង​នៅ​រយៈពេល​២០​នាទីចុងក្រោយ ដោយសារ​ប្រធាន​ក្រុម​ម៉ាឡេស៊ី Amri Yahyah បាន​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​២​គ្រាប់​ជា​បន្តបន្ទាប់​ដែល​នាំ​ជ័យជម្នះ​សម្រាប់​ក្រុម​។​

​លោក Lee Tae Hoon បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​ថា នៅពេលដែល​កម្ពុជា​នាំមុខ ២-១ លោក​រំពឹងថា កម្ពុជា​អាច​ទទួលបាន​យ៉ាងហោចណាស់​១​ពិន្ទុ ឬក៏​ឈ្នះ​តែម្តង ប៉ុន្តែ​អ្វីៗ​មិន​ដូចជា​ការគិត​របស់លោក​ឡើយ​។​

​គ្រូបង្វឹក​កូរ៉េខាងត្បូង​រូបនេះ បាន​លើកយក​បញ្ជា​អាកាសធាតុ​ដែលជា​មូលហេតុ​នាំ​ឲ្យ​ក្រុម​របស់លោក លេង​មិនបាន​តាម​គម្រោង​ដែល​បានរៀបចំ​ទុក​។ ទោះបីជា​យ៉ាងណាក៏ដោយ​លោក​ទទួលស្គាល់ថា នេះ​ជា​បទពិសោធន៍​ថ្មី​របស់​កីឡាករ​កម្ពុជា​នៅ​វគ្គ​ចាប់​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា កីឡាករ​របស់​យើង​ខ្សោយ​ផ្នែក​ស្មារតី​ក្នុងការ​យកឈ្នះ​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ម៉ាឡេស៊ី លោក Ong Kim Swee ហាក់ដូចជា​ផ្ញើរ​សារ​ប្រាប់​ទៅ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា និង​វៀតណាម​ថា ជំនួប​ជាមួយ​កម្ពុជា មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​។ លោក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​កម្ពុជា​ជា​ក្រុម​ខ្លាំង ដូចដែល​ខ្ញុំ​បានគិត​ទុក​មុន​។ ប៉ុន្តែ​យើង​បាន​ព្យាយាម​វាយបក​រហូត​ទទួលបាន​ជ័យជម្នះ​»​។​

​សម្រាប់​ការប្រកួត​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​២៣ ខែវិច្ឆិកា កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា ដែល​បាន​ចាញ់​វៀតណាម ២-១ រីឯ​ការប្រកួត​បន្ទាប់​វៀតណាម ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី ដោយ​ការប្រកួត​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Thuwunna៕


Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com