កីឡាជាតិ
ជាតិ
ក្លិប​ប្រកាសថា មិនទាន់មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​ក្នុងការ​ផ្ទេរ វឌ្ឍនាកា ទៅកាន់ J3 League
21, Nov 2016 , 10:57 pm        
រូបភាព
វឌ្ឍនាកា នាអំឡុងពេលនៃការហ្វឹកហាត់នៅជំនួបជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup។ រូបថត FFC
វឌ្ឍនាកា នាអំឡុងពេលនៃការហ្វឹកហាត់នៅជំនួបជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup។ រូបថត FFC
ដោយ: ថ្មីៗ
​ក្លិប​បឹងកេត​អង្គរ បានចេញ​សេចក្តីថ្លែងការណ៍​នា​រាត្រី​ថ្ងៃទី​២១ ខែវិច្ឆិកា នេះ ដើម្បី​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​កិច្ចព្រមព្រៀង​ក្នុង​ការផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ខ្លួន ចាន់ វឌ្ឍនាកា ទៅកាន់​ក្លិប Fujieda MYFC​។



​បឹងកេត​អង្គរ ម្ចាស់​ជើងឯក​ក្របខណ្ឌ​កំពូល​កម្ពុជា បាន​ច្រានចោល​ព័ត៌មាន​ដែល​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​សរសេរថា «​ក្លិប Fujieda MYFC ព្រមព្រៀង​លក្ខខណ្ឌ​គ្រប់យ៉ាង ឬ វឌ្ឍនាកា នឹង​ទៅ​ចូលរួម​ក្លិប​នៃ​លី​គ​ទី​៣​ជប៉ុន​មួយ​នេះ​ក្រោយ​ចប់​ភារកិច្ច​នៅ AFF Suzuki Cup 2016 និង Toyota Mekong Club Championship»​។​

​តាម​សេចក្តីជូនដំណឹង ក្លិប​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក ប្រាក់ សុវណ្ណារ៉ា បញ្ជាក់ថា ក្លិប Fujieda MYFC នៃ​ក្របខណ្ឌ J3 League របស់​ជប៉ុន ដែល ចាន់ វឌ្ឍនាកា បានធ្វើការ​ហ្វឹកហាត់រ​យៈ​ពេល​មួយ​សប្តាហ៍​នោះ ពិតជា​បានដាក់​សំណើ​ផ្លូវការ​មកកាន់​ក្លិប​ពិតមែន ប៉ុន្តែ​សាមី​កីឡាករ​មិនទាន់​ធ្វើការ​សម្រេចចិត្ត​ណាមួយ​នៅឡើយ​ទេ​។​

​ព័ត៌មាន​ទាក់ទង​នឹង​ការផ្ទេរ ចាន់ វឌ្ឍនាកា ទៅកាន់​ក្របខណ្ឌ J3 League ត្រូវបានសារព័ត៌មាន​មួយចំនួន​​ផ្សព្វផ្សាយ​ឡើង បន្ទាប់ពី​ម្ចាស់​ស្បែក​ជើង​មាស​២​ជំនាន់ និង​ជា​កីឡាករ​ឆ្នើម​៣​លើក​ជាប់ៗ​គ្នា​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២​គ្រាប់ ខណៈ​កម្ពុជា​បរាជ័យ ៣-២ ដោយសារ​ម៉ាឡេស៊ី នា​ការប្រកួត​បើកឆាក​ពូ​ល B នៃ​ពានរង្វាន់ AFF Suzuki Cup នៅ​មី​យ៉ាន់​ម៉ា​។​

​ជាមួយគ្នានេះ​ផងដែរ ក្លិប​បឹងកេត​អង្គរ​បានស្នើ​រថា​៖ «​សូម​សំណូមពរ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​នានា សូមមេត្តា​ចៀសវាង​ការចុះ​ផ្សាយពាក្យ​ចចាមអារ៉ាម​មិន​ពិតប្រាកដ​ដែល​អាច​ប៉ះពាល់​ដល់​ស្មារតី​កីឡាករ ដើម្បី​ទុកពេល​វេលា​ឱ្យ វឌ្ឍនាកា បាន​ផ្ដោតអារម្មណ៍​ពេញលេញ​ក្នុង​ការជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​កំពុង​ប្រកួត​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup ជា​លើកដំបូង​គិត​តាំងពី​ឆ្នាំ​២០០៨​មក​»៕

Tag:
 បាល់ទាត់
  ជម្រើស​ជាតិ​កម្ពុជា
  AFF Suzuki Cup
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com