អន្តរជាតិ
ក្រៅពី​ចិន និង​ជប៉ុន រុស្សី ក៍​ជួយ​ទិញ បន្លែ ផ្លែឈើ​ពី​ហ្វីលីពីន​ក្នុងតម្លៃ​រាប់លាន​ដុល្លារ​ផងដែរ
22, Nov 2016 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​មិនមាន​ការប្រែប្រួល​នោះទេ ១​ឆ្នាំ​ទៀត ហ្វីលីពីន អាច​នាំចេញ​ផលិតផល​កសិកម្ម​ដែល​រួម​បន្លែ និង​ផ្លែឈើ​ដែលមាន​តម្លៃ​ជាង​ពីរពាន់​លាន​ដុល្លារ​ទៅកាន់​រុស្ស៊ី​បាន​ហើយ​។ ពាណិជ្ជ​កម្មនេះ ត្រូវបាន​ព្រមព្រៀង​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​ហ្វីលីពីន ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​លើកដំបូង នៅក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្នុង​ប្រទេស​ប៉េ​រូ​។



​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ហ្វីលីពីន Ramon Lopez នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​កន្លងទៅ បាន​អះអាងថា រុស្ស៊ី បាន​ប្តេជ្ញា​ក្នុង​ការទិញ​ផ្លែឈើ ធញ្ញជាតិ ឬ​បន្លែ ពី​ហ្វីលីពីន ដែលមាន​តម្លៃ​ប្រមាណ ២.៥ ពាន់​លាន​ដុល្លារ ក្នុងអំឡុងពេល​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក​ប្រធានាធិបតី Vladimir Putin និង លោក​ប្រធានាធិបតី Rodrigo Duterte​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ភាគី​រុស្ស៊ី បាន​ព្រមព្រៀង​ភ្លាមៗ​ទៅលើ​សំណើ​នៃ​ការ​នាំចូល​ផ្លែឈើ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​របស់​ហ្វីលីពីន​នៅក្នុង​រយៈពេល​១២​ខែក្រោយ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​បន្តទៀតថា លោក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​បន្ថែមថា​៖«​យើង បាន​ជជែក​ពីអ្វី​ដែល​ពួកគេ​អាច​ទិញ​ពី​យើង ជាពិសេស​នោះ លើ​ផលិតផល​កសិកម្ម ប៉ុន្តែ យើង​មិនទាន់​បានកំណត់​ច្បាស់​នៅឡើយ​នោះទេ​។ ប៉ុន្តែ ខ្ញុំ  អាច​ដឹង ថា យើង​អាច​ផ្គត់ផ្គង់​ពួកគេ​នូវ​បរិមាណ​ចេក និង​ស្វាយ​ជាច្រើន​»​។

​ការសន្យា​ទិញ​ផលិតផល​កសិកម្ម​ហ្វីលីពីន​ដ៏​ច្រើន​លើសលប់​របស់​រុស្ស៊ី មានន័យថា ហ្វីលីពីន ទទួលបាន​ទីផ្សារ​ធំ​មួយ​បន្ថែមទៀត​បន្ទាប់ពី​ចិន និង​ជប៉ុន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​ទៅកាន់​ចិន និង​ជប៉ុន នៅ​ខែ​មុខ​នេះ ប្រមុខ​ហ្វីលីពីន ក៏បាន​ចុះ​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ទាំងពីរ ក្នុងការ​នាំចេញ​ផលិតផល​កសិកម្ម​រប​ស់​ខ្លូន​ទៅកាន់​ប្រទេស​ទាំងពីរ​ក្នុងតម្លៃ​រាប់លាន​ផងដែរ​៕


Tag:
 ហ្វីលីពីន​
  រុស្ស៊ី​
  ជប៉ុន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com