ពីនេះ ពីនោះ
រដ្ឋ​៖ មន្ត្រី​មាន​លុយ​ច្រើន តែ​រដ្ឋ​ខ្វះ​ថវិកា​អភិវឌ្ឍន៍​ជាតិ​
23, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល មាន​លុយ មាន​ឡាន មាន​វិឡា នោះ​ជា​រឿង​គួរ​ឲ្យ​ស​សើរ ដែល​មន្ត្រី​ធំៗ ពូកែ​រកស៊ី​មានបាន ដែល​ខុសពី​កសិករ ខំ​ព្រឹក​ខ្វះ​ល្ងាច​។ ចំណែក​រដ្ឋ​ខំប្រឹង​ទាំង​លំបាក តាមរយៈ​ការ​ទាញ​ប្រយោជន៍​ពី​ធនធានធម្មជាតិ​ផង ពន្ធដារ​ផង សម្បត្តិ​វប្បធម៌ ព្រមទាំង​ខ្ចី​បរទេស​ផង នៅតែ​ទ្រាំទ្រ​មិន​ចង់​រួច​ក្នុង​ការរៀបចំ​សង្គម និង​អភិវឌ្ឍន៍​ប្រទេស​។ ភាពខុសគ្នា​រវាង​ភាពមានបាន​របស់​មន្ត្រី​ធំ ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន និង​ភាពខ្វះ​ខាត់​របស់​រដ្ឋ ក្នុងការ​ស្ទុះស្ទារ​កសាង​ជាតិ បាន​ក្លាយជា​ចម្ងល់​ប្រចាំថ្ងៃ​របស់​បញ្ញវន្ត និង​ប្រជាជន​ទូទៅ​។​



​ពេល​មន្ត្រី​ធំ ដើរ​ចែក​អំណោយ ដល់​រាស្ត្រ​នោះ​គឺជា​ផ្នែក​មួយ​ដែល​ជួយ​សម្រួល​ស្ថានភាព​របស់​ប្រជាជន​បាន​មួយគ្រា នៅពេលដែល​រាស្ត្រ​ទាំងនោះ​ជួប​ទុក្ខលំបាក និង​ត្រូវការ​ជំនួយ​។ បន្ថែម​ពីនេះ គឺជា​រូបភាព​បញ្ជាក់ថា អ្នកមាន អ្នកធំ លោក​មាន​ចិត្តល្អ ចិត្តសប្បុរស ដែល​ចេះ​ជួយ​ទុក្ខលំបាក់​ពលរដ្ឋ​ខ្លួន និង​នាំ​សង្គម​ឲ្យ​រីកចម្រើន​។  ទង្វើ​នេះ​នាំ​ឲ្យ​មានការ​កោតសរសើរ​ដ​ល់​មន្ត្រី​ធំ​ទាំងនោះ​ដែលមាន​ឆន្ទៈ​គិតគូរ​ដល់​ប្រជារាស្ត្រ ក្នុងទិសដៅ​ជួយ​អភិវឌ្ឍន៍​ជាតិ​។

​ស្របពេល​ជាមួយគ្នានេះ មន្ត្រី​ធំៗ​ទាំងនោះ ឆ្លៀត​លើកឡើងថា​ប្រទេស​ខ្លួន​រីកចម្រើន កំណើនសេដ្ឋកិច្ច​ល្អ រហូត​មានការ​ចាត់​ចំណាត់ថ្នាក់​ទៀតផង​។ ពាក់ព័ន្ធ​ជាមួយ​ការលើកឡើង​របស់​មន្ត្រី​មាន​លុយ អ្នកមាន​ស្ដុកស្ដម្ភ វា​សមតែ​រាជការ មួយ​នេះ អាចរ​ស់បាន​ដោយ​ខ្លួនឯង ដោយ​មិនចាំបាច់ សុំ​លុយ​បរទេស សុំ​ជំនួយ​អន្តរជាតិ ទៀត​ទេ​ព្រោះ​ខ្លួន​មាន​ហើយ​។ ចំណែកឯ​ប្រជាជន​វិញ​នោះ សមតែ​មាន​ស្ថានភាព​គ្រួសារ​សមរម្យ​ច្រើន ដោយ​មិនចាំបាច់​លើកដៃ​ទទួល​អំណោយ​នោះដែរ​។

​ផ្ទុយ​មកវិញ​មួយឆ្នាំៗ​រាជការ​ត្រូវ​ប្រឹងប្រែង​រកលុយ​ពី​គ្រប់​ច្រក ដើម្បី​យក​រៀបចំ​ជាតិ បើកប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ អភិវឌ្ឍន៍​ក្រសួង​ស្ថាប័ន​ផ្សេងៗ និង​ប្រើប្រាស់​គ្រប់​តម្រូវ​ការចំណាយរ​បស់​រដ្ឋ​ក្នុង​មួយឆ្នាំៗ​។ បន្ថែម​ពី រហូត​សុំ​លុយ​ជំនួយ និង​ទទួល​ជំនួយ​បរទេស​ស្ទើរ​រាល់​ឆ្នាំ ទាំង​មាន​សំណង និង​ឥត​សំណង ក៏​នៅតែ​ស្ថានភាព​រដ្ឋ​នៅតែ​ត្រូវបាន​គេ​មើលឃើញថា រដ្ឋ​មួយ​នេះ​នៅ​ក្រ​នៅឡើយ​។ ចំណែកឯ​ប្រជារាស្ត្រ​វិញ​នោះ បើ​និយាយ​ពី​ជីវភាព ប្រហែលជា​ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ច​មិនទាន់​ល្អ​ច្រើនជាង​អ្នកមាន​។ ហេតុផល​នេះ តើ​ការប្រឹងប្រែង​សរសើរ​ថា​រដ្ឋ​មួយ​នេះ ប្រជាពលរដ្ឋ​ក្នុង​រដ្ឋ​មាន​លក្ខណៈ​ល្អប្រសើរ​ដូច​ការវាយតម្លៃ​គុណភាព​កំណើនសេដ្ឋកិច្ច ជា​រឿង​ត្រឹមត្រូវ​ឬក៏​អត់​?

​សរុបទៅ ពេលខ្លះ​មាន​ភាពផ្ទុយ​គ្នា​រវាង​ការលើក​អះអាង និង​តថភាព​ពិត​ជាក់ស្ដែង​នៅក្នុង​សង្គម​។ ពលរដ្ឋ​នៅក្នុង​សង្គម​មួយ​នេះ​សំណាង​ណាស់​ដែលមាន​មន្ត្រី​ល្អ ចេះ​ជួយ​ចែករំលែក​ទ្រព្យសម្បត្តិ​របស់ខ្លួន​។ ប៉ុន្តែ​រាស្ត្រ​ក្នុងសង្គម​មួយ​នេះ ក៏​មិនអាច​ចាំតែ​ទទួល​អំណោយ​បន្តិចបន្តួច ដែល​អាច​ដោះស្រាយ​ជីវភាព​បានតែ​មួយគ្រា​។  ចំណែក​ការ​អួត​សរសើរ​ពីរ​ដ្ឋ គួរ​ណាស់​មន្ត្រី​មួយចំនួន​ត្រូវ​ស្វែងយល់​ពី​តថភាព​ទូទៅ ជាជាង​ការ​សំឡឹងមើល​តែមួយ​ផ្នែក​នៃ​សង្គម ព្រោះ​រដ្ឋ​ខ្លួនឯង​មិនទាន់​អាច​និយាយបានថា ជា​រដ្ឋ​ទំនើប ដែលមាន​សមត្ថភាព​អភិវឌ្ឍន៍​ជាតិ​បាន​ដោយ​ខ្លួនឯង​នៅឡើយ​ទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com