កីឡាជាតិ
លោក ប៉ែន ផាត សង្ឃឹមថា កីឡាករ​កម្ពុជា​ប្រមូល​អារម្មណ៍​បានល្អ​សម្រាប់​ការប្រកួត​ថ្ងៃនេះ​
23, Nov 2016 , 7:59 am        
រូបភាព
ដោយ:
 
​លោក ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ជើង​ខ្លាំង​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០ បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​របស់ខ្លួន លើកទឹកចិត្ត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ដែល​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​ពានរង្វាន់ AFF Suzuki Cup នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ លើសពីនេះ​លោក​បាន​ជំរុញ​ឲ្យ​កីឡាករ​កម្ពុជា​ត្រូវ​ចេះ​ប្រើប្រាស់​អារម្មណ៍​មុនពេល​ប្រកួត​ឲ្យ​បានល្អ​។​

 
​ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ៣-២ នា​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup 2016 ក្នុង​ពូ​ល B នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា កន្លងទៅ​។ លោក ប៉ែន ផាត គ្រូបង្វឹក​បាល់ទាត់​នៅ​ប្រទេស បាន​ជំរុញ​ឲ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​កុំ​អស់សង្ឃឹម និង​បាក់​ទឹកចិត្ត ត្រូវខិតខំ​ព្យាយាម​ធ្វើ​អារម្មណ៍​ឲ្យ​បានល្អ​មុន​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា មកដល់​នៅថ្ងៃនេះ​។  លើសពីនេះ លោក​បាន​កោតសរសើរ​ពី​សមត្ថភាព​របស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បច្ចុប្បន្ន​ថា ធ្វើបាន​ល្អ​ថែម​ទៀតផង​។ 
 
​កាលពី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា នេះ លោក ប៉ែន ផាត បាន​សរសេរ​សា​នៅលើ Status ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​កីឡាករ​ទាំងអស់គ្នា​សូមកុំ​អស់សង្ឃឹម​ឲ្យ​សោះ កន្លងមកនេះ អ្នកលេង​បានល្អ​ហើយ អ្នក​ត្រូវតែ​ខំ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ និង​អារម្មណ៍​ឲ្យ​បានល្អ​នៅ​មុនពេល​ប្រកួត និង​ពេល​ឈប់សម្រាក​ការប្រកួត​នៅ​វគ្គ​ទី​១ កុំ​និយាយ​ច្រើន ស្ដាប់​គ្រូ ហើយ​គិត​»​។ 
 
​ជាមួយគ្នានេះ ក្រៅពី​ផ្ញើ​សារ​លើកទឹកចិត្ត និង​ប្រាប់​ពី​វិធីសាស្ត្រ​ក្នុង​ការធ្វើ​អារម្មណ៍​មុន​ការប្រកួត និង​ក្នុងអំឡុងពេល​ប្រកួត​រួចមក អតីត​កីឡាករ​បាល់ទាត់​ជើង​ខ្លាំង​ក្នុង​ទស្សន៍​ឆ្នាំ​១៩៦០ និង​១៩៧០ រូបនេះ​ក៏បាន​ជូនពរ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ជោគជ័យ​នា​ការប្រកួត​នេះ​ផងដែរ​។ «​សូមទោស​បើ​ខុស​សូមកុំ​ធ្វើតាម​បើ​ត្រូវ ធ្វើ​មិន​ធ្វើ​ក៏​ស្រាច់​តែ​អ្នក​ទាំងអស់គ្នា​ទេ ! សូម​ជូនពរ​ឲ្យ​បាន​ជោគជ័យ​នៅ​ថ្ងៃ​ខាងមុខនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ែន ផាត​៕   

Tag:
 បាល់ទាត់​
  ប៉ែន ផាត​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com