ខ្មែរ​ក្រហម
ជាតិ
អង្គជំនុំជម្រះ​តុលាការ​កំពូល សម្រេច​ឲ្យ នួន ជា និង​ខៀវ សំផន ជាប់គុក​អស់​មួយជីវិត​
23, Nov 2016 , 12:54 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អង្គជំនុំជម្រះ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ  បានសម្រេច​រក្សា​ការសម្រេច​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ដំបូង លើ​បណ្តឹង​សារទុក្ខ​លើ​មេដឹកនាំ​ខ្មែរក្រហម គឺ​នួន ជា និង​ខៀវ សំផន​។ សាលដីកា​ស្ថាពរ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កំពូល​នេះ មានន័យថា លោក នួន ជា និង ខៀវ សំផន ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​


 
​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ និង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ អស់​មួយជីវិត​។ នួន ជា និង​ខៀវ សំផន បាន​ប្តឹង​សារទុក្ខ​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បានលើកឡើង​ទឡ្ហីករណ៍​បណ្តឹង​សារទុក្ខ​រៀងៗ​ខ្លួន ចំនួន​២២៣ និង​១៤៨ ។ សហ​ព្រះរាជអាជ្ញា ក៏បាន​ដាក់      បណ្តឹង​សារទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ការស្វែងរក​ដំណោះស្រាយ ទាក់ទង​នឹង​ភាព​អាច​អនុវត្តបាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​ហៅថា  «​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III» (JCE III) នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​។ 
 
​សូមជម្រាបថា សំណុំរឿង​០០២/០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ ប្រឆាំងនឹង​លោក ខៀវ សំផន ជា​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​លោក នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០១ គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង ការកាប់សម្លាប់​ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​៕
 

Tag:
 អ​.​វ​.​ត​.​ក​
 ​ នួន ជា​
 ​ ខៀវ សំផន​
© រក្សាសិទ្ធិដោយ thmeythmey.com