អន្តរជាតិ
ប្រេសិត UN៖ ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ជា​សារ​សម្រាប់​កូរ៉េខាងជើង
23, Nov 2016 , 8:59 pm        
រូបភាព
លោក David Scheffer តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់សាលាក្ដីខ្មែរក្រហម (ECCC)
លោក David Scheffer តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់សាលាក្ដីខ្មែរក្រហម (ECCC)
​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា  បានសម្រេច​រក្សា​ការសម្រេច​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ដំបូង លើ​បណ្តឹង​សារទុក្ខ​លើ​មេដឹកនាំ​ខ្មែរក្រហម គឺ​នួន ជា និង​ខៀវ សំផន ដែល​នឹងត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ ប្រេសិត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចាត់ទុក​ការសម្រេចចិត្ត​នេះ គឺជា​សារ​សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង និង​មេដឹកនាំ​ដទៃទៀត​ជុំវិញ​ពិភពលោក​។



​អតីត​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​នួន ជា និង​ខៀវ សំផន នឹង​នៅតែ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដដែល បន្ទាប់ពី​អង្គជំនុំជម្រះ​តុលាការ​កំពូល​ទាត់ចោល​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ទាំងពីរ​។ លោក David Scheffer តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម (ECCC) និយាយថា ការកាត់ក្ដី​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន ជា​សារ​សម្រាប់​មេដឹកនាំ​ផ្ដាច់ការ​នៅលើ​ពិភពលោក​។​

​ដោយ​សំដៅ​ដល់​មេដឹកនាំ​ទាំងឡាយ​ដែល​រួមទាំង​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ដែរនោះ លោក David Scheffer ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​តុលាការ​ថា​៖ «​អ្វីដែល​កើតឡើង​ក្នុង​តុលាការ​នៅថ្ងៃនេះ អាច​នឹង​ធ្លា​ក់លើ​ខ្លួន​អ្នក​វិញ​ម្ដង​។ ហើយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង ក៏​គួរតែ​គិតពី​ការកាត់ក្ដី​នៅថ្ងៃនេះ​ដែរ ព្រោះ​យុត្តិធម៌​អន្តរជាតិ នឹងមិន​ដកថយ​ឡើយ និង​ធ្វើដំណើរ​ឆ្ពោះទៅមុខ​រហូត​»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ទាក់ទង​នឹង​កូរ៉េខាងជើង​នេះ អង្គការសហប្រជាជាតិ​ធ្លាប់​បញ្ចេញ​របាយការណ៍​មួយ ដោយបាន​ភ្ជាប់​ឈ្មោះ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទៅនឹង​ករណី​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។ ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​នេះ គឺ​ស្រដៀង​នឹង​អ្វីដែល​កើតឡើង​នៅ​កម្ពុជា​អំឡុងពេល​កាន់អំណាច​របស់​ខ្មែរក្រហម ជាពិសេស​លើ​ករណី​ចាប់បង្ខំ​ធ្វើការ និង​ការធ្វើ​ទារុណកម្ម​ជាដើម​។​

​ជម្លោះ​នៅ​ស៊ី​រី ត្រូវគេ​ពណ៌នា​ថា មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៀតផង​។ ចំណែក​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ក៏បាន​ប្រព្រឹត្ត​សកម្មភាព​ដែល​ស្ថិតក្រោម​បទល្មើស​ប្រឆាំង​មនុស្សជាតិ​ផងដែរ​ដូចជា ការសម្លាប់​ជីវិត ការជួញដូរ​មនុស្ស​និង​ការរំលោភបំពាន​ផ្លូវភេទ ព្រមទាំង​ការបំផ្លាញ​សម្បត្តិ​វប្បធម៌​មនុស្សជាតិ​ផងដែរ​។  

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) រកឃើញថា ជនជាប់ចោទ នួន ជា និង​ខៀវ សំផន មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ និង​បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ អស់​មួយជីវិត​។ ជន​ជាប់​ទាំងពីរ​បាន​ប្តឹង​សារទុក្ខ​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បានលើកឡើង​ទឡ្ហីករណ៍​បណ្តឹង​សារទុក្ខ​រៀងខ្លួន តែ​ត្រូវបដិសេធ​ពេលនេះ​៕


Tag:
 UN
  អ​.​វ​.​ត​.​ក​.
  នួន ជា​
  ខៀវ សំផន​
  David Scheffer
© រក្សាសិទ្ធិដោយ thmeythmey.com