កីឡាអន្តរជាតិ
អន្តរជាតិ
Neymar អាចជាប់ពន្ធនាគារ២ឆ្នាំ ក្នុងបទចោទអំពើពុករលួយ
× រាជអាជ្ញានៃប្រទេសអេស្ប៉ាញ បានស្នើតុលាការ បញ្ជូនកីឡាករ Neymar ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទរួមគំនិតក្នុងអំពើពុករលួយ នៅពេលដែលខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona រូបនេះ ផ្ទេរពីក្លិប Santos របស់ប្រេស៊ីល ទៅក្លិបអ្នកមានបុណ្យ កាលពីឆ្នាំ២០១៣ ។ នេះបើតាមការផ្សាយរបស់ BBC។
ក្រោយរកឃើញថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីរូបគេផ្ទេរពីក្លិប Santos មកកាន់ ទឹកដី Camp Nou តុលាការនៃប្រទេសអេស្ប៉ាញ បានចេញដីកាកាត់ទោសតារាឆ្នើមរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន។
បណ្តឹងខាងលើនេះ កើតចេញពីការប្តឹងរបស់ក្រុមហ៊ុនវិនិយោគរបស់ប្រេស៊ីល DIS ដែលជាម្ចាស់កម្មសិទ្ធិ ៤០ភាគរយ នៃការផ្ទេររបស់ Neymar ដោយចោទប្រកាន់ថាក្រុមហ៊ុនទទួលបានប្រាក់ពី Barca តិចជាងតម្លៃនៃការផ្ទេរពិតប្រាកដ។
ក្នុងករណីនេះដែរ អតីតប្រធានក្លិប Barcelona លោក Sandro Rosell ក៏ត្រូវបានចៅក្រម លោក Jose Perals កាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ ជិត៩លានដុល្លារអាមេរិក ខណៈឪពុករបស់ Neymar ត្រូវកាត់ទោស រយៈពេល១ឆ្នាំផងដែរ។
ក្រោមប្រព័ន្ធច្បាប់របស់អេស្ប៉ាញ អ្នកជាប់ទោសក្រោម រយៈពេល២ឆ្នាំ អាចមានសិទ្ធិព្យួរទោសបាន ដូចឆ្នេះមានន័យថា បើសិនជាកីឡាករឆ្នើមវ័យ២៤ឆ្នាំមានជាប់ទោសក្នុងបទចោទនេះមែន រូបគេក៏អាចនៅក្រៅឃុំបានដែរ ប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យរកឃើញទោសកំហុសជាលើកទី២។
សូមបញ្ជាក់ថា បច្ចុប្បន្នមិត្តរួមក្រុមរបស់ Neymar ពីររូបគឺ Lionel Messi និង Javier Mascherano ក៏ស្ថិតនៅក្រៅឃុំដូចគ្នាដែរ ក្រោយតុលាការខាងលើកាត់ទោសឲ្យជាប់ពន្ធនាគារក្រោមរយៈពេល២ឆ្នាំ៕
Tag:
បាល់ទាត់
Neymar
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com