កីឡាអន្តរជាតិ
អន្តរជាតិ
Neymar អាច​ជាប់ពន្ធនាគារ​២​ឆ្នាំ ក្នុង​បទ​ចោទ​អំពើពុករលួយ​
24, Nov 2016 , 4:13 pm        
រូបភាព
​រាជអាជ្ញា​នៃ​ប្រទេស​អេ​ស្ប៉ា​ញ បានស្នើ​តុលាការ បញ្ជូន​កីឡាករ Neymar ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ពីបទ​រួមគំនិត​ក្នុង​អំពើពុករលួយ នៅពេលដែល​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona រូបនេះ ផ្ទេរ​ពី​ក្លិប Santos របស់​ប្រេ​ស៊ី​ល ទៅ​ក្លិប​អ្នកមាន​បុណ្យ កាលពី​ឆ្នាំ​២០១៣ ។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ក្រោយ​រកឃើញថា ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​កាលពី​រូបគេ​ផ្ទេរ​ពី​ក្លិប Santos មកកាន់ ទឹកដី Camp Nou  តុលាការ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ បានចេញ​ដីកា​កាត់ទោស​តារា​ឆ្នើម​រូបនេះ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយចំនួន​។​

​បណ្តឹង​ខាងលើនេះ កើតចេញពី​ការប្តឹង​របស់​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រេ​ស៊ី​ល DIS ដែលជា​ម្ចាស់​កម្មសិទ្ធិ ៤០​ភាគរយ នៃ​ការផ្ទេរ​របស់ Neymar ដោយ​ចោទប្រកាន់ថា​ក្រុមហ៊ុន​ទទួលបាន​ប្រាក់​ពី Barca  តិចជាង​តម្លៃ​នៃ​ការផ្ទេរ​ពិតប្រាកដ​។​

​ក្នុងករណី​នេះដែរ អតីត​ប្រធាន​ក្លិប Barcelona លោក Sandro Rosell ក៏ត្រូវ​បាន​ចៅក្រម លោក Jose Perals កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ជិត​៩​លាន​ដុល្លារ​អាមេរិក ខណៈ​ឪពុក​របស់ Neymar ត្រូវ​កាត់ទោស រយៈពេល​១​ឆ្នាំ​ផងដែរ​។​

​ក្រោម​ប្រព័ន្ធ​ច្បាប់​របស់​អេ​ស្ប៉ា​ញ អ្នក​ជាប់ទោស​ក្រោម រយៈពេល​២​ឆ្នាំ អាចមាន​សិទ្ធិ​ព្យួរទោស​បាន ដូច​ឆ្នេះ​មានន័យថា បើសិនជា​កីឡាករ​ឆ្នើម​វ័យ​២៤​ឆ្នាំមាន​ជាប់ទោស​ក្នុង​បទ​ចោទ​នេះ​មែន រូបគេ​ក៏​អាច​នៅក្រៅ​ឃុំ​បានដែរ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​រកឃើញ​ទោសកំហុស​ជា​លើក​ទី​២​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​មិត្ត​រួម​ក្រុម​របស់ Neymar ពីររូប​គឺ Lionel Messi និង Javier Mascherano ក៏​ស្ថិត​នៅក្រៅ​ឃុំ​ដូចគ្នា​ដែរ ក្រោយ​តុលាការ​ខាងលើ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្រោម​រយៈពេល​២​ឆ្នាំ​៕



Tag:
 បាល់ទាត់​
  Neymar
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com