ខ្មែរ​ក្រហម
ជាតិ
ជប៉ុន ចង់​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​ដំណើរការ​សំណុំរឿង​ដែល​នៅសល់​ឲ្យ​បាន​លឿន​
25, Nov 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​រដ្ឋាភិបាល​ជប៉ុន បានបង្ហាញ​ការស្វាគមន៍​នឹង​សាលដីកា​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ដែល​បានសម្រេច​រក្សា​សាលក្រម របស់​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​សម្រេច​ឲ្យ​លោក នួន ជា និង​លោក ខៀវ សំផន ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ ហើយ​ជប៉ុន ក៏​ស្នើ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ការកាត់ក្ដី​លើ​សំណុំរឿង​ដែល​នៅសល់​ផងដែរ​។​

 
​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Fumio Kishida បានចេញ​សេចក្ដីថ្លែងការណ៍​ស្វាគមន៍​ការសម្រេច​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​បាន​ទាត់ចោល​បណ្ដឹង​សារទុក្ខ​របស់​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន​។ ជប៉ុន ចាត់ទុក​សាលដីកា​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​តុលាការ​កូនកាត់​មួយ​នេះ ដែល​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​២០០៦ មក​។​
 
​សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា​៖ «​សាលាក្ដី​ខ្មែរក្រហម គឺជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​បញ្ចប់​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​។ សាលាក្ដី​នេះ នឹង​ជួយ​ស្វែងរក​យុត្តិធម៌ ក៏ដូចជា​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ផងដែរ​»​។ សេចក្ដី​ថ្លែង​ការ​ដដែល​បន្តថា ជប៉ុន បាន​ដើរតួ​នាំមុខគេ​ក្នុងការ​ផ្ដល់​ការគាំទ្រ​សម្រាប់​សាលាក្ដី​នេះ​។ 
 
​មិនតែប៉ុណ្ណោះ តាមរយៈ​សេចក្ដីថ្លែងការណ៍​ខាងលើ ជប៉ុន​សង្ឃឹម​មុតមាំ​ថា ដំណើរការ​លើ​សំណុំរឿង​ដែល​នៅសល់ ត្រូវធ្វើឡើង​ដោយ​ឆាប់រហ័ស ហើយ​បេសកកម្ម​មួយ​នេះ​នឹង​ទទួលបាន​ជោគជ័យ ព្រោះ​ទាំង​ជនជាប់ចោទ និង​ជនរងគ្រោះ សុទ្ធ​តែមាន​វ័យ​ជរា​ដែរ​ហើយ​។​
 
​សូមបញ្ជាក់ថា ជប៉ុន គឺជា​ម្ចាស់ជំនួយ​ដ៏​ធំ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម​។ ចាប់តាំងពី​បង្កើត​ក្នុង​ឆ្នាំ​២០០៦​មក ជប៉ុន​បានផ្ដល់​ជំនួយ​ទឹកប្រាក់​ប្រមាណ​៨៥,១២​លាន​ដុល្លារ​សម្រាប់​សាលាក្ដី​មួយ​នេះ ដែល​ស្មើនឹង ៣២​ភាគរយ​នៃ​ជំនួយ​អន្តរជាតិ​ទាំងអស់​។ ក្នុង​ជប៉ុន​បានផ្ដល់​ជំនួយ​៨៦,៥៨​លាន​ដុល្លារ​សម្រាប់​ភាគី​អន្តរជាតិ​នៃ​សាលាក្ដី និង​១៦,៥៤​លាន​ដុល្លារ​សម្រាប់​ភាគី​កម្ពុជា​៕  

Tag:
 ជប៉ុន​
  អ​.​វ​.​ត​.​ក​
  Fumio Kishida
© រក្សាសិទ្ធិដោយ thmeythmey.com