កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសអង់គ្លេស និងហង្សក្រហម Gerrard លាពីអាជីពបាល់ទាត់
× អតីតវីរបុរសរបស់ហង្សក្រហម Liverpool និងជាប្រធានក្រុម ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Steven Gerrard បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ បន្ទាប់ពីសាងភាពល្បីល្បាញក្នុងវិស័យនេះអស់រយៈពេល១៩ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC។
ក្រោយចាកចេញពី Liverpool ទៅចូលរួមជាមួយក្លិបនៃលីកកំពូលអាមេរិក LA Galaxy កាលពីឆ្នាំ២០១៥ មក ពេលនេះ Gerrard បានបញ្ចប់អាជីពពីវិស័យបាល់ទាត់ហើយ។ អតីតខ្សែបម្រើអន្តរជាតិអង់គ្លេស វ័យ៣៦ឆ្នាំ រូបនេះ ធ្លាប់បង្ហាញខ្លួនឲ្យហង្សក្រហម ៧១០លើក រកគ្រាប់បាល់បញ្ចូលទី ១៨៦គ្រាប់ និងជួយឲ្យក្លិបនេះឈ្នះពានធំៗប្រាំបួនដងផងដែរ។
សម្រាប់ការបង្ហាញខ្លួនឲ្យក្រុមអង់គ្លេសទាំង ១១៤លើក Gerrard បានជាប់ជាកីឡាករទីបួនដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិច្រើនជាងគេ និងលេងក្នុងនាមជាប្រធានក្រុមអង់គ្លេស ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣ ក្នុងចំណោមព្រឹត្តិការណ៍ទាំង៦ក្នុងអាជីព។
Gerrard បាននិយាយថា៖«ខ្ញុំសំណាងណាស់ ដែលទទួលបានបទពិសោធន៍ជាច្រើនក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំមានអាជីពដែលមិនគួរឲ្យជឿ ហើយខ្ញុំក៏អរគុណដល់អ្នករាល់គ្នា សម្រាប់ពេលវេលាល្អៗ ទាំងនៅ Liverpool ទាំង ក្រុមអង់គ្លេស ក៏ដូចជា LA Galaxy ដែរ»។
អ្វីដែលសំខាន់លើសពីនេះនោះ អតីតខ្សែបម្រើកណ្តាលបានបន្ថែមថា ខ្លួនបានបំពេញក្តីសុបិនពីកុមារភាព ដោយបានពាក់អាវរបស់ហង្សក្រហម Liverpool។
មុនការប្រកាសចូលនិវត្តន៍នេះ Gerrard ក៏ធ្លាប់បានទាក់ទងឲ្យធ្វើជាគ្រូបង្វឹក ក្លិប MK Dons (Milton Keynes Dons) ក្នុងក្របខណ្ឌ League One នៃលីកលំដាប់ទី៣ របស់អង់គ្លេសផងដែរ ប៉ុន្តែរូបគេមិនបានឆ្លើយតមវិញយ៉ាងណានោះឡើយ៕
Tag:
Steven Gerrard
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com