ជាតិ
លោក សាយ សំ​អាល់ បង្គាប់​ឲ្យ​អភិបាលខេត្ត​កោះកុង អន្តរាគមន៍​ផ្អាក​ការសាងសង់​ទីតាំង​កែច្នៃ​វ​ល្លិ​រមៀត​
25, Nov 2016 , 11:59 am        
រូបភាព
 
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​បង្គាប់​ឲ្យ​អភិបាលខេត្ត​កោះកុង ចុះ​អន្តរាគមន៍​ផ្អាក​ការសាងសង់​ជាបន្ទាន់ នូវ​ទីតាំង​កែច្នៃ​វ​ល្លិ​រមៀត​មួយកន្លែង ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​។ ក្រសួងបរិស្ថាន ចាត់ទុកថា ការកែច្នៃ​វ​ល្លិរមៀត​នេះ នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​។​

 
​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា ​ក្រុមហ៊ុន ជីន​យ័ន ហ្វី​ង​លាន ខូ អិ​ល​ធី​ឌី (JINYIAN HUANGLIAN TRADKING Co., Ltd) និង​ក្រុមហ៊ុន ឆៃ ជី​ង​ហ៊ាង គ្រុប Chhay Ching Heang Group Co., Ltd) កំពុង​សាងសង់​ទីតាំង​កែច្នៃ​វ​ល្លិ​រមៀត​នោះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ក៏បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ខ្លួន ចុះទៅពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូរ ហើយ​ឃើញថា ពិត​ជាមាន​សកម្មភាព​កែច្នៃ​វ​ល្លិរមៀត ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​សង្គម​ពិតមែន ។​
 
​លោក សាយ សំ​អាល់ ចាត់ទុកថា ការកែច្នៃ​វ​ល្លិ​រមៀត គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៦១ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ និង​ច្បាប់​ស្តីពី​ព្រៃឈើ ត្រង់​មាត្រា​៩៧ ដែល​ត្រូវ​ផ្តន្ទាទោស ជា​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១​។ បើតាម​លោក សាយ សំ​អាល់ ការប្រមូល​និង​កែច្នៃ​វ​ល្លិ​រមៀត ក៏​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន សង្គម ធនធាន​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់​នេះ​ផងដែរ​។​
 
​លិខិត​ជម្រាបជូន​អភិបាលខេត្ត​កោះកុង ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ក្នុងន័យនេះ ក្រសួងបរិស្ថាន​សូម​ស្នើ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ចាត់វិធានការ​អន្តរាគមន៍​ផ្អាក​ជាបន្ទាន់​នូវ​ការសាងសង់​បង្កើត​ទីតាំង​កែច្នៃ​វ​ល្លិរមៀត​នៅក្នុង​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង​ខេត្តកោះកុង​នេះ នឹង​ការគ្រោង​ប្រមូល​វ​ល្លិ​រមៀត​នៅក្នុង​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​។ ទន្ទឹមនឹងនេះ សូម​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល បន្ត​ដឹកនាំ​ការត្រួតពិនិត្យ​ករណីនេះ នឹង​ចាត់វិធានការ​ជាក់ស្ដែង​តាម​និតិ​វិធី​ច្បាប់​»​។​
 
​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ក្រុម​បណ្តាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ បាន​រកឃើញ​រោងចក្រ​មួយ​កំពុង​សាងសង់​ដើម្បី ផលិត​ម្សៅ​វល្លិ​រមៀត​។ ទីតាំង​រោងចក្រ​នេះ មាន​ថៅកែ​ជា​ជន​ជាតិចិន បានចាប់ផ្តើម​សាងសង់​ប្រមាណ​៣​ខែ​មកហើយ លើ​ផ្ទៃដី​ប្រមាណ​១០០​ហិកតា ស្ថិតនៅ​ខាងក្រោយ​សាលាស្រុក​ថ្មបាំង ប្រមាណ​២​គីឡូម៉ែត្រ និង​មានការ​យាមកាម​តឹងរឹង​ទៀតផង​។ តាម​ការស្រាវជ្រាវ​រប​ស់​បណ្តាញ​និស្សិត​ឃ្លាំមើល​បរិស្ថាន និង​ធនធានធម្មជាតិ​ដដែល ក្នុង​រយៈពេល​សាងសង់​រោងចក្រ ក៏​មានការ​ប្រកូក​ប្រកាស​ទិញ​វល្លិ​រមៀត​ពី​អ្នកភូមិ​ក្នុងតម្លៃ​២០០​រៀល ក្នុង​មួយ​គីឡូក្រាម​ផងដែរ​។

បណ្ដាញ​និស្សិត​ស្នើ​ឲ្យ​រដ្ឋាភិបាល ផ្អាក​ការសង់​រោងចក្រ​នេះ ទោះ​មាន ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ក៏ដោយ ដោយ​បារម្ភ​ថា​ម្សៅ​វ​ល្ខិ​រមៀត​នេះ អាច​នឹង​នាំ​ឲ្យ​មាន​ការផលិត​គ្រឿងញៀន​នៅ​កន្លែង​ផ្សេង​។​
 
​វល្លិ​រមៀត ជា​ប្រភេទ​ជា​ប្រភេទ​រុក្ខជាតិ​វល្លិ​ម្យ៉ាង​ដែលមាន​ក្លិន​ក្រពុល រសជាតិ​ជូរ​ផ្អែម​ដូច​ស្ពាន់ធ័រ​លាយ​ជាមួយ​ស្ករត្នោត​។ វា​ជា​សារធាតុ​មេ​សម្រាប់​ផលិត​គ្រឿងញៀន ជាពិសេស​អ៊ិ​ច​ស្តា​ស៊ី​។​
 
​សូមបញ្ជាក់ថា រោងចក្រ​វល្លិ​រមៀត​របស់​ក្រុមហ៊ុន​ទ្រី ភាព ត្រូវបាន​រាជរដ្ឋាភិបាល​ផ្អាក​ដំណើរការ កាលពី​ឆ្នាំ ២០១៤ ។ ក្រុមហ៊ុន ទ្រី ភាព បានទទួល​សិទ្ធិ​ប្រមូល និង​កែច្នៃ វល្លិ​រមៀត​នៅ​កម្ពុជា​តាម​លិខិតអនុញ្ញាត ចុះ​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៣ ៕
 
 

Tag:
 សាយ សំ​អាល់​
  ​បរិស្ថាន​
 ​ វ​ល្លិ៍​រមៀត
© រក្សាសិទ្ធិដោយ thmeythmey.com