បទយកការណ៍ / បទសម្ភាសន៍
ឯកឧត្តម សម រង្ស៊ី​៖ ខ្ញុំ​ពិតជា​ចង់ ចូលរួម​បុណ្យសព​ម្តាយក្មេក​ខ្ញុំ​!
25, Nov 2016 , 4:20 pm        
រូបភាព
ដោយ:
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី បាន​ថ្លែងប្រាប់​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ពី​ប្រទេស​បារាំង​មក​ថា រូបលោក​ពិតជា ចង់​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យសព​ម្តាយក្មេក​របស់លោក​។ តែ​យ៉ាងណា ឯកឧត្តម សម រង្ស៊ី បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​អំពី​លិខិត​សុំ​អន្តរាគមន៍​របស់លោក​ទៅ​សម្តេច ហ៊ុន សែន នៅថ្ងៃ​នេះ​។​



​សូម​អាន​បទសម្ភាសន៍​ខាងក្រោម​៖

​លោក ជា ធី​រិ​ទ្ធ​៖ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃនេះ ឯកឧត្តម ពិតជា​បាន​សរសេរ​លិខិត​ទៅ​សម្តេច​ហ៊ុន សែន សុំចូល​ប្រទេស​កម្ពុជា ដើម្បី​បានធ្វើ​បុណ្យសព​ម្តាយក្មេក​មែន​ទេ​?

​ឯកឧត្តម សម រង្ស៊ី​៖ (​សំឡេង​ខ្សាវៗ និង​ទំនង​បែប​សោកសៅ​) ខ្ញុំ​សុំទោស​! ខ្ញុំ​មិនអាច​អត្ថាធិប្បាយ​អ្វី​នោះទេ​ចំពោះ​បញ្ហា​នេះ ព្រោះ​វា​ជា​រឿង​គ្រួសារ មិនមែនជា​រឿង​នយោបាយ​នោះទេ​។​

​លោក ជា ធី​រិ​ទ្ធ​៖ តែ​ឯក​ឧ​ត្ត​ម ប្រជាពលរដ្ឋ អ្នកតាមដាន​នយោបាយ​នៅ​កម្ពុជា ពិតជា​ចង់បាន​ការបកស្រាយរ​បស់​ឯកឧត្តម​បន្ថែម​មែនទែន​ជុំវិញ​លិខិត​អន្តរាគមន៍​នេះ​។​

ឯកឧត្តម សម រង្ស៊ី​៖ ខ្ញុំ​បាន​និយាយ​ហើយ​ថា ខ្ញុំ​មិន​ចង់​អត្ថាធិប្បាយ​អ្វី​នោះទេ​។​

លោក ជា ធី​រិ​ទ្ធ​៖ យ៉ាងណា សហការី​ឯកឧត្តម នៅក្នុង​ប្រទេស​កម្ពុជា​ឯណេះ​វិញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ហើយ​ថា ឯកឧត្តម​ពិតជា​បាន​សរសេរ​លិខិត​ទៅ​សម្តេច ហ៊ុន សែន មែន នៅថ្ងៃនេះ ដើម្បី​អន្តរាគមន៍​ឲ្យ​ឯកឧត្តម បាន​ចូល​ប្រទេស​កម្ពុជា គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យសព​ម្តាយក្មេក​។ តើ​ឯកឧត្តម​យល់ស្រប​នឹង​សហការី​ឯកឧត្តម​ទេ​?

​ឯកឧត្តម សម រង្ស៊ី​៖ ហ្នឹងហើយ សហការី​ខ្ញុំ​បកស្រាយ​ក៏​បកស្រាយ​ចុះ ទុក​ឲ្យ​ពួកគេ​និយាយ​ចុះ តែ​ខ្ញុំ​មិន​អត្ថាធិប្បាយ​បន្ថែម​ទេ​។​

​លោក ជា ធី​រិ​ទ្ធ​៖ ចុះ​ឯកឧត្តម​ចង់​ចូលរួម​បុណ្យសព​ម្តាយក្មេក​របស់លោក​ណាស់​មែន​ទេ​?

​ឯកឧត្តម សម រង្ស៊ី​៖ បាទ​ជា​ការពិតហើយ ខ្ញុំ​ពិតជា​ចង់ ចូលរួម​បុណ្យសព​ម្តាយក្មេក​របស់ខ្ញុំ ក្នុងឋានៈ​ខ្ញុំ​ជា​កូន ខ្ញុំ​តែងតែ​គោរព​ប្រតិបត្តិ​គាត់​ទាំងពី​គាត់​នៅមាន​ជីវិត និង​គោរព​ទោះបី​លោក​លាចាក​លោក​ក្តី ព្រោះ​ខ្ញុំ​ជា​ខ្មែរ និង​កាន់​ព្រះពុទ្ធសាសនា​។

លោក ជា ធី​រិ​ទ្ធ​៖ តើ​ឯកឧត្តម​សង្ឃឹមថា សម្តេច ហ៊ុន សែន នឹង​អន្តរាគមន៍​ឲ្យ​ឯកឧត្តម បាន​ចូល​ប្រទេស​កម្ពុជា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ម្តាយ​ក្មេក​ឬទេ​?

​ឯកឧត្តម សម រង្ស៊ី​៖ វា​ជា​កាតព្វកិច្ច ដែល​ខ្ញុំ​ត្រូវគោរព​វិញ្ញាណក្ខន្ធ​ម្តាយ​របស់ខ្ញុំ​។ តែ​ខ្ញុំ​មិនទាន់​អាច​និយាយថា ខ្ញុំ​នឹង​គោរព​វិញ្ញាណក្ខន្ធ​ម្តាយ​ខ្ញុំ តាមរបៀប​ណា​ទេ​៕


Tag:
 សម រង្ស៊ី​
 ​ ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com