កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយជាប់ពិន័យជាង១ឆ្នាំ ឥណ្ឌូនេស៊ីឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ AFF Suzuki Cup
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានបង្ហាញពីស្មារតីឆ្ពោះទៅមុខក្នុងការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ ដោយបានវាយបកសិង្ហបុរី ដើម្បីទទួលបានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូល A ជាមួយថៃ។
ជាង១ឆ្នាំកន្លងមក សកម្មភាពបាល់ទាត់នៅឥណ្ឌូនេស៊ី ត្រូវបានហាមឃាត់ បន្ទាប់សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសនេះ ត្រូវសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់ពិន័យ ដោយសារតែមានការជ្រៀតជ្រែងពីរដ្ឋាភិបាល។ បន្ទាប់ពីឆ្លងផុតការពិន័យ ក្រុមឥណ្ឌូនេស៊ី បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ដោយទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុងពូល A ហើយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមកំពូលតារាងថៃ។
នាការប្រកួតចុងក្រោយនៅក្នុងពូល A កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា នៅកីឡដ្ឋាន Rizal Memorial Stadium ក្នុងទីក្រុងម៉ានីល Andik Vermansyah និង Stefano Lilipaly បានស៊ុតបាល់បញ្ចលទីនៅក្នុងតង់ទីពីរ តាមវាយបកសិង្ហបុរី ដែលនាំមុខដោយ Khairul Amri នៅក្នុងតង់ទីមួយ។
ជាមួយនឹងជ័យជម្នះ ២-១ លើម្ចាស់ជើងឯក៤ជំនាន់សិង្ហបុរី ក្រុមឥណ្ឌូនេស៊ី ដែលធ្លាប់រងជើងឯក៤លើកផងដែរនោះ ទទួលបាន៤ពិន្ទុ ពីការប្រកួត២លើកនៅក្នុងពូល បន្ទាប់ពីចាញ់ថៃ ៤-២ និងស្មើម្ចាស់ផ្ទះហ្វីលីពីន ២-២ ។
ថៃដែលជាម្ចាស់ការពារជើងឯក បានធ្វើឲ្យម្ចាស់ផ្ទះហ្វីលីពីនខកចិត្តនាជំនួបនៅកីឡដ្ឋាន Philippine Sports Stadium ក្រុង Bocaue ដោយ Sarawut Masuk បានស៊ុតបាល់បញ្ចូលទីនៅ១០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត ដោយនាំឲ្យថៃ មាន៩ពិន្ទុពីការប្រកួតទាំង៣លើកនៅក្នុងពូល។
ម្ចាស់ផ្ទះហ្វីលីពីន មានត្រឹមតែ២ពិន្ទុ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៣ រីឯសិង្ហបុរី មាន១ពិន្ទុ ត្រឡប់ទៅផ្ទះវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com