កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី ត្រូវការ​ឈ្នះ​ជាដាច់ខាត ខណៈ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​នឹង​ទៅ​វគ្គ​បន្ត បើ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​
26, Nov 2016 , 12:38 pm        
រូបភាព
ដោយ:
ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ក្រោយ​យកឈ្នះ​កម្ពុជា ៣-១ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា កន្លងទៅ ក្រុម​នេះ​ត្រូវ​តទល់ ជាមួយ​ក្រុម​ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ដើម្បី​ប្រជែង​គ្នា​ឡើងទៅ​កាន់​វគ្គ​១/២​នៃ​ពានរង្វាន់ AFF Suzuki Cup តំណាង​ពូ​ល​B​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា គ្រូបង្វឹក​មី​យ៉ាន់​ម៉ា បាន​ទ​ទូល​ស្គាល់​ថា ម៉ាឡេស៊ី​ជា​ក្រុម​មួយ​ដែលមាន​សមត្ថភាព​ខ្លាំង ប៉ុន្តែ​លោក​នឹង​ព្យាយាម​យកឈ្នះ​ក្រុម​នេះ​។ 


​ទោះបីជា លោក Gerd Zeise គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ទទួលស្គាល់ថា ម៉ាឡេស៊ី​ជា​ក្រុម​មួយ​សម្បូរ​ទៅដោយ​អ្នកខ្លាំង​យ៉ាងណាក៏ដោយ ប៉ុន្តែ​លោក​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​យកជ័យ​ជម្នះ​លើ​ក្រុម​មួយ​នេះ​ក្នុងជំនួប​ចុងក្រោយ​នា​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា​។ ការប្រកួត​នេះ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ស្វិតស្វាញ​បំផុត ព្រោះ​វា​ជាការ​ប្រកួត​សម្រេច​ថា តើ​ក្រុម​មួយណា​ក្នុងចំណោម​ក្រុម​ទាំងពីរ​ដែល​អាច​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup ជាមួយ​ក្រុម​វៀតណាម​តំណាង​ឲ្យ​ពូ​ល B​។​

​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី​នេះដែរ ក្រុម​មី​យ៉ាន់​ម៉ា​ត្រូវការ​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ឡើងទៅ​កាន់​វគ្គ​បន្ត ពោល​គី​ប្រសិនបើ​ការប្រកួត​នៅ​យប់​នេះ​មិន​មានការ​ស៊ុត​បញ្ចូល​ទី ឬ​ស្មើ​ក្នុង​លទ្ធផល​ណាមួយ​នោះ​ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​នឹង​ឡើងទៅ​កាន់​ជុំ​បន្ត​។ ប៉ុន្តែ​លោក Gerd Zeise យល់ឃើញថា ប្រសិនបើ​លេង​ផ្តោតទៅលើ​តែ​លទ្ធផល​ស្មើ​នោះ អាន​នឹង​ចាញ់​គូប្រជែង​។

​ក្នុង​សន្និសីទ​សារ​ព័ន្ធ​សារព័ត៌មាន​មុន​ការប្រកួត​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា គ្រូបង្វឹក​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​មិនអាច​រំពឹង​តែ​ទទួលបាន​ពិន្ទុ​នោះទេ ប្រសិន​កីឡាករ​លេង​រំពឹង​តែ​១​ពិន្ទុ អ្នកនឹង​ចាញ់​។ យើង​នឹង​ព្យាយាម​ក្នុងការ​យកឈ្នះ​។ ប្រសិនបើ​យើង​លេង​ដើម្បី​តែ​១​ពិន្ទុ​យើង​នឹង​អាច​ធ្លាក់ នេះ​ជា​អ្វីដែល​យើង​មិន​ចង់បាន​។ ក្រុម​ម៉ាឡេស៊ី​ខុសពី​ក្រុម​កម្ពុជា ពួកគេ​មាន​កីឡាករ​ជើង​ខ្លាំង​ច្រើន ដូច្នេះ​យើង​នឹង​ស្វែង​ផ្លូវ​មួយ​ដ៏​ល្អ​មួយ​នៅថ្ងៃនេះ​»​។ 

​លោក​បន្ថែមទៀតថា​៖«​ពេល​ខ្ញុំ​គិតពី​ទម្រង់​លេង​របស់​ម៉ាឡេស៊ី​ក្នុងជំនួប​ជាមួយ​វៀតណាម​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​មែនទែន ពួកគេ​មាន​សមត្ថ​ភាពខ្លាំង ខុសពី​ក្រុម​ដែល​យើង​ធ្លាប់​ជួប​ក្នុងជំនួប​មិត្តភាព​កាលពីដើម​ឆ្នាំនេះ​។ វា​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តានតឹង និង​ស្វិតស្វាញ​បំផុត ព្រោះ​វា​ជា​អាយុជីវិត​របស់​ក្រុម​ក្នុងការ​ឡើងទៅ​ជុំ​បន្ត យើង​មិន​ធ្លាក់​នៅពេល​នោះទេ​»​។
​ជាមួយគ្នានេះ លោក Ong Kim Swee គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី​បានបញ្ជាក់​ថា សម្រាប់​ការប្រកួត​នៅថ្ងៃនេះ​ក្រុម​ទាំងពីរ​ហាក់ដូចជា​ត្រូវការ​លទ្ធផល​ខុសគ្នា ពោលគឺ​ក្រុម​ម៉ាឡេស៊ី​ត្រូវ​ឈ្នះ​ដាច់ខាត​ក្នុងជំនួប​មួយ​នេះ​ដើម្បី​មាន​សិទ្ធ​ទៅ​ជុំ​បន្ត ខណៈ​ក្រុម​មី​យ៉ាន់​ម៉ា​ត្រឹមតែ​លទ្ធផល​ស្មើនឹង​បាន​ឡើងទៅ​វគ្គ​បន្ត​។

​លោក​បាន​បន្តទៀតថា​៖«​យើង​ដឹង​ហើយ​ថា​មី​យ៉ាន់​ម៉ា​មាន​កីឡាករ​វ័យក្មេង​ដែលមាន​សមត្ថភាព​ខ្លាំង​ច្រើន ខ្ញុំ​ជឿជាក់​អ្វីដែល​ពួកគេ​បានបង្ហាញ​ក្នុង​ពីរ​ប្រកួត​នាពេល​កន្លងមក​ជាមួយ​ការសម្រេចចិត្ត​យ៉ាងច្បាស់​លាស់​របស់​ពួកគេ អាច​នឹងធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី US​។ ពេលខ្លះ​ការលេង​នៅលើ​ទឹកដី​ក្រុម​ម្ចាស់ផ្ទះ​តែងតែ​ទទួល​គុណសម្បត្តិ​ខុសពី​ក្រុម​ភ្ញៀវ​»​។

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup 2016 នៅ​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា មានការ​ប្រកួត​ចំនួន​ពីរ​គូ ក្នុងនោះ​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​ត្រូវ​តទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​កីឡាដ្ឋាន Thuwanna Stadium ខណៈ​ក្រុម​ក​ម្ព​ជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​វៀតណាម នៅ​កីឡាដ្ឋាន Wunna Theikdi​។ ការប្រកួត​ដែល​ធ្វើឡើង​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​នេះ​ចាប់ផ្តើម​នា​វេលា​ម៉ោង​៦​និង​៣០​ល្ងាច​នេះ​៕


Tag:
 បាល់ទាត់​
  AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com