កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី ត្រូវការឈ្នះជាដាច់ខាត ខណៈម្ចាស់ផ្ទះមីយ៉ាន់ម៉ានឹងទៅវគ្គបន្ត បើបញ្ចប់ក្នុងលទ្ធផលស្មើ
× ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោយយកឈ្នះកម្ពុជា ៣-១ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ ក្រុមនេះត្រូវតទល់ ជាមួយក្រុមម៉ាឡេស៊ី នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គ១/២នៃពានរង្វាន់ AFF Suzuki Cup តំណាងពូលB។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៥ ខែវិច្ឆិកា គ្រូបង្វឹកមីយ៉ាន់ម៉ា បានទទូលស្គាល់ថា ម៉ាឡេស៊ីជាក្រុមមួយដែលមានសមត្ថភាពខ្លាំង ប៉ុន្តែលោកនឹងព្យាយាមយកឈ្នះក្រុមនេះ។
ទោះបីជា លោក Gerd Zeise គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ាទទួលស្គាល់ថា ម៉ាឡេស៊ីជាក្រុមមួយសម្បូរទៅដោយអ្នកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែលោកបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការយកជ័យជម្នះលើក្រុមមួយនេះក្នុងជំនួបចុងក្រោយនាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា។ ការប្រកួតនេះនឹងក្លាយជាជំនួបមួយដ៏ស្វិតស្វាញបំផុត ព្រោះវាជាការប្រកួតសម្រេចថា តើក្រុមមួយណាក្នុងចំណោមក្រុមទាំងពីរដែលអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup ជាមួយក្រុមវៀតណាមតំណាងឲ្យពូល B។
សម្រាប់ការប្រកួតជាមួយក្រុមម៉ាឡេស៊ីនេះដែរ ក្រុមមីយ៉ាន់ម៉ាត្រូវការតែមួយពិន្ទុប៉ុណ្ណោះក្នុងឡើងទៅកាន់វគ្គបន្ត ពោលគីប្រសិនបើការប្រកួតនៅយប់នេះមិនមានការស៊ុតបញ្ចូលទី ឬស្មើក្នុងលទ្ធផលណាមួយនោះក្រុមម្ចាស់ផ្ទះមួយនេះនឹងឡើងទៅកាន់ជុំបន្ត។ ប៉ុន្តែលោក Gerd Zeise យល់ឃើញថា ប្រសិនបើលេងផ្តោតទៅលើតែលទ្ធផលស្មើនោះ អាននឹងចាញ់គូប្រជែង។
ក្នុងសន្និសីទសារព័ន្ធសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី២៥ ខែវិច្ឆិកា គ្រូបង្វឹករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«អ្នកមិនអាចរំពឹងតែទទួលបានពិន្ទុនោះទេ ប្រសិនកីឡាករលេងរំពឹងតែ១ពិន្ទុ អ្នកនឹងចាញ់។ យើងនឹងព្យាយាមក្នុងការយកឈ្នះ។ ប្រសិនបើយើងលេងដើម្បីតែ១ពិន្ទុយើងនឹងអាចធ្លាក់ នេះជាអ្វីដែលយើងមិនចង់បាន។ ក្រុមម៉ាឡេស៊ីខុសពីក្រុមកម្ពុជា ពួកគេមានកីឡាករជើងខ្លាំងច្រើន ដូច្នេះយើងនឹងស្វែងផ្លូវមួយដ៏ល្អមួយនៅថ្ងៃនេះ»។
លោកបន្ថែមទៀតថា៖«ពេលខ្ញុំគិតពីទម្រង់លេងរបស់ម៉ាឡេស៊ីក្នុងជំនួបជាមួយវៀតណាមធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលមែនទែន ពួកគេមានសមត្ថភាពខ្លាំង ខុសពីក្រុមដែលយើងធ្លាប់ជួបក្នុងជំនួបមិត្តភាពកាលពីដើមឆ្នាំនេះ។ វានឹងក្លាយជាជំនួបមួយដ៏តានតឹង និងស្វិតស្វាញបំផុត ព្រោះវាជាអាយុជីវិតរបស់ក្រុមក្នុងការឡើងទៅជុំបន្ត យើងមិនធ្លាក់នៅពេលនោះទេ»។
ជាមួយគ្នានេះ លោក Ong Kim Swee គ្រូបង្វឹកក្រុមម៉ាឡេស៊ីបានបញ្ជាក់ថា សម្រាប់ការប្រកួតនៅថ្ងៃនេះក្រុមទាំងពីរហាក់ដូចជាត្រូវការលទ្ធផលខុសគ្នា ពោលគឺក្រុមម៉ាឡេស៊ីត្រូវឈ្នះដាច់ខាតក្នុងជំនួបមួយនេះដើម្បីមានសិទ្ធទៅជុំបន្ត ខណៈក្រុមមីយ៉ាន់ម៉ាត្រឹមតែលទ្ធផលស្មើនឹងបានឡើងទៅវគ្គបន្ត។
លោកបានបន្តទៀតថា៖«យើងដឹងហើយថាមីយ៉ាន់ម៉ាមានកីឡាករវ័យក្មេងដែលមានសមត្ថភាពខ្លាំងច្រើន ខ្ញុំជឿជាក់អ្វីដែលពួកគេបានបង្ហាញក្នុងពីរប្រកួតនាពេលកន្លងមកជាមួយការសម្រេចចិត្តយ៉ាងច្បាស់លាស់របស់ពួកគេ អាចនឹងធ្វើឲ្យមានការចាប់អារម្មណ៍ពី US។ ពេលខ្លះការលេងនៅលើទឹកដីក្រុមម្ចាស់ផ្ទះតែងតែទទួលគុណសម្បត្តិខុសពីក្រុមភ្ញៀវ»។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា មានការប្រកួតចំនួនពីរគូ ក្នុងនោះក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាត្រូវតទល់ជាមួយក្រុមម៉ាឡេស៊ី នៅកីឡាដ្ឋាន Thuwanna Stadium ខណៈក្រុមកម្ពជាត្រូវជួបប្រកួតជាមួយក្រុមវៀតណាម នៅកីឡាដ្ឋាន Wunna Theikdi។ ការប្រកួតដែលធ្វើឡើងនៅលើទឹកដីមីយ៉ាន់ម៉ានេះចាប់ផ្តើមនាវេលាម៉ោង៦និង៣០ល្ងាចនេះ៕
Tag:
បាល់ទាត់
AFF Suzuki Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com