កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសបាល់ទាត់ Maradona ចាត់ទុកមេបដិវត្តន៍គុយបា ហ្វីដែល កាស្ត្រូ ជាឪពុកទីពីរ
× សម្រាប់វីរបុរសបាល់ទាត់អាសង់ទីន Diego Maradona អតីតមេដឹកនាំបដិវត្តន៍គុយបា ហ្វីដែល កាស្ត្រូ (Fidel Castro) មិនត្រឹមតែជាមិត្តប៉ុណ្ណោះឡើយ។ ប៉ុន្តែ ទំនាក់ទំនងរបស់វីរបុរសទាំងពីរ គឺមានលើសពីមិត្តភាព ដោយលោក Maradona បានចាត់ទុកមេបដិវត្តន៍កាស្ត្រូ ដែលគ្រប់គ្រងគុយបាកន្លះសតវត្សរ៍ ជាឪពុកទីពីរទៀតផង។
កីឡាករបាល់ទាត់អាសង់ទីន Diego Maradona បានរម្លឹកពីពេលវេលាដែលធ្លាប់រស់នៅគុយបា និងមិត្តភាពជិតស្និទ្ធរវាងលោក និងអតីតប្រធានាធិបតីគុយបា ហ្វីដែល កាស្ត្រូ ដែលបានស្លាប់នៅថ្ងៃទី២៦ ខែវិច្ឆិកា។ Maradona ក៏បានបង្ហាញពីការសាកស្ដាយចំពោះការបាត់បង់បុគ្គលដែលលោកចាត់ទុកដួចជាឪពុករបស់លោក។
នៅក្នុងបទសម្ភាសន៍មួយក្នុងទីក្រុង Zagreb ប្រទេសក្រូអាស៊ី អតីតកីឡាករបាល់ទាត់វ័យ៥៦ឆ្នាំរូបនេះនិយាយថា៖ «ក្រោយទទួលដំណឹងមរណភាពរបស់លោក កាស្ត្រូ ខ្ញុំយំមិនឈប់ទេ។ គាត់ដូចជាឪពុកទីពីររបស់ខ្ញុំអ៊ីចឹង»។ លោក Maradona ដែលបានសាក់រូបលោក កាស្ត្រូ នៅលើជើងរបស់លោកបានក៏បានរម្លឹកពីការចំណាយពេលបួនឆ្នាំនៅគុយបា ដើម្បីព្យាបាលការញៀនថ្នាំ។
«ខ្ញុំចង់អរគុណលោក កាស្ត្រូ ចំពោះរឿងគ្រប់យ៉ាង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក Maradona ដែលចេញផ្សាយដោយសារព័តមានរដ្ឋចិន CCTV ។ វីរបុរសកីឡាបាល់ទាត់អាសង់ទីនបានរស់នៅក្នុងរដ្ឋធានីឡាហាវ៉ាន ដើម្បីទទួលឲ្យក្រុមគ្រូពេទ្យគុយបាព្យាបាលជម្ងឺញៀនថ្នាំ។ លោក Maradona បញ្ជាក់ថា លោកកាស្ត្រូ បានបើកទ្វារស្វាគមន៍លោក ព្រោះមន្ទីរពេទ្យនៅអាសង់ទីន មិនទទួលលោកឡើយ។
សូមរម្លឹកថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ទូរទស្សន៍រដ្ឋគុយបាបានផ្សាយថា លោក ហ្វីដែល កាស្ត្រូ អតីតប្រធានាធិបតី និងជាមេដឹកនាំបដិវត្តកុំម្មុយនីស្តគុយបា បានទទួលទទួលមរណភាពហើយក្នុងអាយុ៩០ឆ្នាំ។ លោក ហ្វីដែល កាស្ត្រូ បានដឹកនាំគុយបាចាប់តាំងពីឆ្នាំ១៩៥៩មក ដោយកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ១៩៧៦ ហើយបន្ទាប់មកជាប្រធានាធិបតីរហូតដល់ឆ្នាំ២០០៨។
ដោយសារធ្លាក់ខ្លួនឈឺកាន់តែខ្លាំងនៅឆ្នាំ២០០៤ លោកបានប្រកាសផ្ទេរតំណែងទៅឲ្យប្អូនប្រុសបង្កើតរបស់ខ្លួន គឺលោក រ៉ាអ៊ូល កាស្ត្រូ ដែលបានកាន់អំណាចចាប់ពីឆ្នាំ២០០៨មក៕
Tag:
Diego Maradona
Fidel Castro
© រក្សាសិទ្ធិដោយ thmeythmey.com