កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​បាល់ទាត់ Maradona ចាត់ទុក​មេ​បដិវត្តន៍​គុយបា ហ្វី​ដែល កា​ស្ត្រូ ជា​ឪពុក​ទី​ពីរ​
27, Nov 2016 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​វីរបុរស​បាល់ទាត់​អាស​ង់​ទីន Diego Maradona អតីត​មេដឹកនាំ​បដិវត្តន៍​គុយបា ហ្វី​ដែល កា​ស្ត្រូ (Fidel Castro) មិន​ត្រឹមតែ​ជា​មិត្ត​ប៉ុណ្ណោះ​ឡើយ​។ ប៉ុន្តែ ទំនាក់ទំនង​របស់​វីរបុរស​ទាំងពីរ គឺមាន​លើសពី​មិត្តភាព ដោយ​លោក Maradona បានចាត់ទុក​មេ​បដិវត្តន៍​កា​ស្ត្រូ ដែល​គ្រប់គ្រង​គុយបា​កន្លះ​សតវត្សរ៍ ជា​ឪពុក​ទី​ពីរ​ទៀតផង​។


កីឡាករ​បាល់ទាត់​អា​សង់​ទីន Diego Maradona បាន​រម្លឹក​ពី​ពេលវេលា​ដែល​ធ្លាប់​រស់នៅ​គុយបា និង​មិត្តភាព​ជិតស្និទ្ធ​រវាង​លោក និង​អតីត​ប្រធានាធិបតី​គុយបា ហ្វី​ដែល កា​ស្ត្រូ ដែល​បាន​ស្លាប់​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា​។ Maradona ក៏បាន​បង្ហាញ​ពី​ការ​សាក​ស្ដាយ​ចំពោះ​ការបាត់បង់​បុគ្គល​ដែល​លោក​ចាត់ទុក​ដួច​ជា​ឪពុក​របស់លោក​។

​នៅក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ទីក្រុង Zagreb ប្រទេស​ក្រូ​អាស៊ី អតីត​កីឡាករ​បាល់ទាត់​វ័យ​៥៦​ឆ្នាំ​រូបនេះ​និយាយថា​៖ «​ក្រោយ​ទទួលដំណឹង​មរណភាព​របស់លោក កា​ស្ត្រូ ខ្ញុំ​យំ​មិន​ឈប់​ទេ​។ គាត់​ដូចជា​ឪពុក​ទី​ពីរ​របស់ខ្ញុំ​អ៊ីចឹង​»​។ លោក Maradona ដែល​បាន​សាក់​រូបលោក កា​ស្ត្រូ នៅលើ​ជើង​របស់លោក​បាន​ក៏បាន​រម្លឹក​ពី​ការចំណាយ​ពេល​បួន​ឆ្នាំ​នៅ​គុយបា ដើម្បី​ព្យាបាល​ការ​ញៀន​ថ្នាំ​។

«​ខ្ញុំ​ចង់​អរគុណ​លោក កា​ស្ត្រូ ចំពោះ​រឿង​គ្រប់យ៉ាង​។​» នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Maradona ដែល​ចេញផ្សាយ​ដោយសារ​ព័ត​មាន​រដ្ឋ​ចិន CCTV ។ វីរបុរស​កីឡាបាល់ទាត់​អា​សង់​ទីន​បានរស់នៅ​ក្នុង​រដ្ឋធានី​ឡា​ហាវ៉ាន ដើម្បី​ទទួល​ឲ្យ​ក្រុមគ្រូពេទ្យ​គុយបា​ព្យាបាល​ជម្ងឺ​ញៀន​ថ្នាំ​។ លោក Maradona បញ្ជាក់ថា លោក​កា​ស្ត្រូ បាន​បើកទ្វារ​ស្វាគមន៍​លោក ព្រោះ​មន្ទីរពេទ្យ​នៅ​អា​សង់​ទីន មិន​ទទួល​លោក​ឡើយ​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ទូរទស្សន៍​រដ្ឋ​គុយបា​បាន​ផ្សាយ​ថា លោក ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី និង​ជា​មេដឹកនាំ​បដិវត្ត​កុំម្មុយនីស្ត​គុយបា បានទទួល​ទទួលមរណភាព​ហើយ​ក្នុង​អាយុ​៩០​ឆ្នាំ​។ លោក ហ្វី​ដែល កា​ស្ត្រូ បាន​ដឹកនាំ​គុយបា​ចាប់តាំងពី​ឆ្នាំ​១៩៥៩​មក ដោយ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​១៩៧៦ ហើយ​បន្ទាប់​មកជា​ប្រធានាធិបតី​រហូតដល់​ឆ្នាំ​២០០៨​។

​ដោយសារ​ធ្លាក់ខ្លួន​ឈឺ​កាន់តែខ្លាំង​នៅ​ឆ្នាំ​២០០៤ លោក​បានប្រកាស​ផ្ទេរតំណែង​ទៅ​ឲ្យ​ប្អូនប្រុស​បង្កើត​របស់ខ្លួន គឺ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​បាន​កាន់អំណាច​ចាប់ពី​ឆ្នាំ​២០០៨​មក​៕ 


Tag:
 Diego Maradona
  Fidel Castro
© រក្សាសិទ្ធិដោយ thmeythmey.com