អេ​ន​ឌី ឃុន លេចធ្លោ​នៅលើ​ឆាក La Voix Junior កាណាដា ទោះបី​មិនបាន​ពាន​ក៏ដោយ​

ជាតិ
តារាជាតិ
សិល្បះ
អេ​ន​ឌី ឃុន លេចធ្លោ​នៅលើ​ឆាក La Voix Junior កាណាដា ទោះបី​មិនបាន​ពាន​ក៏ដោយ​
28, Nov 2016 , 11:34 am         2805
រូបភាព
ដោយ: រួបរួម
​អេ​ន​ឌី ឃុន (Andy Khun) កូនប្រុស​របស់​អ្នកចម្រៀង​ជើងចាស់ ឃុន វណ្ណា ដែល​បច្ចុប្បន្ន​រស់នៅក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពី​ពិភពលោក «La Voix Junior» ឬ «The Voice Kids» ដែល​រៀបចំ​ដោយ​ទូរទស្សន៍ TVA របស់​កាណាដា​។ ជា​លទ្ធផល Charles នៃ​ក្រុម​លោក Alex Nevsky ក្លាយជា​ម្ចាស់​ពាន ដោយ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ច្រើនជាង អេ​ន​ឌី និង​បេក្ខជន​នៃ​ក្រុម​របស់ Marie-Mai​។​


​នៅក្នុង​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ អេ​ន​ឌី បាន​បកស្រាយ​បទ «Hymne à la beauté du monde» របស់ Diane Dufresne និង​បទ «I Believe I Can Fly» របស់ R. Kelly​។ បេក្ខជន​វ័យ​១១​ឆ្នាំ​រូបនេះ ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង Rafaël Dolan-Bachand ដែល​ស្ថិតនៅក្នុង​ក្រុម​របស់ លោក Marc Dupré​។​

​សម្រាប់​បេក្ខជន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ អេ​ន​ឌី ជា​តំណាង​របស់​ក្រុម​លោក Marc Dupré បេក្ខជន​ដើមកំណើត​គុយបា Zion-Luna និង Camila Ribeaux Valdes តំណាង​ឲ្យ​ក្រុម​របស់ Marie-Mai ខណៈ Charles Kardos តំណាង​ឲ្យ​ក្រុម​លោក Alex Nevsky​។​



​ជា​លទ្ធផល Charles Kardos អាយុ​១៣​ឆ្នាំ នៃ​ក្រុម​របស់លោក Alex Nevsky ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ពី​ទស្សនិកជន ហើយ​ក្លាយជា​ម្ចាស់​ពាន La Voix Junior របស់​កាណាដា ប្រចាំឆ្នាំ​២០១៦ នេះ​។​

​ទោះបីជា​មិន​ទទួលបាន​ពាន​ក៏ដោយ ប៉ុន្តែ​នេះ​ជា​មោទកភាព​មួយ​សម្រាប់ អេ​ន​ឌី ឃុន ដែលជា​កូនប្រុស​របស់​អ្នកស្រី ឃុន វណ្ណា តារាចម្រៀង​ឆ្នើម​កាលពី​ចុង​ទសវត្សរ៍​១៩៨០ និង​បច្ចុប្បន្ន​រស់នៅក្នុង​ក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​។ គេ​បាន​យកឈ្នះ​គូប្រជែង​ជាច្រើន ហើយ​បាន​សិក្សា​បទពិសោធន៍​ពី​តារាចម្រៀង​ល្បីៗ ជាពិសេស Celine Dion​។​

​នៅ​វគ្គ​ដំបូង Auditions à l'aveugle (Blind Audition) អេ​ន​ឌី បាន​បកស្រាយ​បទ «Hallelujah» របស់លោក Leonard Cohen ហើយ​ត្រូវបាន​គ្រូបង្វឹក​ទាំងបី​ចុច​ប៊ូ​តង់​បង្វិល​កៅអី​ដណ្តើមយក​រូបគេ ហើយ អេ​ន​ឌី បានជ្រើសរើស​យក​លោក Marc​។​

​អេ​ន​ឌី ត្រូវបាន​លោក Marc Dupré ជ្រើសរើស​ទៅកាន់​វគ្គ Chants de Bataille (Battle Round) បន្ទាប់ពី​គេ​បាន​បកស្រាយ​បទ​ចម្រៀង I’ll Be There របស់ Michael Jackson ជាមួយ​គូប្រជែង​ពីរ​នាក់​ផ្សេងទៀត គឺ Camelia Zaki និង Zoe Daferuru នៅ​វគ្គ​ជម្រុះ Duels​។​

​នៅ​វគ្គ Chants de Bataille អេ​ន​ឌី បាន​បកស្រាយ​បទ « «L'oiseau» ហើយ​បាន​បោះជំហាន​មកកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Rafaël Dolan-Bachand ក្នុង​ក្រុម​របស់លោក Marc​។ ក្រោយ​ការបកស្រាយ​បទ «Hymne à la beauté du monde» របស់ Diane Dufresne និង​បទ «I Believe I Can Fly» របស់ R. Kelly អេ​ន​ឌី ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង Rafaël Dolan-Bachand ប៉ុន្តែ​មិន​ឱកាស​ដណ្តើមបាន​ពាន​ឡើយ ដោយ Charles នៃ​ក្រុម​របស់លោក Alex ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​៕

​មើល​សមត្ថភាព​របស់ អេ​ន​ឌី និង​បេក្ខជន​ដទៃទៀត សូម​ចូលទៅ​កាន់​៖
http://tva.canoe.ca/emissions/la-voix-junior/emissions-timeline/emissions?ordre=desc


Tag:
 La Voix Junior
  Andy Khun
  The Voice Kids Canada
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev1234next
27 Feb 2017