ជាតិ
សិល្បះ
អេនឌី ឃុន លេចធ្លោនៅលើឆាក La Voix Junior កាណាដា ទោះបីមិនបានពានក៏ដោយ
× អេនឌី ឃុន (Andy Khun) កូនប្រុសរបស់អ្នកចម្រៀងជើងចាស់ ឃុន វណ្ណា ដែលបច្ចុប្បន្នរស់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពីពិភពលោក «La Voix Junior» ឬ «The Voice Kids» ដែលរៀបចំដោយទូរទស្សន៍ TVA របស់កាណាដា។ ជាលទ្ធផល Charles នៃក្រុមលោក Alex Nevsky ក្លាយជាម្ចាស់ពាន ដោយទទួលបានការបោះឆ្នោតគាំទ្រច្រើនជាង អេនឌី និងបេក្ខជននៃក្រុមរបស់ Marie-Mai។
នៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ អេនឌី បានបកស្រាយបទ «Hymne à la beauté du monde» របស់ Diane Dufresne និងបទ «I Believe I Can Fly» របស់ R. Kelly។ បេក្ខជនវ័យ១១ឆ្នាំរូបនេះ ទទួលបានសំឡេងគាំទ្រច្រើនជាង Rafaël Dolan-Bachand ដែលស្ថិតនៅក្នុងក្រុមរបស់ លោក Marc Dupré។
សម្រាប់បេក្ខជននៅវគ្គផ្តាច់ព្រ័ត្រ អេនឌី ជាតំណាងរបស់ក្រុមលោក Marc Dupré បេក្ខជនដើមកំណើតគុយបា Zion-Luna និង Camila Ribeaux Valdes តំណាងឲ្យក្រុមរបស់ Marie-Mai ខណៈ Charles Kardos តំណាងឲ្យក្រុមលោក Alex Nevsky។
ជាលទ្ធផល Charles Kardos អាយុ១៣ឆ្នាំ នៃក្រុមរបស់លោក Alex Nevsky ទទួលបានសំឡេងគាំទ្រច្រើនជាងគេពីទស្សនិកជន ហើយក្លាយជាម្ចាស់ពាន La Voix Junior របស់កាណាដា ប្រចាំឆ្នាំ២០១៦ នេះ។
ទោះបីជាមិនទទួលបានពានក៏ដោយ ប៉ុន្តែនេះជាមោទកភាពមួយសម្រាប់ អេនឌី ឃុន ដែលជាកូនប្រុសរបស់អ្នកស្រី ឃុន វណ្ណា តារាចម្រៀងឆ្នើមកាលពីចុងទសវត្សរ៍១៩៨០ និងបច្ចុប្បន្នរស់នៅក្នុងក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ គេបានយកឈ្នះគូប្រជែងជាច្រើន ហើយបានសិក្សាបទពិសោធន៍ពីតារាចម្រៀងល្បីៗ ជាពិសេស Celine Dion។
នៅវគ្គដំបូង Auditions à l'aveugle (Blind Audition) អេនឌី បានបកស្រាយបទ «Hallelujah» របស់លោក Leonard Cohen ហើយត្រូវបានគ្រូបង្វឹកទាំងបីចុចប៊ូតង់បង្វិលកៅអីដណ្តើមយករូបគេ ហើយ អេនឌី បានជ្រើសរើសយកលោក Marc។
អេនឌី ត្រូវបានលោក Marc Dupré ជ្រើសរើសទៅកាន់វគ្គ Chants de Bataille (Battle Round) បន្ទាប់ពីគេបានបកស្រាយបទចម្រៀង I’ll Be There របស់ Michael Jackson ជាមួយគូប្រជែងពីរនាក់ផ្សេងទៀត គឺ Camelia Zaki និង Zoe Daferuru នៅវគ្គជម្រុះ Duels។
នៅវគ្គ Chants de Bataille អេនឌី បានបកស្រាយបទ « «L'oiseau» ហើយបានបោះជំហានមកកាន់វគ្គផ្តាច់ព្រ័ត្រជាមួយ Rafaël Dolan-Bachand ក្នុងក្រុមរបស់លោក Marc។ ក្រោយការបកស្រាយបទ «Hymne à la beauté du monde» របស់ Diane Dufresne និងបទ «I Believe I Can Fly» របស់ R. Kelly អេនឌី ទទួលបានសំឡេងគាំទ្រច្រើនជាង Rafaël Dolan-Bachand ប៉ុន្តែមិនឱកាសដណ្តើមបានពានឡើយ ដោយ Charles នៃក្រុមរបស់លោក Alex ទទួលបានការគាំទ្រច្រើនជាងគេ៕
មើលសមត្ថភាពរបស់ អេនឌី និងបេក្ខជនដទៃទៀត សូមចូលទៅកាន់៖
http://tva.canoe.ca/emissions/la-voix-junior/emissions-timeline/emissions?ordre=desc
Tag:
La Voix Junior
Andy Khun
The Voice Kids Canada
© រក្សាសិទ្ធិដោយ thmeythmey.com