អន្តរជាតិ
ការសិក្សា​នៅ​ដា​ណឺ​ម៉ាក​៖ ចង់​ឲ្យ​ជីវិត​រីករាយ ព្យាយាម​ឃ្លាត​ពី​ហ្វេ​ស​ប៊ុ​ក​ពេញ​១​សប្តាហ៍​
01, Jan 2017 , 10:00 pm        
រូបភាព
ដោយ: ធីតា
​គ្មាន​ហ្វេ​ស​ប៊ុ​ក គ្មាន​ភាព​រីករាយ​? ការសិក្សា​មួយ​របស់​វិទ្យាស្ថាន Happiness Research Institute ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​កូ​ប៉ិន​ហាក់ ប្រទេស​ដា​ណឺ​ម៉ាក បានបង្ហាញ​លទ្ធផល​ខុសពី​នេះ​។  ក្រុម​អ្នកស្រាវជ្រាវ​ដា​ណឺ​ម៉ាក​ដែល​ប្រទេស​រីករាយ​ជាងគេ​នៅលើ​ពិភពលោក បាន​រកឃើញ​ពី​គុណវិបត្តិ​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម​។​



​ការសិក្សា​របស់​វិទ្យាស្ថាន Happiness Research Institute លើ​មនុស្ស​១០៩៥​នាក់ ដែល​រស់នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក បាន​បង្ហាញថា ៩៤​ភាគរយ បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ជា​រៀងរាល់ថ្ងៃ​។ ជាមួយគ្នា​នោះ ៨៦​ភាគរយ​តែងតែ​ឆែក​រក​ព័ត៌មាន (news feed)​តាម​ហ្វេ​ស​ប៊ុ​ក​ជាប្រចាំ   ៧៨​ភាគរយ​ចំណាយពេល​យ៉ាង​ណាស់​ជាង​៣០​នាទី​ក្នុង​១​ថ្ងៃ​លើ​ហ្វេ​ស​ប៊ុ​ក ៦១​ភាគរយ​ចូលចិត្ត​ចែករំលែក​រឿងរ៉ាវ​នៅលើ​ហ្វេ​ស​ប៊ុ​ក ហើយ​៦៩​ភាគរយ​ចូលចិត្ត​បង្ហោះ​រូបថត​នានា​។​

​បើទោះបីជា បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក ជា​ប្រភព​នៃ​ការផ្តល់​ព័ត៌មាន​ដ៏​អស្ចារ្យ​ក៏ដោយ ប៉ុន្តែ​ការសិក្សា​របស់​វិទ្យាស្ថាន​ដា​ណឺ​ម៉ាក ក៏​បង្ហាញ​លទ្ធផល​ផងដែរ​ថា ហ្វេ​ស​ប៊ុ​កបាន​ជិះ​ឥទ្ធិពល​អវិជ្ជមាន ជាពិសេស​ផ្នែក​អារម្មណ៍​របស់​មនុស្ស​ជាច្រើន​។​

​ការសិក្សា​ផ្តោតលើ​មនុស្ស​២​ក្រុម​ពោលគឺ​ក្រុម​ដែល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជាប្រចាំ និង​ក្រុម​ដែល​ឃ្លាតឆ្ងាយ​ពី​ហ្វេ​ស​ប៊ុ​ក​ពេញ​មួយ​សប្តាហ៍​។ ជា​លទ្ធផល បាន​បង្ហាញថា ក្រុម​ដែល​ឃ្លាត​ពី​ហ្វេ​ស​ប៊ុ​ក​១​សប្តាហ៍ មាន​៨៨​ភាគរយ ថា​រីករាយ ៨៤​ភាគរយ​ថា​ជីវិត​មានន័យ និង​មិនសូវមាន​កង្វល់​។​

​អ្នក​ដែល​សាកល្បង​រស់នៅ​ឆ្ងាយ​ពី​ហ្វេ​ស​ប៊ុ​កមួយ​សប្តាហ៍ បាន​អះអាង ពួកគេ​មិន​ត្រឹម​តែមាន​អារម្មណ៍​រីករាយ​ក្នុង​ជីវិត​នោះឡើយ ពួកគេ​ថែមទាំង​មាន​សកម្មភាព​ច្រើន​ក្នុងសង្គម​ពិតៗ​។ ពួកគេ​មិនសូវមាន​កំហឹង ដូច​ក្រុម​ដែល​និយម​លេង​ហ្វេ​ស​ប៊ុ​ក​នោះឡើយ​។​

​លោក Meik Wiking អគ្គនាយក​វិទ្យាស្ថាន Happiness Research Institute បាន​និយាយ​នៅក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត The Local ថា​៖ «​បើទោះបីជា​មនុ​ស្សមានភាព​រីករាយ​ខ្លាំង​ពេល​ឃ្លាតឆ្ងាយ​ពី​ហ្វេ​ស​ប៊ុ​ក​ក៏ដោយ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅតែ​បន្ត​ប្រឡូក​។ ដូចជា​ការជក់បារី​យ៉ាង​ដូច្នេះ​ដែរ យើង​ដឹងថា វា​មិនល្អ​ឡើយ ប៉ុន្តែ​មនុស្ស​នៅតែ​បន្ត​ជក់​ដដែល​»៕


Tag:
 ដា​ណឺ​ម៉ាក​
  ហ្វេ​ស​ប៊ុ​ក​
  Happiness Research Institute
© រក្សាសិទ្ធិដោយ thmeythmey.com