សិល្បៈអន្តរជាតិ
អន្តរជាតិ
ភាពយន្ត​ឯកសារ​ថ្មី​ឆ្លុះបញ្ចាំង​ពី​ការ​ងើបឡើង​វិញ​នៃ​ក្រុង Newtown បន្ទាប់ពី​មានការ​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា Sandy Hook
29, Nov 2016 , 7:39 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ អស់​រយៈពេល​បួន​ឆ្នាំ​ហើយ​ចាប់តាំងពី​កុមារ ២០​នាក់ និង​គ្រូបង្រៀន​ប្រាំមួយ​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ក្រុង Newtown រដ្ឋ Connecticut​។ អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ ផលិតករ​ភាពយន្ត​បាន​តាមដាន​សកម្មភាព​នានា​នៅក្នុង​ក្រុង និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​ក្រុង​នោះ ស្រប​ពេលដែល​ផលិតករ​ទាំងនោះ​ព្យាយាម​ស្វែងយល់ និង​ងើប​ចេញពី​សោកនាដកម្ម​បាញ់សម្លាប់​រង្គាល​នោះ​។ លោក David Byrd នៃ VOA បាន​រាយការណ៍​ពី​ភាពយន្ត​ឯកសារ​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា «Newtown» ដែល​នឹង​ចាក់ផ្សាយ​នៅតាម​រោងភាពយន្ត​នានា​ទូទាំង​សហរដ្ឋអាមេរិក​។​



​ភាពយន្ត​ឯកសារ «Newtown» ចាប់ផ្តើម​សាច់រឿង​ជាមួយនឹង​សំឡេង​គួរ​ឲ្យ​រន្ធត់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​សង្គ្រោះបន្ទាន់ ៩-១១ ដើម្បី​រាយការណ៍​ពី​ហេតុការណ៍​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា Sandy Hook ក្នុង​ក្រុង Newtown រដ្ឋ Connecticut​។​

​ក្រុង Newtown ដែលមាន​ប្រជាជន​ប្រមាណ ២​ម៉ឺន​៨​ពាន់​នាក់ ធ្លាប់មាន​ករណី​សម្លាប់​មនុស្ស​តែមួយ​ករណី​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១០​ឆ្នាំ​មកនេះ មុន​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១២​។ នា​ថ្ងៃនោះ ក្រុង Newtown គឺជា​កន្លែង​ដែល​កើតមាន​ហេតុការណ៍​ឃាតកម្ម​ដ៏​អាក្រក់​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដោយ​កុមារ ២០​នាក់ និង​មនុស្សពេញវ័យ​ប្រាំមួយ​នាក់ ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​អាយុ ២០​ឆ្នាំ Adam Lanza​។​

​ភាពយន្ត​ឯកសារ​ថ្មី​នោះ​បង្ហាញ​ពី​ការសម្ភាស​ផ្ទាល់​ជាមួយនឹង​សមាជិក​មួយចំនួន​នៃ​គ្រួសារ​ជនរងគ្រោះ អ្នកជិតខាង និង​អ្នក​រួម​ការងារ ដើម្បី​ឲ្យ​រៀបរាប់​ពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​។ លោក Mark Barden ជា​ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ Daniel ដែល​ត្រូវបាន​បាញ់សម្លាប់​។​

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​នៅមាន​អាថ៌កំបាំង​ផ្សេងៗ​ជាច្រើន​អំពី​រឿង​កូន​ខ្ញុំ​ដែល​កប់​លាក់ទុក​។ កូន​ខ្ញុំ​ចូលចិត្ត​ពាក់មួក​កីឡា​បាល់ឱប​ពណ៌​លឿង ហើយ​គាត់​អង្គុយ​នៅ​រាន​ខាង​ក្រោយពេល​ខ្ញុំ​ជិះ​កង់​ឌុប​គាត់​។ ខ្ញុំ​នៅមាន​មួក​នោះ​នៅ​កា​រ៉ា​ស់​ក្នុងផ្ទះ​នៅឡើយ ហើយ​ក្នុង​មួក​នោះ​នៅមាន​សក់​ដ៏​ស្រស់ស្អាត វែង​ឆ្មារៗ ពណ៌​ទង់ដែង​របស់​កូនប្រុស​ខ្ញុំ​»​។​

​នៅក្នុង​ឈុត​មួយ​នៃ​ភាពយន្ត​ឯកសារ​នេះ អ្នកស្រី Nicole Hockey ដែល​បាន​បាត់បង់​កូនប្រុស​ឈ្មោះ Dylan បានបង្ហាញ​ពី​បន្ទប់​កូនប្រុស​អ្នកស្រី ដែល​ពោរពេញ​ទៅដោយ​កាត​សំបុត្រ​ចូលរួម​រំលែក​ទុក្ខ កាដូ និង​របស់របរ​ផ្សេងៗ​ទៀត​ពី​អ្នកចូលរួម​រំលែក​ទុក្ខ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​នេះ​ជា​របស់របរ​ដែល​ទទួល​បាន​... ខ្ញុំ​មិនដឹងថា មាន​សំបុត្រ​ប៉ុន្មាន​ពាន់​ទេ​។ ហើយ​នេះ​ជា​កាដូ និង​រូបថត​ផ្សេងៗ​ទៀត​។ ភាគច្រើន​នៃ​កាដូ​ទាំងនោះ​មិនបាន​បើក​នៅឡើយ​ទេ ដោយសារតែ​ខ្ញុំ​មិនទាន​អាច​តាំង​អារម្មណ៍​បើក​វា​បាន​នៅឡើយ​»​។​

​អ្នកស្រី Kim Snyder ដែល​បាន​ដឹកនាំ​ភាពយន្ត​ឯកសារ Welcome to Shelbyville អំពី​ជនភៀសខ្លួន​សូ​ម៉ាលី ក្នុង​ក្រុង​តូច​មួយ នៅ​សហរដ្ឋអាមេរិក គឺជា​ផលិតករ​ភាពយន្ត​ឯកសារ Newtown​។

​អ្នកស្រី​បាន​និយាយថា​៖ «​យើង​មាន​អារម្មណ៍​ថា យើង​មិន​ធ្លាប់​ដែល​បាន​ទស្សនា​ភាពយន្ត​ឯកសារ​ដូចនេះ​ទេ គឺ​ភាពយន្ត​ឆ្លុះបញ្ចាំង​ពី​រឿងរ៉ាវ​រហូត​អស់​រយៈពេល​បី​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​ខ្ញុំ​គិតថា សម្រាប់​មនុស្ស​ជាច្រើន​គ្នា ភាពយន្ត​ឯកសារ Newtown គឺជា​ការ​រំ​ឮ​ក​ពី​រឿងរ៉ាវ​ពី​អតីតកាល​មួយ និង​ជា​អ្វីដែល​យើង​ត្រូវការ​ដើម្បី​ធ្វើជា​សក្ខីកម្ម​មួយ ក្នុង​ក្តី​សង្ឃឹមថា អ្វីមួយ​អាច​នឹង​ផ្លាស់ប្តូរ​»​។​

​អ្នកស្រី Maria Cuomo Cole គឺជា​អ្នកដឹកនាំ​ភាពយន្ត​ឯកសារ Newtown​។ អ្នកស្រី​និយាយថា ផលិតករ​ភាពយន្ត​ចង់​ឲ្យ​មានការ​ភ្ជាប់​អារម្មណ៍​ជាមួយនឹង​ការឈឺចាប់​ដែល​សមាជិក​សហគមន៍​ក្នុង​ក្រុង​បាន​ជួបប្រទះ ហើយ​អ្នកស្រី​ក៏​ចង់សង្កត់ធ្ងន់​ទៅលើ​ភាពក្លាហាន និង​ការ​ទ្រាំទ្រ ដោយ​ក្រុង Newtown ទាំងមូល​ផងដែរ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​អ្នកស្រី Kim និង​រូបខ្ញុំ មាន​អារម្មណ៍​ថា វា​ជាការ​សំខាន់​ណាស់ ដែល​យើង​ត្រូវមាន​ការតភ្ជាប់​អារម្មណ៍​ឲ្យ​បាន​ខ្លាំង​តាមតែ​អាចធ្វើ​ទៅបាន​នៅក្នុង​ការរៀបរាប់​ពី​រឿងរ៉ាវ​ដ៏​សំខាន់​មួយ​នេះ​។ នេះ​ជា រឿងរ៉ាវ​មួយ ដែល​យើង​មិនអាច​បំភ្លេចបាន​នៅ​អាមេរិក​។ វា​ជា​រឿងរ៉ាវ​ដ៏​លំបាក​។ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង ហើយ​សង្ឃឹមថា យើង​អាច​ទទួលបាន​មេរៀន​ពី​វា ក៏ដូចជា នាំ​ឲ្យ​មាន​ផ្លាស់ប្តូរ​ដើម្បី​រក្សា​សុវត្ថិភាព​នៅក្នុង​សហគមន៍​»​។​

​នេះ​ជាស​ម្តី​របស់លោក Barden នៅ​អំឡុង​ការប្រកួត​កីឡា​ក្នុង​ភក់ Daniel Barden Mudfest ៖

​លោក Barden ៖ «​តើ​អ្នក​សន្យាថា នឹង​រស់នៅក្នុង​ជីវិត​របស់​អ្នក​ឲ្យ​បាន​ពេញលេញ​ឬទេ​?»

​ហ្វូងមនុស្ស​៖ «​សន្យា​!»

​លោក Barden ៖ «​តើ​អ្នក​សន្យាថា នឹង​ស្រឡាញ់ និង​នាំ​ភាព​ក​ក់កក្តៅ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក​ដែរឬទេ​?»

​ហ្វូងមនុស្ស​៖ «​សន្យា​!»
​ភាពយន្ត​ឯកសារ Newtown បាន​នាំ​ឲ្យ​មាន​ក្តីសង្ឃឹម​ឡើងវិញ នៅពេលដែល​ភាពយន្ត​នេះ​បានបង្ហាញ​ពី​សមាជិក​សហគមន៍​ចូលរួម​នៅក្នុង​ការប្រកួត​កីឡា​ក្នុង​ភក់ Daniel Barden Mudfest ដែលជា​ការប្រកួត​មួយ​ដើម្បី​រៃអង្គាសប្រាក់​ទៅដល់​កម្មវិធី​សប្បុរសធម៌​មួយចំនួន​។ អ្នកស្រី Nicole Hockley ក៏​អាច​ចូលទៅក្នុង​បន្ទប់​កូន​របស់គាត់​ដែលមាន​កាដូ​ចូលរួម​រំលែក​ទុក ហើយ​បើក​កាដូ​នោះ​មួយចំនួន​។​

​បញ្ហា​គ្រប់គ្រង​អាវុធ​ត្រូវបាន​យកមក​ជជែក​ដេញដោល​យ៉ាង​សស្រាក់សស្រាំ​នៅក្នុង​ការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំនេះ​។ អ្នកស្រី Maria Cuomo បាន​និយាយថា ក្តីសង្ឃឹម​របស់​អ្នកស្រី​គឺ ការដែល​ភាពយន្ត​ឯកសារ Newtown អាច​ទាក់ទាញ​អារម្មណ៍​មនុស្សម្នា​ដែលមាន​ទិន្នាការ​ទាំងសងខាង​នៃ​បញ្ហា​នេះ ហើយនឹង​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។​

​ការផ្លាស់ប្តូរ​នោះ​នៅ​មិនទាន់​កើតមាន​នៅឡើយ​ទេ​។ នា​ឆ្នាំនេះ ការបាញ់សម្លាប់​រង្គាល​ដ៏​ប្រល័យ​ជាងគេ​បំផុត​បានកើត​ឡើង​នៅ​ក្រុង Orlando ដោយ​មនុស្ស ៤៩​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ក្លឹប​រាត្រី​មួយ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com