អន្តរជាតិ
នយោបាយអន្តរជាតិ
សភាថៃទទួលស្គាល់ការសោយរាជ្យរបស់រជ្ជទាយាទVajiralongkorn ជាក្សត្រថ្មី
×
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៩ ខែវិច្ឆិកា បានបញ្ជូនព្រះនាមរជ្ជទាយាទ Maha Vajiralongkorn ទៅកាន់សភាហើយ ដើម្បីបើកផ្លូវដល់ការឡើងសោយរាជ្យសម្បត្តិមហាក្សត្រថ្មី។ រជ្ជទាយាទ Maha Vajiralongkorn បានពន្យារពេលឡើងសោយរាជ្យភ្លាមៗ ក្រោយការសោយទិវង្គតរបស់បិតា ព្រះចៅភូមិបុល អាឌុលយ៉ាដេត ។ តែចុងក្រោយមន្ត្រីយោធាអះអាងថា រជ្ជទាយាទអង្គនេះ នឹងឡើងសោយរាជ្យនៅដើមខែធ្នូខាងមុខ។
នៅបន្ទាប់ពីកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ខ្លួន រដ្ឋាភិបាលយោធាថៃបានបញ្ជូនព្រះនាមព្រះអង្គម្ចាស់ Maha Vajiralongkorn ទៅកាន់សភា ដើម្បីដំណើរការពិធីឡើងសោយរាជ្យជាផ្លូវការ។ រជ្ជទាយាទ Maha Vajiralongkorn គ្រោងនឹងឡើងសោយរាជ្យនៅថ្ងៃទី១ ខែធ្នូ ដែលនេះមានរយៈពេលជិតពីរខែហើយ ក្រោយការចូលទិវង្គតរបស់មហាក្សត្រភូមិបុល អាឌុលយ៉ាដេត ។
បើតាមរដ្ឋធម្មនុញ្ញថៃ ដំណើរការឡើងសោយរាជ្យ នឹងចាប់ផ្ដើមនៅពេលគណៈរដ្ឋមន្ត្រី ស្នើឲ្យប្រធានសភា យាងរជ្ជទាយាទដើម្បីឡើងសោយរាជ្យ។ បន្ទាប់មក រជ្ជទាយាទ នឹងយល់ព្រមលើសំណើយាងនេះ ដើម្បីក្លាយជាមហាក្សត្រពេញច្បាប់។ ចំណែកពិធីគ្រងរាជ្យវិញ នឹងធ្វើឡើងនៅក្រោយការបញ្ចប់ពិធីបូជាព្រះសពស្ដេច ភូមិបុល អាឌុលយ៉ាដេត រួចរាល់ ពោលគឺអាចនឹងធ្វើនៅឆ្នាំក្រោយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwon និយាយថា លេខាធិការនាយករដ្ឋមន្ត្រី នឹងជូនដំណឹងនេះទៅកាន់ប្រធានសភា។ ហើយលោករំពឹងថា រជ្ជទាយាទ Maha Vajiralongkorn នឹងជួបជាមួយប្រធានសភា ដើម្បីពិភាក្សាពីបញ្ហានេះ ក្រោយត្រឡប់មកពីអាល្លឺម៉ង់វិញ។ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរូបនេះបន្ថែមថា ដំណើរការនឹងត្រូវធ្វើមួយជំហានម្ដងៗ។
នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ សភាថៃក៏បានកោះប្រជុំ និងបានទទួលស្គាល់ការឡើងសោយរាជ្យរបស់រជ្ជទាយាទ Maha Vajiralongkorn ជាមហាក្សត្រទី១០ នៃរាជវង្សចក្រី។ កិច្ចប្រជុំសភានេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងតបតាមសំណើរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា។
រជ្ជទាយាទ Maha Vajiralongkorn ដែលចំណាយពេលភាគច្រើននៅបរទេស មិនមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមប្រជាជន ដូចបិតាព្រះអង្គឡើយ។ ព្រះអង្គរួបរឹតដោយរឿងអាស្រូវជាច្រើន ជាពិសេសរឿងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងគ្រួសារតែម្ដង។ យ៉ាងណាមិញ ការឡើងសោយរាជ្យនេះ នឹងដំណើរការទៅមុខដូចការគ្រោងទុក និងដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ៕
Tag:
ថៃ
Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com