អន្តរជាតិ
៦​នាក់​មានជីវិត​ក្រោយ​ធ្លាក់​យន្តហោះ​ដឹក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​នៅ​កូ​ឡុំ​ប៊ី
29, Nov 2016 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
​យន្តហោះ​ខ្នាតតូច​មួយគ្រឿង​ដែលមាន​ដឹក​មនុស្ស​៨១​នាក់ រួមទាំង​កីឡាករ​នៃ​ក្រុមបាល់ទាត់ Chapecoense បាន​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី ក្បែរ​ទីក្រុង Medellin ។ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​យន្តហោះ​នេះ​ធ្លាក់​នៅឡើយ ប៉ុន្តែ​មាន​សេចក្ដីរាយការណ៍​ថា មាន​អ្នកដំណើរ​ខ្លះ មានសំណាង​បាន​រស់រានមានជីវិត​ផងដែរ​។​

 
​យោងតាម​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កូ​ឡុំ​ប៊ី យន្តហោះ​មួយគ្រឿង​មាន​ផ្ទុក​អ្នកដំណើរ​៧២​នាក់ រួមមាន​ក្រុម​កីឡាករ​នៃ​ក្រុមកីឡា​បាល់ទាត់​ប្រេ​ស៊ី​ល Chapecoense និង​ហោះហើរ​ពី​បូ​លី​វី​ក្នុងទិសដៅ​ទៅកាន់​ក្រុង Medellin របស់​កូ​ឡុំ​ប៊ី​។ យន្តហោះ​បាន​ធ្លាក់ ខណៈ​ធ្វើដំណើរ​ជិត​ដល់​ទិសដៅ​ចុងក្រោយ​របស់ខ្លួន​។ 
 
​ក្រុមកីឡា​បាល់ទាត់ Chapecoense នឹងត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ ជាមួយ​ក្រុម Atletico Nacional ក្នុង​ពានរង្វាន់ Copa Sudamericana ដែលជា​ពាន​លំដាប់​ទី​ពីរ​របស់​តំបន់​អាមេរិក​ឡាទីន​។ សេចក្ដីរាយការណ៍​នានា​បញ្ជាក់ថា ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ មាន​អ្នក​រស់រានមានជីវិត​តែ​៦​នាក់​ប៉ុណ្ណោះ ក្នុងនោះ​ក៏មាន​កីឡាករ​អ្នកចាំទី Alan Ruschel របស់​ក្រុម Chapecoense ។ 
 
​យោងតាម​សារព័ត៌មាន The Guardian យន្តហោះ​ខ្នាតតូច​នេះ ទំនង​ជួប​គ្រោះថ្នាក់​ដោយសារ​អាកាសធាតុ​មិនល្អ​លើផ្លូវ​ហោះហើរ​របស់​យន្តហោះ ខណៈ​ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​ក៏​មិនអាច​ចុះចត​បានដែរ ដ្បិត​មាន​អ័ព្ទ​យ៉ាង​ក្រាស់​ក្រាស់​អំឡុង​ពេលនោះ​។ លោក Elkin Ospina អភិបាលក្រុង La Ceja និយាយ សាកសព​ចំនួន​២៥ ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ​។​
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា យន្តហោះ​ដែល​ធ្វើដំណើរ​មកពី​ទីក្រុង Santa Cruz បានប្រកាស​សញ្ញា​បន្ទាន់​នៅលើ​ចន្លោះ​ផ្លូវ​រវាង​ទីក្រុង La Ceja និង​ក្រុង La Unión ។ កាសែត​កូ​ឡុំ​ប៊ី El Tiempo ផ្សាយ​ថា សមាជិក​ក្រុមកីឡា​បាល់ទាត់ Chapecoense ចំនួន​២២​នាក់​ធ្វើដំណើរ​លើ​យន្តហោះ​ដែល​រងគ្រោះ​នេះ ខណៈ​អ្នកកាសែត​ប្រេ​ស៊ី​ល​ចំនួន​២២​នាក់​ផ្សេងទៀត ក៏បាន​ជិះ​លើ​យន្តហោះ​នេះ​ផងដែរ​៕
 
 
 

Tag:
 កូ​ឡុំ​ប៊ី​
  Chapecoense
© រក្សាសិទ្ធិដោយ thmeythmey.com