អន្តរជាតិ
មេបក្សកាន់អំណាចម៉ាឡេស៊ី ប្រាប់សមាជិកបក្សឲ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ខណៈរឿងអាស្រូវនៅតែបន្តផ្ទុះ ប្រភពរូបភាព៖ Malay Mail Online
× ប្រមុខបក្សកាន់អំណាចម៉ាឡេស៊ី អង្គការជាតិរួបរួមម៉ាឡេ( UMNO) លោកណាជីប រ៉ាហ្សាក់ បានទទូចឲ្យសមាជិករបស់លោករៀបចំ និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលលើកទី១៤។ តែលោក ណាជីប ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរនោះ មិនបានបញ្ជាក់ថា ការត្រៀមខ្លួននេះ ពាក់ព័ន្ធនឹងលទ្ធភាពនៃការបោះឆ្នោតមុនអាណត្តិឬយ៉ាងណានោះទេ។
«ត្រៀមខ្លួនទាំងអស់គ្នានៅតាមមូលដ្ឋានដើម្បីបង្ហាញថាបក្សអង្គការជាតិរួបរួមម៉ាឡេខ្លាំងជាងគេ និងជាបក្សដែលសក្តិសមបំផុតក្នុងការដឹកនាំម៉ាឡេស៊ី»។ នេះ គឺជាសាររបស់ប្រមុខបក្សកាន់អំណាចម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នាឱកាសនៃមហាសន្និបាតលើកទី៧០របស់បក្សកាន់អំណាច UMNO ដែលត្រូវបានប្រាប់ឲ្យដឹងតាមរយៈសមាជិកក្រុមប្រឹក្សាបក្ស លោក Raja Nong Chik Zainal Abidin។
តាមពិតទៅ ការបោះឆ្នោតសកលម៉ាឡេស៊ី ត្រូវបានកំណត់នៅក្នុងឆ្នាំ២០១៨នោះទេ ហើយ ការលើកឡើង និងទទូចឲ្យប្រមុខបក្សកាន់អំណាចម៉ាឡេស៊ី ក៏បានក្លាយជាសំណួរមួយថាតើលោក អាចនឹងប្រកាសឲ្យមានការបោះឆ្នោតមុនអាណត្តិ ឬគ្រាន់តែ ចង់ឲ្យសមាជិកបក្ស ពង្រឹងសមត្ថភាពតាមមូលដ្ឋាន ដ្បិត ក្រុមបក្សប្រឆាំងមួយចំនួន ក៏បានចងសម្ព័ន្ធគ្នាដើម្បីប្រជែងលោកផងដែរនោះ។
ការប្រកាសរបស់ប្រមុខបក្ស និងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ក៏ស្របពេលដែលមានចលនាប្រឆាំងរូបលោកកាន់តែខ្លាំងពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនោះ។ ចាប់ពីចុងឆ្នាំ២០១៥មក បាតុកម្មប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដោយក្រុមអាវលឿង ដែលមានឈ្មោះថា «Bersih» តែងតែធ្វើឡើងជាបន្តបន្ទាប់។ បាតុកម្មប្រឆាំង និងទាមទារឲ្យលោក ណាជីប ចុះចេញពីតំណែងនេះ ក៏មានការចូលរួមពីសំណាក់អតីតនាយករដ្ឋមន្ត្រី និងជាអតីតសមាជិកបក្សកាន់អំណាចដ៏សំខាន់ គឺ លោក មហាធៀរ មហាមេដផងដែរ។
យ៉ាងណាក៏ដោយ បាតុកម្មនោះ មិនជោគជ័យឡើយ ដ្បិត វា ក៏មានក្រុមអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីណាជីប ចេញមុខ និងប្រកាសតទល់ជាមួយនឹងក្រុមប្រឆាំងទាំងនោះផងដែរ។ ជាងនេះទៅទៀត អាជ្ញាធរម៉ាឡេស៊ី ក៏បានចាប់ខ្លួនអ្នករៀបចំធំៗមួយចំនួននៃបាតុកម្មនេះទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com