អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN ដាក់ទណ្ឌកម្ម​ខ្លាំង​មិន​ធ្លាប់មាន​លើ​កូរ៉េខាងជើង
01, Dec 2016 , 11:23 am        
រូបភាព
 
 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា បានអនុម័ត​ដំណោះស្រាយ​ថ្មី​មួយទៀត​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​របប​កុម្មុយនីស្ត​កូរ៉េខាងជើង ដែល​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ និង​បាញ់​រ៉ុក្កែត​ជាច្រើនលើក​។ ទណ្ឌកម្ម​ចុងក្រោយ​នេះ ត្រូវបាន​គេ​ពណ៌នា​ថា ជា​ទណ្ឌកម្ម​ខ្លាំង​មិន​ធ្លាប់មាន ដោយបាន​សំដៅលើ​ការនាំចេញ​ធ្យូងថ្ម ដែលជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ធំ​របស់​កូរ៉េខាងជើង​។​

 
​ក្រោយ​ការចរចា​យ៉ាង​តឹងតែង​អស់​ពេល​ជិត​បី​ខែ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់ទណ្ឌកម្ម​ខ្លាំងក្លា​មួយ សំដៅ​កាត់ផ្ដាច់​ប្រភព​ចំណូល​កូរ៉េខាងជើង​។ សមាជិក​ទាំង​១៥​ប្រទេស បានសម្រេច​ផ្ដាច់ការ​នាំចេញ​របស់​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ក្នុង​បរិមាណ​ធ្យូងថ្ម ៧.៥​លាន​តោន​សម្រាប់​ឆ្នាំ​២០១៧ ដែលមាន​តម្លៃ​ប្រមាណ​៤០០​លាន​ដុល្លារ​។ 
 
​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​នេះ នាំមុខ​ដោយ​សហរដ្ឋអាមេរិក និង​ត្រូវបាន​ព្រមព្រៀង​ដោយ​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាសន្តិសុខ រួមទាំង​ចិន​ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​ត្រឹមតែ​ហាមឃាត់​លើ​ការនាំចេញ​ធ្យូងថ្ម​ទេ អង្គធាតុ​លោហៈ ផ្សេងទៀត​ដូចជា​ទង់ដែង នី​កែ​ល ប្រាក់ ស័ង្កសី និង​ការលក់​រូបចម្លាក់ ដែលជា​ផលិតផល​នាំចេញ​របស់​កូរ៉េខាងជើង ក៏​ត្រូវបាន​ហាមឃាត់​ដូចគ្នា​ដែរ​។ 
 
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Samantha Power បង្ហាញ​ជំនឿ​ថា ទណ្ឌកម្ម​ថ្មី​នេះ នឹង​ទទួលបាន​ផ្លែផ្កា​មិន​ខាន​។ លោកស្រី​បន្តថា ជាការ​ពិត ទណ្ឌ​កម្មនេះ នឹងមិន​ផ្ដល់​ផល​ភ្លាមៗ​ឡើយ តែ​ដំណោះស្រាយ​មួយ​នេះ បានដាក់​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់មាន​លើ​កូរ៉េខាងជើង ដែល​ហ៊ាន​ប្រឆាំងនឹង​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​កូរ៉េខាងជើង នឹង​ខាតបង់​ធ្ងន់ធ្ងរ​។​
 
​លោកស្រី Samantha Power អះអាងថា ទណ្ឌកម្ម​ថ្មី​នេះ នឹង​កាត់ផ្ដាច់​ចំណូល​ប្រចាំឆ្នាំ​របស់​កូរ៉េខាងជើង​ក្នុង​ចំនួន​យ៉ាងតិចណាស់​ក៏​៧០០​លាន​ដុល្លារ​ដែរ​។ កូរ៉េខាងជើង តែង​ប្រើប្រាស់​លុយ​ទាំងនោះ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន បើទោះជា​មានការ​ហាមឃាត់​ក៏ដោយ ខណៈ​ប្រជាជន​ខ្លួន​រាប់លាន​នាក់ កំពុង​ប្រឈមមុខ​បញ្ហា​អត់​ស្បៀង និង​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ជាដើម​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្រុង​ប៉េកាំង​ដែលជា​សម្ព័ន្ធមិត្ត និង​ជា​អ្នក​ចូល​ធ្យូងថ្ម​ធំជាងគេ​របស់​ក្រុង​ព្យុងយ៉ាង ក៏បាន​បោះឆ្នោត​គាំទ្រ​ទណ្ឌកម្ម​ដ៏​ខ្លាំង​នេះដែរ​។ នៅត្រឹម​១០​ខែ​ក្នុង​ឆ្នាំ​២០១៦ ចិន​នាំចូល​ធ្យូង​ពី​កូរ៉េខាងជើង​ក្នុង​បរិមាណ​១៨,៦​លាន​តោន​ឯណោះ​។ យ៉ាងណាក្ដី ដើម្បី​បំពេញមុខ​អន្តរជាតិ ចិន​ក៏​បង្ខំចិត្ត​គាំទ្រ​ដំណោះស្រាយ​ថ្មី​នេះ ទោះជា​អាច​ប៉ះពាល់​ប្រភព​ថាមពល​ខ្លួន​ក្ដី​។​
 
​ទន្ទឹមនឹង​ការប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ចិន​ក៏បាន​ចោទប្រកាន់​អាមេរិក និង​កូរ៉េខាងត្បូង ដែល​តែង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​តានតឹង តាមរយៈ​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជា​ញឹកញយ​។ មិនតែប៉ុណ្ណោះ ចិន​ក៏បាន​រិះគន់​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​របស់​អា​មេ​រិ​កនៅ​កូរ៉េខាងត្បូង​ផងដែរ​៕ 
 
 
 

Tag:
 UN
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com