កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ី លុបចោល​ការប្រកួត​មិត្តភាព​ជាមួយ​មី​យ៉ាន់​ម៉ា ដោយសារ​រឿង​រ៉ូ​ហ៊ីង​យ៉ា
01, Dec 2016 , 8:59 pm        
រូបភាព
ប្រភពរូបភាព៖ Rappler
ប្រភពរូបភាព៖ Rappler
​ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​លុបចោល​ការប្រកួត​មិត្តភាព​អាយុ​ក្រោម​២២​ឆ្នាំ (U22) ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា ។ ការលុបចោល​ការប្រកួត​នេះ ដោយសារតែ​ម៉ាឡេស៊ី មិន​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​បាន​ចាត់វិធានការ​បង្ក្រាប់​ទៅលើ​ជន​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​



​អ្នកនាំពាក្យ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​បញ្ជាក់ថា ការលុបចោល​ការប្រកួត​នេះ គឺជា​ការសម្រេចចិត្ត​តាម​គោលនយោបាយ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដោយសារតែ​ករណី​រឿង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា គឺជា​រឿង​ដែល​រសើប​។ តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្ដី​របស់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ពី​Twitter នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖«​ការប្រកួត​មិត្តភាព​អន្តរជាតិ​អាយុ​ក្រោម ២២​ឆ្នាំ រវាង​ក្រុម​ម៉ាឡេស៊ី Harimau និង​ក្រុម​មី​យ៉ាន​ម៉ា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៩ និង​១២ នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ត្រូវបាន​លុបចោល​»​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​កីឡា​ជាតិ​ម៉ាឡេស៊ី លោក​Khairy Jamaluddin បានស្នើ​ឲ្យ មី​យ៉ាន់​ម៉ា​ដែលជា​សមាជិក​អាស៊ាន​នេះ គួរតែ​ត្រួត​ពិនិត្យឡើងវិញ ចំពោះ​ចំណាត់​ការធ្វើ​ទុក​បុក​ម្នេញ​យ៉ាង​ឃោ​ឃៅ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះ ខណៈដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ាសាក់​ក៏បាន​ថ្លែង​សារ​បង្ហាញ​ពី​ក្តីកង្វល់​ខ្លួន ចំពោះ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា នេះដែរ​។​

​កន្លងមក​ជនជាតិ​ម៉ូ​ស្លី​ម​ម៉ាឡេស៊ី បានចេញ​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​បាន​ប្រើ​អំពើហិង្សា នៅ​ភាគ​ជើង​ក្នុង​រដ្ឋ​រ៉ា​ក់​គីន ដែល​បណ្ដា​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាន​រត់​ភៀសខ្លួន​ឆ្លង​ចូល​ព្រំដែន​ប្រទេស​បង់​ក្លា​ដេ​ស​ផងដែរ​។ អំពើហិង្សា​នេះ ត្រូវបាន​បង្កឡើង​ដោយសារ​ក្រុម​កងកម្លាំង​សន្តិសុខ នៅក្នុង​រដ្ឋ​រ៉ា​ក់​គីន​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១២​កន្លងមក មានការ​ប៉ះទង្គិច​គ្នា ដោយ​ប្រើ​អំពើហិង្សា​បង្ហូរឈាម​យ៉ាងធ្ងន់ធ្ងរ​មួយ​បាន​កើតឡើង នៅក្នុង​តំបន់​រដ្ឋ​រ៉ា​ក់​គីន​នេះ ដែល​កាល​នោះបាន​បណ្ដា​ឲ្យ​មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់​ផងដែរ​៕


Tag:
 ម៉ាឡេស៊ី​
  ​មី​យ៉ាន់​ម៉ា​
  ​រ៉ូ​ហ៊ីង​យ៉ា​
  ​មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com