អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ មាន​ពេល​៥​ខែ​ដើម្បី​ចុះចេញ បើ​មិន​ចង់​ត្រូវ​បោះឆ្នោត​ទម្លាក់​
02, Dec 2016 , 9:19 am        
រូបភាព
 
 
​ខណៈដែល​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ កំពុង​តស៊ូ​រឿងអាស្រូវ និង​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង គណបក្សកាន់អំណាច​កូរ៉េខាងត្បូង Saenuri បានទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ដោយ​ខ្លួនឯង​នៅត្រឹម​ខែមេសា ឆ្នាំ​២០១៧ ។ បក្ស​កាន់អំណាច ទុកពេល​ឲ្យ​លោកស្រី​មួយ​សប្ដាហ៍​ដើម្បី​សម្រេចចិត្ត​លើ​ឱសានវាទ​នេះ បើ​មិន​ចង់​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ទម្លាក់​នៅក្នុង​សភា​ទេនោះ​។​

 
​គណបក្ស Saenuri បាន​ដក​ការទុកចិត្ត​លើ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដោយ បាន​ទុកពេល​៥​ខែ​សម្រាប់​ប្រធានាធិបតី​រូបនេះ ដើម្បី​លាលែង​ពី​តំណែង​ប្រធានាធិបតី ដែល​កំពុង​រង្គោះរង្គើ​ដោយសារ​រឿងអាស្រូវ​ពុករលួយ​។ នា​រយៈពេល​ចុងក្រោយ សមាជិកសភា​ជាច្រើនរូប​មក​បក្ស Saenuri ដែលជា​បក្ស​កាន់អំណាច បាន​គាំទ្រ​គម្រោង​របស់​បក្សប្រឆាំង​ក្នុងការ​បោះឆ្នោត​ទម្លាក់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ។​
 
​នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង សមាជិកសភា​បក្ស​កាន់អំណាច​១២៨​រូប បានសម្រេច​ជា​ឯកច្ឆន្ទ​ទាមទារ​ឲ្យ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ចុះចេញ​នៅក្នុង​ខែមេសា ឆ្នាំ​២០១៧ និង​ស្នើ​ឲ្យ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែមិថុនា ដែល​លឿន​ជាង​កាលបរិច្ឆេទ​ដើម​រយៈពេល​៦​ខែ ដែល​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Yonhap ដែល​បាន​ស្រង់​សម្ដី​លោក Chung Jin-Suk ប្រធាន​ក្រុម​សភា​មតិ​ភាគច្រើន​។​
 
​លោក Chung Jin-Suk បន្តថា គណបក្ស​បាន​លៃលក​ពេលវេលា​ដែល​សមរម្យ​បំផុត ដើម្បី​ធានា​ពី​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី រក្សា​ស្ថិរភាព និង​ទុកពេល​ឲ្យ​គណបក្សនយោបាយ​ផ្សេងទៀត រៀបចំខ្លួន​សម្រាប់​ការបោះឆ្នោត​ខាងមុខ​។ ហើយ​សមាជិកសភា​បក្ស​កាន់អំណាច​ទាំងអស់ ក៏បាន​ព្រមព្រៀង​លើ​ពេលវេលា​ផងដែរ​។​
 
​នៅពេលនេះ លោកស្រី ប៉ាក ហ្គឺ​ន​ហេ ប្រឈមមុខ​សម្ពាធ​មួយទៀត​ហើយ ដែល​ចេញពី​ផ្ទៃក្នុង​គណបក្ស​របស់លោក​ស្រី​តែម្ដង​។ លោកស្រី បានសម្រេច​ចិត្ត​ទុក​ឲ្យ​សភាជាតិ ជា​អ្នកសម្រេច​លើ​ជោគវាសនា​របស់លោក​ស្រី​។ លោកស្រី​និយាយថា លោកស្រី នឹង​ចុះ​ចេញពី​តំណែង​នៅពេល​វេលា​ណាមួយ តាមរយៈ​យន្តការ​ជាក់លាក់ ដែល​ឯកភាពគ្នា​ដោយ​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​បន្ធូរ​បន្ថយកម្ដៅ​នយោបាយ​ក្នុងស្រុក​។​
 
​ជាមួយគ្នា​នោះ លោកស្រី ប៉ាក ក៏បាន​តែងតាំង​រដ្ឋអាជ្ញា​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​រឿងអាស្រូវ​របស់លោក​ស្រី​ផងដែរ​។ លោកស្រី ត្រូវបាន​ការិយាល័យរ​ដ្ឋ​អាជ្ញា​ដាក់ឈ្មោះ​ជា​ជនសង្ស័យ​ក្នុង​សំណុំ​រឿងនេះ ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​ប្រធានាធិបតី​ក្នុង​តំណែង​ដំបូង​គេ ដែល​នឹងត្រូវ​សាកសួរ​ពី​រដ្ឋអាជ្ញា​។ ម្យ៉ាងទៀត គណបក្សប្រឆាំង ក៏​មិន​សុខចិត្ត​ឲ្យ​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ នៅ​កាន់តំណែង​នេះ​យូរ​ទៀត​ដែរ​៕  
 
 

Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
  Saenuri
© រក្សាសិទ្ធិដោយ thmeythmey.com