អន្តរជាតិ
បង់​ក្លា​ដែ​ស ត្រៀម​បញ្ជូន​«​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​»​ទៅ​មី​យ៉ាន់​ម៉ា​វិញ ខណៈ​រដ្ឋាភិបាល​ស៊ូ​ជី មិន​ទទួលស្គាល់​ភាពស្របច្បាប់​របស់​ពួកគេ​
02, Dec 2016 , 4:29 pm        
រូបភាព
ដោយ:
​បញ្ហា​សន្តិសុខ​សង្គម​ដ៏​រ៉ាំរ៉ៃ​របស់​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​ជិត​ពីរ​ខែ​មកនេះ បានធ្វើ​ឲ្យ​ក្រុម​ជនជាតិភាគតិច​«​រ៉ូ​ហ៊ីង​យ៉ា​»​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​ទៅកាន់​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​។ តែ​មិនយូរ​នោះទេ ពួកគេ ក៏​នឹងត្រូវ​អាជ្ញាធរ​បង់​ក្លា​ដែ​ស​បញ្ជូន​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ​ជាមួយនឹង​ភាពភ័យខ្លាច  ខណៈ​រដ្ឋាភិបាល​ស៊ីវិល​ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ដឹកនាំ មិនទាន់​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការរស់នៅ​ក្រុម​ទាំងនោះ​។



​រដ្ឋមន្ត្រី​មហាផ្ទៃ​បង់​ក្លា​ដែ​ស លោក Asaduzzaman Khan នៅ​ថ្ងៃទី​០១ ខែធ្នូ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​រយ​នាក់ ដែល​កំពុង​រស់នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ក្នុងប្រទេស​បង់​ក្លា​ដែ​ស នឹងត្រូវ​បញ្ជូនទៅ​មី​យ៉ាន់​ម៉ា​វិញ​នៅក្នុងពេល​មួយ​សមរម្យ​។ នេះ​បើ​យោងតាម​សារព័ត៌មាន ហ្សា​ការ​តា​ប៉ុស្តិ៍ ។

​លោក​រដ្ឋមន្ត្រី ក៏បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​បង់​ក្លា​ដែ​ស កំពុងតែ​ផ្តល់ជំនួយ​មនុស្សធម៌​ទៅកាន់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ចូលទៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​តាមរយៈ​ច្រកព្រំដែន​ដោយ​ខុសច្បាប់​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​បន្តទៀតថា លោក​រដ្ឋមន្ត្រី​ដដែល​នោះ ក៏បាន​បន្ថែម​ដែរ​ថា​កងកម្លាំង​ល្បាត​ព្រំដែន និង​កម្លាំង​ល្បាត​សមុទ្រ​បង់​ក្លា​ដែ​ស ក៏​បាននិងកំពុង​តែពិនិត្យ​យ៉ាង​ល្អិតល្អន់​ចំពោះ​លំហូរ​ជាច្រើន​លើសលប់​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​មី​យ៉ាន់​ម៉ា​នោះ​។

​បើតាម​កិច្ចសម្ភាសន៍​រវាង​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន លោក John McKissick ជាមួយនឹង​សារព័ត៌មាន BBC នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា​កន្លងទៅ ទាហាន និង​ប៉ូលិស​តម្រួត​ព្រំដែន​មី​យ៉ាន់​ម៉ា បាន​ផ្តើម​យុទ្ធនាការ​បង្ក្រាប​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ Rakhaine ដែល​មន្ត្រី​រូបនោះ បានចាត់ទុក​សកម្មភាព​នោះ​ជា​«​ទណ្ឌកម្ម​ជា​សមូហភាព​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​»​។
​ក្នុង​កិច្ចសម្ភាសន៍​ដដែល​នោះ ប្រធានការិយាល័យ​ជនភៀសខ្លួន​រូបនោះ ក៏បាន​បញ្ជាក់ដែរថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា បាន​បាញ់សម្លាប់​បុរស និង​សម្លាប់​ក្មេង រំលោភ​ស្ត្រី ដុត និង​លួច​ផ្ទះ​របស់​ជនជាតិ​ទាំងនោះ និង​កាន់តែ​ធ្ងន់ធ្ងរ​នោះ បង្ខំ​ប្រជាជន​ទាំងនោះ​ឲ្យ​ឆ្លងកាត់​តាម​ទន្លេ​ទៅកាន់​ប្រទេស បង់​ក្លា​ដែ​ស ដែលជា​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា​។

​ជុំវិញ​បញ្ហា​នេះ ក្រសួងការបរទេស​ប​ង់​ក្លា​ដែ​ស​ក៏​ធ្លាប់​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយបាន​អះអាងថា មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​រួមមាន​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​រាប់ពាន់នាក់ បន្ត​ឆ្លងកាត់​ព្រំដែន បើទោះបីជា​ប៉ូលិស​ព្រំដែន​បង់​ក្លា​ដែ​ស បាន​ព្យាយាម​ការពារ​លំហូរ​ច្រើន​លើសលប់​នោះ​ក៏ដោយ​។ ហើយ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ​វិញ​នោះ មាន​មនុស្ស​ប្រមាណ​ជាង​បី​ម៉ឹ​ន​នាក់​ហើយ កំពុងតែ​រស់នៅ​ដោយ​គ្មាន​ជម្រក និង​រាប់ពាន់នាក់​ផ្សេងទៀត បាន​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស ក្រោយ​ព្រឹត្តិការណ៍​រង្គោះរង្គើរ​ចុង​ក្រោយនេះ​នៅក្នុង​រដ្ឋ Rakhine​។​

​សូម​ជម្រាប​ផងដែរ​ថា ក្នុងចំណោម​ជនជាតិភាគតិច​ទាំង​១៣៥​ដែល​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ជា​ប្រជាជន​មី​យ៉ាន់​ម៉ា មិនមាន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ឡើយ​។ សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​ជា​ពុទ្ធសាសនិក​រួមទាំងរ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ មិនដែល​ចាត់ទុក​រ៉ូ​ហ៊ីង​យ៉ា​ជា​ប្រជាជន​មី​យ៉ាន់​ម៉ា​ឡើយ បើទោះបីជា​ក្រុម​ជនជាតិ​ទាំងនោះ បានរស់នៅ​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​ច្រើន​ទសវត្ស​រ៍ហើយ​។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា គ្រាន់តែ​ជា​«​ជនភៀសខ្លួន​ខុសច្បាប់​»​មកពី​ប្រទេស​បង់​ក្លា​ដែ​ស​ប៉ុណ្ណោះ​សម្រាប់​មី​យ៉ាន់​ម៉ា​។ ទាំង​រដ្ឋបាល​យោធា និង​រដ្ឋបាល​ស៊ីវិល​បច្ចុប្បន្ន​មី​យ៉ាន់​ម៉ា សុទ្ធសឹងតែ​មិនមាន​ចំណាត់ការ​ណា​វិជ្ជមាន​សម្រាប់​ក្រុម​ជនជាតិភាគតិច​នេះ​៕


Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com