អន្តរជាតិ
បង់ក្លាដែស ត្រៀមបញ្ជូន«ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា»ទៅមីយ៉ាន់ម៉ាវិញ ខណៈរដ្ឋាភិបាលស៊ូជី មិនទទួលស្គាល់ភាពស្របច្បាប់របស់ពួកគេ
× បញ្ហាសន្តិសុខសង្គមដ៏រ៉ាំរ៉ៃរបស់មីយ៉ាន់ម៉ាអស់រយៈពេលជិតពីរខែមកនេះ បានធ្វើឲ្យក្រុមជនជាតិភាគតិច«រ៉ូហ៊ីងយ៉ា»ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកាន់ប្រទេសជិតខាងបង់ក្លាដែស។ តែមិនយូរនោះទេ ពួកគេ ក៏នឹងត្រូវអាជ្ញាធរបង់ក្លាដែសបញ្ជូនទៅកាន់មីយ៉ាន់ម៉ាវិញជាមួយនឹងភាពភ័យខ្លាច ខណៈរដ្ឋាភិបាលស៊ីវិលដែលមានលោកស្រី អ៊ុងសាន ស៊ូជីដឹកនាំ មិនទាន់ទទួលស្គាល់ភាពស្របច្បាប់នៃការរស់នៅក្រុមទាំងនោះ។
រដ្ឋមន្ត្រីមហាផ្ទៃបង់ក្លាដែស លោក Asaduzzaman Khan នៅថ្ងៃទី០១ ខែធ្នូ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើនរយនាក់ ដែលកំពុងរស់នៅក្នុងជំរំបណ្តោះអាសន្នក្នុងប្រទេសបង់ក្លាដែស នឹងត្រូវបញ្ជូនទៅមីយ៉ាន់ម៉ាវិញនៅក្នុងពេលមួយសមរម្យ។ នេះបើយោងតាមសារព័ត៌មាន ហ្សាការតាប៉ុស្តិ៍ ។
លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា រដ្ឋាភិបាលបង់ក្លាដែស កំពុងតែផ្តល់ជំនួយមនុស្សធម៌ទៅកាន់ជនជាតិរ៉ូហ៊ីងយ៉ា ដែលបានចូលទៅក្នុងប្រទេសបង់ក្លាដែសតាមរយៈច្រកព្រំដែនដោយខុសច្បាប់។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលបានបន្តទៀតថា លោករដ្ឋមន្ត្រីដដែលនោះ ក៏បានបន្ថែមដែរថាកងកម្លាំងល្បាតព្រំដែន និងកម្លាំងល្បាតសមុទ្របង់ក្លាដែស ក៏បាននិងកំពុងតែពិនិត្យយ៉ាងល្អិតល្អន់ចំពោះលំហូរជាច្រើនលើសលប់របស់ជនជាតិរ៉ូហ៊ីងយ៉ាពីមីយ៉ាន់ម៉ានោះ។
បើតាមកិច្ចសម្ភាសន៍រវាងមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោក John McKissick ជាមួយនឹងសារព័ត៌មាន BBC នៅថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅ ទាហាន និងប៉ូលិសតម្រួតព្រំដែនមីយ៉ាន់ម៉ា បានផ្តើមយុទ្ធនាការបង្ក្រាបទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅរដ្ឋ Rakhaine ដែលមន្ត្រីរូបនោះ បានចាត់ទុកសកម្មភាពនោះជា«ទណ្ឌកម្មជាសមូហភាពទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា»។
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ ប្រធានការិយាល័យជនភៀសខ្លួនរូបនោះ ក៏បានបញ្ជាក់ដែរថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបាញ់សម្លាប់បុរស និងសម្លាប់ក្មេង រំលោភស្ត្រី ដុត និងលួចផ្ទះរបស់ជនជាតិទាំងនោះ និងកាន់តែធ្ងន់ធ្ងរនោះ បង្ខំប្រជាជនទាំងនោះឲ្យឆ្លងកាត់តាមទន្លេទៅកាន់ប្រទេស បង់ក្លាដែស ដែលជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសបង់ក្លាដែសក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៍មួយដោយបានអះអាងថា មានប្រជាជនមីយ៉ាន់ម៉ាដែលរួមមានទាំងស្ត្រី កុមារ និងមនុស្សចាស់រាប់ពាន់នាក់ បន្តឆ្លងកាត់ព្រំដែន បើទោះបីជាប៉ូលិសព្រំដែនបង់ក្លាដែស បានព្យាយាមការពារលំហូរច្រើនលើសលប់នោះក៏ដោយ។ ហើយបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិវិញនោះ មានមនុស្សប្រមាណជាងបីម៉ឹននាក់ហើយ កំពុងតែរស់នៅដោយគ្មានជម្រក និងរាប់ពាន់នាក់ផ្សេងទៀត បានភៀសខ្លួនទៅកាន់បង់ក្លាដែស ក្រោយព្រឹត្តិការណ៍រង្គោះរង្គើរចុងក្រោយនេះនៅក្នុងរដ្ឋ Rakhine។
សូមជម្រាបផងដែរថា ក្នុងចំណោមជនជាតិភាគតិចទាំង១៣៥ដែលទទួលបានសិទ្ធិស្របច្បាប់ជាប្រជាជនមីយ៉ាន់ម៉ា មិនមានជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ាឡើយ។ សម្រាប់ប្រជាជនមីយ៉ាន់ម៉ាដែលភាគច្រើនជាពុទ្ធសាសនិករួមទាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរនោះ មិនដែលចាត់ទុករ៉ូហ៊ីងយ៉ាជាប្រជាជនមីយ៉ាន់ម៉ាឡើយ បើទោះបីជាក្រុមជនជាតិទាំងនោះ បានរស់នៅក្នុងទឹកដីមីយ៉ាន់ម៉ាច្រើនទសវត្សរ៍ហើយ។ ជនជាតិរ៉ូហ៊ីងយ៉ា គ្រាន់តែជា«ជនភៀសខ្លួនខុសច្បាប់»មកពីប្រទេសបង់ក្លាដែសប៉ុណ្ណោះសម្រាប់មីយ៉ាន់ម៉ា។ ទាំងរដ្ឋបាលយោធា និងរដ្ឋបាលស៊ីវិលបច្ចុប្បន្នមីយ៉ាន់ម៉ា សុទ្ធសឹងតែមិនមានចំណាត់ការណាវិជ្ជមានសម្រាប់ក្រុមជនជាតិភាគតិចនេះ៕
Tag:
បង់ក្លាដែស
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com