ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ​ថា ការលើកលែងទោស​ឲ្យ​អនុប្រធាន​បក្សប្រឆាំង អាចទាក់ទង​នឹង​កិច្ចព្រមព្រៀងសម្ងាត់​
02, Dec 2016 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោយពី​មានការ​ស្នើសុំ​លើកលែងទោស​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ អ្នកវិភាគ យល់ឃើញថា ការលើកលែងទោស​ឯក​ឧ​ត្ត​ម កឹម សុខា នេះ​អាចមកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិច្ចព្រមព្រៀង​ជាសម្ងាត់​អ្វីមួយ​។



​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ ចាត់ទុក​ការលើកលែងទោស​ឲ្យ​ឯកឧត្តម កឹម សុខា នេះ​គឺជា​រឿង​មួយ​ល្អ ដែល​បង្ហាញថា​ស្ថានភាព​នយោបាយ​កំពុង​តែមាន​សភាព​ធូ​ស្រាល​ជាង​មុន សម្រាប់​អ្នកនយោបាយ​ក្នុងការ​ប្រកួតប្រជែង​គ្នា តាមបែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ តែ​ទោះជា​មានការ​សាទរ​ក្តី សម្រាប់​លោក អ៊ូ វីរៈ ការស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ឯកឧត្តម កឹម សុខា ពី​សំណាក់​សម្ដេច ហ៊ុន សែន នេះ​ក៏​អាចមកពី​គណបក្ស​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​ជាសម្ងាត់​អ្វីមួយ​។ តែ​លោក វីរៈ ក៏​មិនដឹងថា អ្វី​ជា​រឿង​សម្ងាត់​នោះដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​អ្នកវិភាគ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មើលទៅ​វា​អាចជា​កិច្ចព្រមព្រៀង​ជាសម្ងាត់​រវាង​គណបក្ស​ទាំងពីរ​។ តែ​ក៏​មិនដឹងថា​អាចជា​កិច្ចព្រមព្រៀង​អ្វី​ដែរ​។ តែ​យ៉ាងណា​វា​ក៏​ជា​រឿង​វិជ្ជមាន​ដែរ ព្រោះ​វា​បង្ហាញថា​អ្នកនយោបាយ​កំពុងមាន​ភាពចាស់ទុំ​ក្នុងការ​ប្រកួតប្រជែង​គ្នា​ដែរ​»​។​

​មិន​ខុសពី​លោក អ៊ូ វីរៈ ឡើយ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក សូ ចន្ថា យល់ឃើញថា ការលើកលែងទោស​ឯក​ឧ​ត្ត​ម កឹម សុខា ហាក់ដូចជា​លឿន​ពេក ដែល​អាចមកពី​មានការ​ជជែក​គ្នា​ក្រៅផ្លូវការ​លើ​រឿង​អ្វីមួយ ដើម្បី​ជា​ថ្នូរ​នឹង​ការលើកលែងទោស​នេះ​។ បើតាម​លោក សូ ចន្ថា បញ្ហា​ព្រំដែន​ដែល​នៅតែ​ចម្រូងចម្រាស​គ្នា​កន្លងមក ទំនងជា​អាច​លើក​នៅក្នុង​ការចរចា​ក្រៅផ្លូវការ​នោះដែរ​។ «​ខ្ញុំ​យល់ថា អាចមាន​ការជជែក​គ្នា​ក្រៅផ្លូវការ​នានា​រវាង​គ​ណ​បក្ស​ទាំងពីរ​មុននឹង​លើកលែងទោស​។ វា​អាចមាន​បញ្ហា​ព្រំដែន ជាដើម ប៉ុន្តែ​យើង​មិនអាច​ដឹងថា នឹងមាន​ការជជែក​បែ​ប​ណា​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សូ ចន្ថា​។​

​បន្ថែម​ពីលើ​នេះ​លោក សូ ចន្ថា បន្ត​មើលឃើញថា ការស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ឯកឧត្តម កឹម សុខា ពី​សំណាក់​សម្ដេច ហ៊ុន សែន នេះ ក៏​អាចជា​សេណារីយោ​មួយ ដែល​ចំណេញ​ទៅខាង​គណបក្សកាន់អំណាច ក្នុងការ​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្សប្រឆាំង​ផងដែរ​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​អាច​ជាការ​រុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រេះឆា​ផ្ទៃក្នុង​កាន់តែខ្លាំង​ដែរ​។ ព្រោះ​សកម្មជន មន្ត្រី​បក្ស សង្គម​ស៊ីវិល និង​លោក សម រង្ស៊ី កំពុង​ជាប់ឃុំ និង​គេចខ្លួន​ក្រៅប្រទេស ដូចនេះ​អាច​ថា​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​បក្សប្រឆាំង​ឈ្លោះ​គ្នា​ផ្ទៃក្នុង​បក្ស​រវាង​មេ​ដឹក និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ស័យ​លើ​បក្សប្រឆាំង​។ ព្រោះ​បើ​ចង់​លើកលែងទោស​មែន​នោះ គួ​តែ​លើកលែងទោស​ជា​កញ្ចប់​»​។​

​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ ពីបទ​បដិសេធ​ក្នុងការ​ចូលខ្លួន​ឲ្យ​ជាប់ពន្ធនាគារ​៥ ខែ និង​ពិន័យ​ប្រាក់​៨​សែន​រៀល​។​ព្រះរាជទាន​ទោស​នេះ ធ្វើឡើង​តាម​សំណើ​របស់ សម្តេច ហ៊ុន សែន ដែល​បានស្នើ​ទៅ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២ ខែធ្នូ​នេះ​ដដែល​បន្ទាប់ពី​ឯកឧត្តម កឹម សុខា បាន​ស្នើសុំ​ទៅកាន់​សម្តេច នាយករដ្ឋមន្ត្រី ។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖« សូម​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន​នូវ​ព្រះរាជក្រឹត្យ លើកលែងទោស​ឲ្យ​ទណ្ឌិត កឹម សុខា ដែល​ត្រូវបាន​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦»៕


Tag:
 ​កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com