អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ដូ​ណា​ល់​ត្រាំ អញ្ជើញលោក Duterte មក​ទស្សនកិច្ច​អាមេរិក​ឆ្នាំក្រោយ​
03, Dec 2016 , 3:57 pm        
រូបភាព
 
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​អាមេរិក​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​។   គេ​រំពឹងថា ទំនាក់ទំនង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាស៊ី​នេះ​នឹង​ប្រសើរ​ឡើងវិញ​នៅពេល​ខាងមុខ​។​


​ប្រធានាធិបតី​មាត់ដាច​ហ្វីលីពីន Rodrigo Duterte អាច​នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ឆ្នាំ​ក្រោយនេះ តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់ ត្រាំ​។ លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​មេដឹកនាំ​ហ្វីលីពីន​ក្នុងពេល​អ្នក​ទាំងពីរ​ជជែក​គ្នា​តាម​ទូរ​សព្ទ​នា​ថ្ងៃ​សុក្រ​ម្សិលមិញ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ទីប្រឹក្សា​ពិសេស​លោក Duterte លោក Christopher Go បាន​បញ្ជាក់ថា មេដឹកនាំ​ទាំងពីរ​បាន​ចំណាយពេល ៧​នាទី​ជជែក​គ្នា​តាម​ទូរ​សព្ទ​។ តែ​លោក​មិនបាន​បង្ហើប​បន្ថែមថា មេដឹកនាំ​ទាំងពីរ​ជជែក​ពី​បញ្ហា​អ្វី​ខ្លះទៀត​ទេ​។ 
 
​ហើយ​ខាង​ក្រុម​អន្តរកាល​របស់លោក ដូ​ណា​ល់ ត្រាំ ក៏​មិនបាន​ផ្តល់យោបល់​អ្វី​ដែរ​ពាក់ព័ន្ធ​ការជជែក​គ្នា​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក Duterte នេះ​។ 
​ទាក់ទង​ការអញ្ជើញ​នេះ អ្នកវិភាគ​ខ្លះ​អះអាងថា វា​ជា​រឿង​សាមញ្ញ​ទេ​ដែល​មេដឹកនាំ​អាមេរិក​អញ្ជើញ​មេដឹកនាំ​ហ្វីលីពីន​មក​ទស្សនកិច្ច​នៅ​អាមេរិក​។ នេះ​ក៏ដោយ​សារ​ហ្វីលីពីន​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ ២០១៧​។ 
 
​គេ​រំពឹងថា កិច្ចសន្ទនា​រវាង​មេដឹកនាំ​ទាំងពីរ និង​អាចមាន​ដំណើរ​ទស្សនកិច្ច​របស់លោក Duterte ទៅ​អាមេរិក​នៅពេល​ខាងមុខ អាច​នឹង​បញ្ចប់​ទំនាក់ទំនង​មិន​ច្បាស់លាស់​រវាង​អាមេរិក​និង​សម្ព័ន្ធមិត្ត​ហ្វីលីពីន​។ ហើយ​គេ​មិនអាច​ប្រ​កែ​បានដែរ ដែលថា ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ផ្តល់ឱកាស​ឲ្យ​លោក Duterte ប្តូរ​គោលជំហ​របស់ខ្លួន​ចំពោះ​អាមេរិក​ផងដែរ​។​
 
 ក្រោយ​លោក Duterte ចូលកាន់​តំណែង​បាន​ប្រហែល​ជាង ៥​ខែ​មកនេះ ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ទាំងពីរ​ធ្លាក់ចុះ​ខ្លាំង​និង​មានការ​ប្រឈមមុខ​ដាក់​គ្នា​ផង​ដោយសារ​អាមេរិក​បន្ត​រិះគន់​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក Duterte ។ រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ងាក​ទៅ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង​និង​ក្រុង​មូ​ស្គូ ហើយ​បន្ត​រិះគន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៀត​។ ហើយ​លោក Duterte ក៏​ធ្លាប់​គំរាម​ផ្តាច់ទំនាក់ទំនង​ជាមួយ​អាមេរិក និង​បណ្តេញ​កងទ័ព​អាមេរិក​ចេញ ដោយ​បញ្ចប់​កិច្ចព្រមព្រៀង​ការពារជាតិ​ជាតិ​រវាង​អាមេរិក​និង​ហ្វីលីពីន​ដែល​ចុះ​រួមគ្នា​កាលពី​ឆ្នាំ ២០១៤ ថែម​ទៀតផង​។​
 
​អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ លោក Duterte  ក៏​ប្រមាថ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ច្រាស​ឆ្អេះ​ជា​ច្រើនដង​ថែមទៀត​។ ប៉ុន្តែ វា​ហាក់ដូចជា​ស្អប់ខ្ពើម​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​លក្ខណៈ​បុគ្គល​ច្រើនជាង ព្រោះ​លោក​ហាក់​មាន​ជំហ​ស្វាគមន៍​ការបន្ត​សហការ​ជាមួយ​អាមេរិក​ក្រោយ​ការជាប់ឆ្នោត​លោក​ដូ​ណា​ល់ ត្រាំ​។
 
​កន្លងមក លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​បញ្ជាក់​ផងដែរ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី​ជាមួយ​លោក Duterte ឡើងវិញ​ដោយ​ទុក​រឿងរ៉ាវ​ដែល​កើតឡើង​កន្លងមក​មួយ​ឡែក​។ លោក ដូ​ណា​ល់ ត្រាំ និង​លោក Duterte មាន​បុគ្គលិកលក្ខណៈ​មួយចំនួន​ប្រហាក់ប្រហែលគ្នា ហើយ​វា​ជា​ពេលវេលា​ល្អ​ដែល​អ្នក​ទាំងពីរ​ត្រឡប់​ទៅ​ចាប់ផ្តើម​ទំនាក់ទំនង​ល្អ​ឡើងវិញ និង​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រួមគ្នា​ជាដើម​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com