អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​ក្តៅស្លឹកត្រចៀក ពេល​មី​យ៉ាន់​ម៉ា​ចោទថា​ខ្លួន​«​ជ្រៀតជ្រែក​រឿង​ផ្ទៃក្នុង​ពាក់ព័ន្ធ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»
03, Dec 2016 , 9:19 pm        
រូបភាព
 
​ម៉ាឡេស៊ី​បាន​ប្រាប់​មី​យ៉ាន់​ម៉ា​ថា «​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ជា​បញ្ហា​វិបត្តិ​មនុស្សជាតិ​មិនមែន​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​តែឯង​ឡើយ​»​។ រដ្ឋាភិបាល​ម៉ាឡេស៊ី​លើកឡើង​ដូច្នេះ​ដើម្បី​ឆ្លើយតប​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ចោទប្រកាន់​ម៉ាឡេស៊ី​ថា ព្យាយាម​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​កន្លងមក​។​


១.​មី​យ៉ាន់​ម៉ា ដាស់តឿន​ម៉ាឡេស៊ី​ឲ្យ​គោរព​«​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​»
​អាស៊ាន​រក្សា​គោលនយោបាយ «​មិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ឡើយ​» ទោះបីជា​មានការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​កើតឡើង​ក្នុងប្រទេស​ទាំងនោះ​ក៏ដោយ​។​
​ដោយសារតែ​គោលការណ៍​នេះ មី​យ៉ាន់​ម៉ា បាន​លេស​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ជា​បន្តបន្ទាប់ ដោយ​ស្ទើរតែ​គ្មាន​ប្រទេស​សមាជិក​អាស៊ាន​ណាមួយ​ហ៊ាន​មាត់​ឡើយ​។ ប៉ុន្តែ​ស្ថានភាព​បំពារបំពាន​សិទ្ធិមនុស្ស​នេះ​វា​ធ្ងន់ធ្ងរ​ពេក ស្ទើរតែ​ក្លាយ​ជាការ​«​បោសសម្អាត​ជាន​ជាតិ​ភាគតិច​» ឬ​«​ប្រល័យពូជសាសន៍​ទៅហើយ​។​
 
​យ៉ាងណាក៏ដោយ ប្រជាជន​និង​សកម្មជន​សិទ្ធិមនុស្ស​នៅ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ  បាន​ចេញមុខ​បាតុកម្ម​តវ៉ា​នៅតាម​ទីក្រុង​របស់ខ្លួន​ដែរ​ដើម្បី​ប្រឆាំង​និង​ទាមទារ​ឲ្យ​មានការ​បញ្ឈប់​ការបំពាន​សិទ្ធិ​ជនជាតិភាគតិច​ឥស្លាម​នេះ​ទៀត​។ ប៉ុន្តែ​ក្នុងចំណោម​ប្រទេស​ទាំងបី​នេះ ម៉ាឡេស៊ី​ចេញមុខ​ខ្លាំង​ជាង​រហូតដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចេញមុខ​ដោយផ្ទាល់​ដើម្បី​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា ឈប់​បំពាន​សិទ្ធិមនុស្ស​។​
 
​កាលពី​សប្តាហ៍​មុន ម៉ាឡេស៊ី​សម្រេច​កោះហៅ​ទូត​មី​យ៉ាន់​ម៉ា​មក​សួរនាំ​រឿង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែរ ហើយ​អ្វីដែល​សំខាន់​នោះ​របាយការណ៍​សារព័ត៌មាន​ខ្លះ​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីព រ៉ា​ហ្សា​ក់ (Najib Razak) នឹងចូលរួម​ក្នុង​ចលនា​បាតុកម្ម​រួមគ្នា​មួយ​នៅ​ថ្ងៃ ៤​ធ្នូ​ស្អែក​នេះ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថែម​ទៀតផង​។​
 
​ឆ្លើយតប​សកម្មភាព​នេះ អគ្គនាយករង​ការិយាល័យ​ប្រធានាធិបតី Zaw Htay បាន​ដាស់តឿន​ម៉ាឡេស៊ី​តាមរយៈ​ការចុះផ្សាយ​អត្ថបទ​នៅក្នុង​សារព័ត៌មាន Myanmar Times ជុំវិញ​គោលការណ៍​អាស៊ាន​ដែល​សមាជិក​មិនអាច​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​សមាជិក​ផ្សេងទៀត​បានឡើយ​។ មី​យ៉ាន់​ម៉ា​សង្ឃឹមថា ម៉ាឡេស៊ី​យល់​និង​បន្តធ្វើ​យ៉ាងណា​គោរព​គោលការណ៍​នេះ ដោយ​ឈប់​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ទៀត​។​
 
២.​បញ្ហា​រ៉ូ​ហ៊ីង​យ៉ា​ជា​វិបត្តិ​មនុស្សធម៌​អន្តរជាតិ មិនមែន​បញ្ហា​ក្នុងស្រុក​ឡើយ​
​យ៉ាងណាមិញ ម៉ាឡេស៊ី​ឆ្លើយតប​វិញ​ភ្លាម​ដែរ ចំពោះ​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​។ ម៉ាឡេស៊ី​បញ្ជាក់​ច្បាស់​ថា បញ្ហា​ប្រជាជន​មី​យ៉ាន់​ម៉ា​មិនមែនជា​រឿង​ក្នុងស្រុក​ឡើយ វា​ជា​រឿង​តំបន់​និង​អន្តរជាតិ​ផង​។ 
 
 ក្រសួងការបរទេស​ម៉ាឡេស៊ី​ចេញ​លិខិត​មួយ​តប​របាយការណ៍​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Myanmar Times ដោយ​បញ្ជាក់ថា​ខ្លួន​នៅតែ​អនុញ្ញាត​ឲ្យ​មាន​ចលនា​បាតុកម្ម​ថ្ងៃ ៤ ធ្នូ ដែល​លោក ណា​ជីព រ៉ា​ហ្សា​ក់ ចូលរួម​ផង​នោះ ព្រោះថា បញ្ហា​រ៉ូ​ហ៊ីង​យ៉ា ជា​គ្រោះមហន្តរាយ​មនុស្សជាតិ​មិនមែន​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណាមួយ​ឡើយ​។  ម៉ាឡេស៊ី​ក៏​លើក​ឧទាហរណ៍ ពី​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​រត់​ចេញពី​មី​យ៉ាន់​ម៉ា​មក​រស់នៅ​ម៉ាឡេស៊ី​ដែរ​។​
 
​ក្រសួងការបរទេស​ម៉ាឡេស៊ី​បន្តថា​៖ «​ក្នុងនាម​ជា​ប្រទេសជិតខាង និង​ជា​ប្រទេស​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​សហគមន៍​អន្តរជាតិ វា​ជា​កាតព្វកិច្ច​ម៉ាឡេស៊ី​ដែល​ត្រូវ​ធានាថា ប្រទេស​អាស៊ាន​បំពេញការងារ​បាន​សក​ម្ម​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​។ ហើយ​ម៉ាឡេស៊ី​ដឹង​ច្បាស់​ណាស់​ពី​គោលការណ៍​មិន​ជ្រៀតជ្រែក​ក្នុងការ​»​។​
 
​បន្ថែម​ពីនេះ ម៉ាឡេស៊ី​បានស្នើ​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ចប់​រាល់​ការកាប់សម្លាប់​ឬ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះ​និង​ធ្វើយ៉ាងណា​ស្តារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក៏ដូចជា​ស្ថិរភាព​នៅក្នុង​តំបន់​ឡើងវិញ​ដែរ​។​
 
​តាមពិតទៅ មី​យ៉ាន់​ម៉ា បន្ត​រំលោភបំពាន​សិទ្ធិ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ជា​បន្តបន្ទាប់​ហើយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ក្រោយ​ជម្លោះ​ហិង្សា​មួយ​ផ្ទុះ​ឡើយ​នៅ​ឆ្នាំ ២០១២​។ រហូតដល់​ដើមខែ​តុលា​ឆ្នាំនេះ ជម្លោះ​បាន​ផ្ទុះឡើង​កាន់តែ​ធ្ងន់ធ្ងរ​ម្តងទៀត​។ ចាប់ពី​ថ្ងៃ ៨​តុលា ពេល​ទាហាន​មី​យ៉ាន់​ម៉ា​ជាច្រើន​នាក់​បាន​ចូល​អន្តរាគមន៍​ទៅក្នុង​តំបន់​ក្នុង​ខេត្ត Rakhine ដែល​ជាប់​ព្រំដែន​បង់​ក្លា​ដែ​ស​ដើម្បី​តបត​ការវាយប្រហារ​របស់​ក្រុម​ប្រដាប់អាវុធ​មកលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​៣​កន្លែង​ដែល​សម្លាប់​ប៉ូលិស ៩​នាក់​នោះ​។ ខាង​ក្រុម​សិទ្ធិមនុស្ស​ចោទប្រកាន់ថា ទាហាន​រដ្ឋាភិបាល​បាន​ចូលលុកលុយ​ដុត​ផ្ទះសម្បែង​ប្រជាជន ធ្វើទុក្ខបុកម្នេញ និង​ចាប់រំលោភ​ស្ត្រី​ថែមទៀត​។ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ច្រើន​ពាន់​នាក់ រត់​ភៀសខ្លួន​ទៅកាន់​កាន់​ប្រទេស​ផ្សេង​ដូចជា​បង់​ក្លា​ដែ​ស​ជាដើម​ដើម្បី​គេចខ្លួន​ពី​ការធ្វើ​ទុក​បុក​ម្នេញ​និង​កាប់សម្លាប់​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​៕
 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  ណា​ជីព រ៉ា​ហ្សា​ក់​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com