អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ខឹងសម្បារ ក្រោយ​ដូ​ណា​ល់​ត្រាំ ជជែក​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ តាម​ទូរ​សព្ទ​
04, Dec 2016 , 7:19 am        
រូបភាព
 
​រដ្ឋាភិបាល​ចិន​បង្ហាញ​ការ​អាក់អន់​ចិន និង​ខឹងសម្បារ​ខ្លះ ក្រោយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់ ត្រាំ ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​តាម​ទូរ​សព្ទ​។ ក្រុង​ប៉េកាំង​ស្នើ​ឲ្យ​អាមេរិក​គោរព​គោលនយោបាយ​ចិន​តែមួយ និង​សង្ឃឹមថា ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន​មិន​ខូចខាត​ដែរ​។​


​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​ប្រតិកម្ម​តប​ខ្លាំងៗ​ចំពោះ​ការជជែក​គ្នា​តាម​ទូរ​សព្ទ​រវាង​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃ​សុក្រ​ទី ២​ធ្នូ​ម្សិលមិញ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ប្រមុខ​ការទូត​ចិន​សង្ឃឹមថា​សកម្មភាពរ​បស់​អាមេរិក​នឹងមិន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ហើយ​លោក​ក៏​ស្នើ​ឲ្យ​អាមេរិក​«​គោលនយោបាយ​ចិន​តែមួយ​» ផងដែរ​។ 
 
​លោក វ៉ាង យី បាន​ប្រតិកម្ម​បែបនេះ​ក្រោយ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ទូរ​សព្ទ​ទៅ​អបអរសាទរ​លោក ដូ​ណា​ល់ ត្រាំ ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ដែល​វា​ជាការ​បំពាន​គោលនយោបាយ​ការទូត​អាមេរិក​។ ហើយ​មេដឹកនាំ​ទាំង​ពីរបាន​ចំណាយពេល​វេលា​ជជែក​ពិភាក្សាគ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​,​នយោបាយ និង​សន្តិសុខ​ផងដែរ​។ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​អបអរសាទរ​លោកស្រី Tsai ផងដែរ ដែល​ជាប់ឆ្នោត​និង​ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​នោះ​។​
 
​យោងតាម​ការិយាល័យ​ប្រ​ធានា​ធីប​តី​តៃវ៉ាន់ លោកស្រី Tsai និង​លោក​ដូ​ណា​ល់ ត្រាំ ផ្លាស់ប្តូរ​យោបល់​គ្នា​ពាក់ព័ន្ធ​ការលើកស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​សន្តិសុខ និង​កិច្ចការ​ការពារជាតិ​ផងដែរ​។​
​ទោះជា​បែបនេះ​ក្តី ក្រោយ​ការសន្ទនា​គ្នា​តាម​ទូរ​សព្ទ លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​ការពារ​ជំហរ​និង​ការសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់​នេះ​។ លោក បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ថា លោក​មិនគួរ​ទទួល​ការ​សាទរ​របស់​លោកស្រី​ប្រធានាធិបតី តៃវ៉ាន់​ឡើយ​។ 
 
​ចំណែក​ខាង​សេត​វិមាន​អាមេរិក​ឯណោះ​វិញ បាន​លើកឡើងថា អាមេរិក​មិន​ផ្លាស់ប្តូរ​គោលជំហរ​រប​ស់​ខ្លួន​ឡើយ ហើយ​ខ្លួន​នៅតែ​គោរព​គោលនយោបាយ​ចិន​តែមួយ​ដដែល​។​
 
​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​នៃ​សេ​វិមាន​លោកស្រី Emily Horne បាន​បញ្ជក់​ប្រាប់​ទី​ភា្ន​ក់​ងារ​ព័ត៌មាន AFP ថា​៖​ «​គ្មាន​ការផ្លាស់ប្តូរ​ក្នុង​គោលនយោបាយ​ការ​ការបរទេស​ដែលមាន​ជា​យូរអង្វែង​របស់​យើង​ចំពោះ​តៃវ៉ាន់​ឡើយ​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​គោរព គោលនយោបាយ​ចិន​តែមួយ​ដែល​បង្កើន​ឡើង​ផ្អែក​តាម​កិច្ចព្រមព្រៀង​រួមគ្នា​ចំនួន ៣ និង​ច្បាប់​ស្តីពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ផង​»​។ 
 
​សូមបញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​បញ្ចប់​ទំនាក់​ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​នៅ​ឆ្នាំ ១៩៧៩ ហើយ​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែមួយ​ស្ថិតក្រោម​នយោបាយ​ចិន​តែមួយ​។ ហើយ​ហើយ​អាមេរិក​បន្ត​ទំនាក់ទំនង​មិន​ផ្លូវការ​ជាមួយ​ក្រុង​តៃប៉ិ​ក​មកដល់​បច្ចុប្បន្ន​។​
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  Tsai Ing-wen
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com