កីឡាជាតិ
ជាតិ
កីឡាករប៉េតង់ សុខ ចាន់មាន ឈ្នះមេដាយមាសពិភពលោកនៅម៉ាដាហ្កាស្កា
× កីឡាករប៉េតង់ សុខ ចាន់មាន បានក្លាយជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកពិភពលោកនៅទីក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា បន្ទាប់ពីបានយកឈ្នះកីឡាករបារាំង Le Boursicaud Bruno នៅវគ្គផ្តាច់ព្រ័ត្រ។
ព្រឹត្តិការណ៍ដណ្តើមជើងឯកប៉េតង់ពិភពលោក (Championnat du Monde de Petanque) លើកទី៤៧ ត្រូវបានរៀបចំឡើងនៅទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ។ កីឡាករ សុខ ចាន់មាន បានចូលរួមប្រកួតប្រជែងលើវិញ្ញាសាវាយយកពិន្ទុជាមួយកីឡាករ៤៧នាក់ផ្សេងទៀត មកពីប្រទេសនានាលើពិភពលោក។
នាការប្រកួតជម្រុះបឋម ចាន់មាន រកបាន៣៨ពិន្ទុ ទទួលបានចំណាត់ថ្នាក់លេខ១១។ ក្នុងការប្រកួតវគ្គ Repechage ចាន់មានរកបាន៥២ពិន្ទុ បន្ថែមទៀត ដោយសរុបទាំងវគ្គជម្រុះមាន៩០ពិន្ទុ។ កីឡាករកម្ពុជារូបនេះ បានចំណាត់ថ្នាក់លេខ៣ក្នុងចំណោមកីឡាករ១៧នាក់។
ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ សុខ ចាន់មាន បានយកឈ្នះពិន្ទុកីឡាករ Khodabaccus Parvez នៃកោះ Ile Maurice ក្នុងលទ្ធផល ៣៣-២៦ ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាន់មាន បានបន្តយកឈ្នះកីឡាករថៃ Sangkaev Thanaborn ៣៣-២៥ ។
នៅជំនួបដណ្តើមមេដាយមាស ចាន់មាន បានបំបាក់កីឡាករជើងខ្លាំងបារាំង Le Boursicaud Bruno ក្នុងលទ្ធផល ៣៦-២៩។ ចាន់មានបានមេដាយមាសលើវិញ្ញាសាវាយពិន្ទុ កីឡាករបារាំង Le Boursicaud Bruno បានមេដាយប្រាក់ ខណៈកីឡាករថៃ Sangkaew Thanoborn និងកីឡាករអ៊ីតាលី Rizzi Diego បានមេដាយសំរឹទ្ធ៕
© រក្សាសិទ្ធិដោយ thmeythmey.com