អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ហ្កំ​ប៊ី ស្ទើរ​មិន​ជឿថា​មេដឹកនាំ​ផ្តាច់ការ​ខ្លួន​ព្រម​បោះបង់​អំណាច​
04, Dec 2016 , 1:39 pm        
រូបភាព
 
​ប្រជាជន​ហ្កំ​ប៊ី​ហាក់​ភ្ងា​ក់​ផ្អើល​ផង និង​ស្ទើរតែ​មិន​ជឿថា​មេដឹកនាំ​ផ្តាច់ការ Yayah Jammeh ចាញ់ឆ្នោត​និង​ព្រម​ទទួលស្គាល់​លទ្ធផល បោះឆ្នោត​ដូច្នេះ​។ ដើម​ឡើង​គេ​បារម្ភ​ថា មេដឹកនាំ​រូបនេះ​នឹង​អាច​ទាត់ចោល​លទ្ធផល បើ​លោក​ចាញ់ និង បន្ត​ក្តោប​កា្ត​ប់​អំណាច​ទៀត​។​


​ប្រជាជន​ហ្កំ​ប៊ី  បង្ហាញ​អារម្មណ៍​ភ្ងា​ក់​ផ្អើល​ខ្លាំង​និង​ស្ទើរតែ​មិន​ជឿ​ថា ប្រធានាធិបតី​ដែល​កាន់អំណាច​អស់ ២២ ឆ្នាំ លោក  Yayah Jammeh ​ព្រម​ទទួលស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​ឡើយ​។ ប៉ុន្តែ​ពួកគេ​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នៅពេលដែល​ពួកគេ​ដឹងថា វា​ជា​ការពិត​នោះ​។ ពួកគេ​មាន​សេរីភាព​ពេញលេញ និង​មាន​មេដឹកនាំ​ថ្មី​ហើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  អ្នកនេសាទ Yacouba Cisse ដែលមាន​វ័យ ៣៤ ឆ្នាំ បាន​អះអាងថា លោក​និង​ប្រជាជន​ហ្កំ​ប៊ី​ផ្សេងទៀត​សប្បាយចិត្ត​ខ្លាំង  ដែល​រឿង​មិន​នឹកស្មាន​ដល់​បែបនេះ​កើតឡើង​។ លោក​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ប្លែក ហើយ​នៅពេល​យើង​ក្រោក​ពី​ដេក​យើង​មាន​អារម្មណ៍​រីករាយ​ប្លែក​ពីធម្មតា។ អ្វីដែល​សំខាន់​នៅពេលនេះ​គឺ យើង​មាន​សេរីភាពដើម្បី​និយាយ​អ្វីដែល​យើង​ចង់​និយាយ​»​។​
 
​ក្រោយ​ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ លោក Jammedh បានចេញ​មុខ​ទទួលស្គាល់​បរាជ័យ​រប​ស់​ខ្លួន​នៅតាម​វិទ្យុ​រដ្ឋ ដោយ​លោក​អះអាងថា លោក​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​ហ្កំ​ប៊ី​ដែល​ចង់​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ លោក​បញ្ជាក់ថា លោក​មិន​តវ៉ា​រឿង​លទ្ធផល​ទេ ហើយ​លោក​នឹង​ចាក​ចេញទៅ​រស់នៅ​ចម្ការ​សាង​ជីវភាព​ថ្មី​វិញ ក្រោយ​ផ្ទេរអំណាច​ខែមករា​ខាងមុខនេះ​។ អ្នកជំនួញ និង​ជា​អតីត​សន្តិសុខ Adama Barrow ដែលមាន​បទពិសោធន៍​នយោបាយ​បន្តិចបន្តួច​នោះ​នឹង​ជំនួស​តំណែង​មេដឹកនាំ​ផ្តាច់ការ​នេះ​។ 
 
​យ៉ាងណាមិញ អ្នកជំនួញ​ម្នាក់ទៀត​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ នៅតែមាន​អារម្មណ៍​ស្រពិចស្រពិល​និង​មិនទាន់​ហ៊ាន​ជឿថា លោក Jammeh បោះបង់​អំណាច​ឡើយ​។ លោក​ព្រម​ជឿ​នៅពេលដែល​លោក Jammeh ចាក​ចេញពី​វិមាន​ប្រធានាធិបតី ព្រោះ​អំណាច​បញ្ជា​ទ័ព​នៅ​ពេញដៃ​លោក​នៅឡើយ​នៅពេលនេះ​។ 
 
​លោក Yahya Jammeh ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ម្នាក់​ដែល​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ផ្តាច់​ការដែល​កាន់តំណែង​យូរ​បំផុត​នៅ​អាហ្វ្រិក ហើយ​លោក​ធ្លាប់​ប្រកាន់​កាន់អំណាច​ឲ្យ​បាន ១​ពាន់​លាន​ឆ្នាំ​ផង ។ លោក​បាន​កាន់អំណាច​អស់​រយៈពេល ២២ ឆ្នាំ ហើយ​លោក​បាន​ក្តោប​ក្តាប់​តំណែង​តាមរយៈ​រដ្ឋប្រហារ​យោធា​កន្លងមក​។  
 
​ក្រោម​ការដឹកនាំ​របស់​លោក Jammeh ប្រជាជន​ហ្កំ​ប៊ី​ស្ថិតក្រោម​ការ​រឹតត្បិត​សិទ្ធិសេរីភាព ហើយ​រដ្ឋាភិបាល​បន្តស​ង្ក​ត់​សង្កិន​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុមប្រឆាំង និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាដើម​។ ក្រៅពី​ល្បីល្បាញ​ខាង​រំលោភ​សិទ្ធិមនុស្ស មេដឹកនាំ​រូបនេះ​តាំងខ្លួន​ជា​អ្នក​ព្យាបាល​ជំងឺអេដស៍​ដោយ​ប្រើប្រាស់​ឱសថ​បុរាណ​ផ្សំ​ជាមួយ​ផ្លែ​ចេក​ជាដើម​។ ហើយ​លោក Jammeh ធ្លាប់​ប្រកាសថា លោក​នឹង​ដឹកនាំ​ប្រទេស ១ ពាន់​លាន​ឆ្នាំ​ផងដែរ​។ ដូច្នេះហើយ​ទើបបានជា​ប្រជាជន​ហ្កំ​ប៊ី​ស្រឡាំងកាំង និង​សប្បាយ​ចិត្តខ្លាំង​នៅពេលដែល​មេដឹកនាំ​ម្នាក់នេះ​ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​។ 
 
​ដោយឡែក ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត និង​មានការ​ទទួលស្គាល់​លទ្ធផល​នេះ សហគមន៍​អន្តរជាតិ​បាន​សាទរ និង​ប្តេជ្ញាចិត្ត​ជួយ​ជ្រោមជ្រែង​ប្រជាជន​ហ្កំ​ប៊ី​ដើម្បី​កសាង​ប្រជាធិបតេយ្យ និង​កសាង​សង្គម​ទៅមុខ​។ អគ្គលេខា​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន និង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini បាន​បញ្ជក់​ច្បាស់​ថា ស្ថាប័ន​ទាំងពីរ​ត្រៀមលក្ខណៈ​រួចហើយ​ដើម្បី​គាំទ្រ​ប្រទេស​ហ្កំ​ប៊ី​នេះ​៕

Tag:
 ហ្កំ​ប៊ី​
  Yayah Jammeh
  Adama Barrow
© រក្សាសិទ្ធិដោយ thmeythmey.com