អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស៊ី ជិន​ពីង​៖ «​កងទ័ព​ចិន​ត្រូវតែមាន​ចំនួន​តិចជាង​មុន តែ​ត្រូវ​មានអំណាច​ខ្លាំងក្លា​»
04, Dec 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​បញ្ជាក់ថា កងទ័ព​ចិន​ត្រូវតែ​តិច​ជាមុន ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ​វា​ក៏​ត្រូវតែ​ខ្លាំងក្លា​ជាមុន​ដែរ​។ លោក​ព្រមាន​ផងដែរ​ថា កំណែទម្រង់កងទ័ព​ត្រូវតែ​បន្តទៅ​មុខ​និង​ធ្វើឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ប្រឈម​បញ្ហា​និង​បាត់បង់​សមត្ថភាព​ប្រយុទ្ធ​ផង​។​


«​កងទ័ព​ចិន​ត្រូវតែ​តិច​ជាមុន ប៉ុន្តែ​ត្រូវមាន​សមត្ថភាព​ខ្លាំង​ជាង​មុន​»​។​នេះ​ជាការ​លើកឡើង​របស់លោក ស៊ី ជិន​ពីង នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការកែទម្រង់​យោធា ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។ ក្រៅពី​លើកឡើង​ពី​ការបន្ថយ​ចំនួន​កងទ័ព​និង​បង្កើន​សមត្ថភាព មេដឹកនាំ​រូបនេះ​ក៏​ប្តេជ្ញា​បន្ត​កែទម្រង់​វិស័យ​យោធា​ហើយ​ការកែទម្រង់​នេះ​នឹងត្រូវ​បន្ត​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​
 
​បច្ចុប្បន្ននេះ​ចិន​មាន​កងទ័ព​សរុប​ចន្លោះ​ពី​២ ទៅ​៣ លាន​នាក់​ដែល​ស្ថិតក្នុង​លំដាប់​ប្រទេស​ដែលមាន​កម្លាំងយោធា​ច្រើនជាងគេ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៥ ឱកាស​ពិធី​រម្លឹក​ខួប​ទី​៧០ ថ្ងៃ​បញ្ចប់​សង្គ្រាមលោកលើកទី​២  ប្រមុខរដ្ឋ​ចិន ស៊ី ជីន​ពីង បានប្រកាសថា ចិន​នឹង​កាត់បន្ថយ​ចំនួន​ទាហាន​រហូត​៣០០០០០​នាក់​។ ហើយ ភាគច្រើន​នៃ​មន្ត្រី​ការិយាល័យ​និង​កងកម្លាំង​ដែល​មិនមាន​លក្ខណៈ​ប្រយុទ្ធ គឺជា​គោលដៅ​នៃ​ការកាត់បន្ថយ​នេះ​។​
 
​គេ​យល់ថា ការកាត់បន្ថយ​ចំនួន​កងទ័ព​របស់រ​ដ្ឋា​ភិ​បាល​ចិន​ធ្វើឡើង​ក្រោម​គោលនយោបាយ​ទំនើបកម្ម​និង​កំណែទម្រង់​យោធា ដែល​ធ្វើយ៉ាងណា​ឲ្យ​ទ័ព​តិច​តែ​ខ្លាំង​។ ប៉ុន្តែ​ហេតុផល​មួយទៀត​គឺ​ចិន​ចង់​ព្យាយាម​កាត់បន្ថយ​ការចំណាយ​ខ្ជះខ្ជាយ​លើ​កងទ័ព ស្រប​ពេលដែល​ប្រទេស​នេះ​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ផង​។ 
 
​គេ​មិនត្រូវ​ភ្លេច​ទេ​ថា ចិន​ព្យាយាម​កាត់បន្ថយ​កងទ័ព​ស្រប​ពេលដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ចិន​ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ ហើយ​កំណើនសេដ្ឋកិច្ច​យឺត ហើយ​ការកែទម្រង់​សេដ្ឋកិច្ច​ក៏​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែរ​។  
 
​ដោយឡែក​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ស៊ី ជិន​ពីង បាន​ផ្តោតលើ​ការបន្ត​ការកែទម្រង់​វិស័យ​យោធា​ផងដែរ ដោយ​លោក​បញ្ជាក់ថា បច្ចេកវិទ្យា​យោធា​ជា​រឿង​សំខាន់​សម្រាប់​កងទ័ព​ចិន​។​
 
​លោក​ស៊ី ជិន​ពីង បាន​បញ្ជាក់ថា​៖« កងទ័ព​ចិន​មិនអាច​ផ្តោតលើ​យុទ្ធសាស្ត្រ​ចាស់ៗ​ឡើយ ហើយ​គេ​ត្រូវ​ផ្លាស់ប្តូរ​តាម​ពេលវេលា​។​បើ​មិន​ដូច្នេះ​ទេ កងទ័ព​យើង​ដែល​ខ្លាំង​នឹង​ហួស​សម័យ ឬក៏​បរាជ័យ​ទាំង​មិនបាន​ប្រយុទ្ធ​។ ប្រវត្តិសាស្ត្រ​និង​ភាព​ពិត​ជាក់ស្តែង​ប្រាប់​យើង​ថា បើសិនជា​គេ​មិនអាច​មានលទ្ធភាព​បង្កើន​សមត្ថភាព​តាម​ឲ្យ​ទាន់ពេលវេលា​ទេ គេ​ក៏​នឹង​ចាញ់​ប្រៀប​សត្រូវ​ក្នុង​សង្គ្រាម​ដែរ​»​។​
 
​ជាធម្មតា​ទេ កងទ័ព​ខ្លាំង​ជា​រឿង​មួយ តែ​បច្ចេកវិទ្យា​យោធា​ទំនើបៗ​និង​មាន​សព្វាវុធ​ទំនើប​ជា​រឿង​មួយ​ផ្សេងទៀត​។ ដូច្នេះហើយ មហា​យក្ស​ចិន​ព្យាយាម​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​យោធា ផលិត​សព្វាវុធ​ដូចជា​យន្តហោះ​និង​នាវា ដឹក​យន្តហោះ​ចម្បាំង​ជាដើម​ដើម្បី​ដើរ​ឲ្យ​ទាន់​មហាអំណាច​ចាស់​ដូច​អាមេរិក​ជាដើម​។​
 
​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ចិន​មិន​ដែរ​ធ្វើសង្គ្រាម​ទៀត​ទេ ហើយ​រដ្ឋាភិបាល​ចិន​ក៏​ប្រកាស​ហើយ​ដែរ​ថា ខ្លួន​គ្មាន​ចេតនា​អាក្រក់​អ្វីដែល​នៅពេលដែល​ខ្លួន​បន្ត​ពង្រឹងកម្លាំង​ទ័ព​នោះ​។ កំណែទម្រង់​និង​ទំនើបកម្ម​យោធា​ជា​គោលនយោបាយ​មួយ​ដែល​ជួយ​ឲ្យ​ចិន​អាច​អភិវឌ្ឍ​ខ្លួន​តាម​ពេលវេលា និង​ធ្វើខ្លួន​ឲ្យ​ស័ក្តិ​សមជា​មហាអំណាច​ពិភពលោក​៕
 

Tag:
 ​ស៊ី ជិន​ពីង​
  ចិន​
  កំណែទម្រង់កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com