អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​កូរ៉េខាងត្បូង​បន្ត​បាតុកម្ម​បណ្តេញ​ប្រធានាធិបតី​ពី​តំណែង​ដល់​វិមាន​ប្រធានាធិបតី​
04, Dec 2016 , 9:39 pm        
រូបភាព
 
​ប្រជាជន​កូរ៉េខាងត្បូង​បន្ត​បាតុកម្ម​រយៈពេល ៦​សប្តាហ៍​ជាប់​គ្នា​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ប្រធានាធិបតី​ដែល​រួបរឹត​ដោយ​រឿងអាស្រូវ ប៉ាក ហ្គឺ​ន​ហេ ចុះ​ចេញពី​តំណែង​ផង​។ ការបន្ត​បាតុកម្ម​នេះ​ស្រប​ពេលដែល សមាជិកសភា​បក្សប្រឆាំង​កំពុង​ស្វះស្វែងរ​ករក​វិធី​ដកហូត​តំណែង​លោកស្រី តាមផ្លូវ​ច្បាប់​ផងដែរ​។​


​ប្រជាជន​កូរ៉េខាងត្បូង​នៅតែ​បន្ត​បាតុកម្ម​ជាច្រើន​សប្តាហ៍​បន្ត​គ្នា​នៅ​ក្រុង​ស៊េ​អូ​ល និង នៅក្បែរ​វិមាន​ប្រធានាធិបតី​ផង​ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ចុះ​ចេញពី​តំណែង​។​ពួកគេ​អះអាងថា លោកស្រី ប៉ាក គួរតែ​ចុះ​ចេញពី​តំ​ណែ​យូរណាស់​មកហើយ​ដើម្បី​កុំ​ឲ្យ​គេ​បណ្តេញ​ចេញពី​តំណែង​ទាន់​នោះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters វា​ជា​លើកដំបូង​ដែល​បាតុករ​អាច​ចូលទៅ​កៀក​វិមាន​ប្រធានាធិបតី​ដើម្បី​បាតុកម្ម គិត​មកដល់​ត្រឹម​ថ្ងៃ​សោ​រ៍​ទី ៣​ធ្នូ នេះ​។ ហើយ​បាតុករ​ស្រី​ប្រុង ចាស់​ក្មេង ដែល​ចូលរួម​ភាគច្រើន​កាន់​បដា​ដែលមាន​សរសេរថា  «​ចុះ​ចេញទៅ ប៉ាក​ហ្គឺ​ន​ហេ​!!» និង «​ចាប់ខ្លួន​ប៉ាក ហ្គឺ​ន​ហេ​»​ថែម​ទៀតផង​។​
 
​បាតុកម្ម​នេះ​ត្រូវបាន​គេ​រៀបចំឡើង​ប្រហែល ១០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​វិមាន​ប្រធានាធិបតី ហើយ​ពួកគេ​បន្ត​ទាមទារ​ឲ្យ​លោកស្រី ប៉ាក ចុះ​ចេញពី​តំណែង ដោយ​មិន​ស្តាប់​ការសុំ​អភ័យទោស​ជា​លើក​ទី​បី​របស់លោក​ស្រី​ឡើយ​។​
 
​លោកស្រី Kim Jae-hwa ជា​បាតុករ​ម្នា​ក់វ័យ ៤៣ ឆ្នាំ បាន​អះអាងថា លោកស្រី​មិន​ចង់ឃើញ​ប្រធានាធិបតី​បច្ចុប្បន្ន​បន្ត​កាន់អំណាច​នោះឡើយ​។ វា​រឹ​តែ​ធ្វើ​ឲ្យ​សង្គមជាតិ​ប្រឈម​បញ្ហា​ច្រើន​នៅពេល​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បន្តធ្វើ​បែបនេះ​។ 
 
​លោកស្រី​បញ្ជាក់ថា​៖ «​វា​ជាការ​អាប់អោន​កិត្តិយស​ជាតិ​ដែល​លោកស្រី ប៉ាក នៅ​កាន់កាប់​តំណែង​ប្រធានាធិបតី​។ លោកស្រី​គួរតែ​ចុះចេញ​តាំងពី​យូរ​ម្ល៉េះ​»​។​
 
​បាតុកម្ម​នេះ​កើតឡើង​ស្រប​ពេលដែល​គណបក្សប្រឆាំង​ចំនួន​បី​ដែលមាន​អាសនៈ​ក្នុង​សភា​បានដាក់​សេចក្តីស្នើច្បាប់​មួយ​ទៅ​សភា ដើម្បី​ដកហូត​តំណែង​ប្រធានាធិបតី​។ សេចក្តីស្នើច្បាប់​នោះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សមាជិកសភា ១៧១ លើ ៣០០ នាក់ ហើយ​គេ​ក៏​ចោទប្រកាន់ថា​លោកស្រី ប៉ាក បាន​រំលោភ​អំណាច រំលោភ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ព្រហ្មទណ្ឌ​ដោយសារតែ​គាត់​ពាក់ព័ន្ធ​រឿងអាស្រូវ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ដើម្បី​ទាញយក​ផលប្រយោជន៍ ហើយ​គេ​រំពឹងថា​លោកស្រី​នឹង​ក្លាយ​ប្រធានាធិបតី​ដែល​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត​ដំបូង​បំផុត​ដែល​ត្រូវគេ​ដកហូត​តំណែង​។
​យ៉ាងណាមិញ កាលពី​ថ្មីៗ​នេះ​លោកស្រី ប៉ាក ហ្គឹ​ន​ហេ បាន​បញ្ជាក់ថា លោកស្រី​ព្រម​ចុះ​ចេញពី​តំណែង​បើសិនជា​សភា​អាច​ធានា ពី​ការផ្ទេរអំណាច​សន្តិវិធី ហើយ​លោកស្រី​ក៏​មិន​ចង់​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ទម្លាក់​ដែរ​។ គេ​ដឹង​ច្បាស់​ថា គណបក្ស​លោកស្រី​ផ្ទាល់​ក៏បាន​ដាក់​ឱសានវាទ​ឲ្យ​លោកស្រី ដើម្បី​ចុះចេញ​តំណែង​ដែរ ដើម្បី​ធ្វើយ៉ាងណា​រក្សា​មុខមាត់​គណបក្ស​។​
 
​សូមបញ្ជាក់ថា ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ រង​សម្ពាធ​កាន់តែខ្លាំង​ពី​ប្រជាពលរដ្ឋ​កូរ៉េ ក្រោយ​រដ្ឋអាជ្ញា​រកឃើញ​ថា លោកស្រី​មានឈ្មោះ​ក្នុង​រឿងអាស្រូវ​ពុករលួយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជំនិត​លោកស្រី​ជាច្រើនរូប​ដូចជា លោកស្រី Choi Soon-sil និង​អតីត​ទីប្រឹក្សា​ជាច្រើនរូប​ទៀត​។ លទ្ធផល​ស៊ើបអង្កេត​កន្លងមក​បាន​បង្ហាញថា លោកស្រី Choi និង​អតីត​ទីប្រឹក្សា​ពីរ​នាក់​ទៀត ត្រូវ​ជាប់ចោទ​ពីបទ​រំលោភ​អំណាច បង្ខិតបង្ខំ និង​ធ្វើ​ឲ្យ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ជាដើម​៕

Tag:
 ប៉ាក ហ្គឺ​ន​ហេ​
  Choi Soon-sil
© រក្សាសិទ្ធិដោយ thmeythmey.com