អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
«​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​» កំពុង​ធ្វើ​ឲ្យ​សមាជិក​អាស៊ាន​រង្គោះរង្គើរ​គ្នា​?
05, Dec 2016 , 8:59 pm        
រូបភាព
ដោយ:
«​វិបត្តិ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​» បាននិងកំពុង​តែ​ធ្វើ​ឲ្យ​រដ្ឋ​សមាជិក​អាស៊ាន​ពីរ គឺ​មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី ត្រូវ​មើលមុខ​គ្នា​មិន​ចំឡើយ​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បានប្រកាស​ជំហរ​ប្រឆាំង​ខ្លាំងក្លា​ទៅនឹង​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ខណៈ រដ្ឋបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី សុំ​កុំ​ឲ្យ​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​លោកស្រី ជា​អ្នកដោះស្រាយ​។ នេះ គឺជា​លើកដំបូង​ហើយ​ដែល​សមាជិក​អាស៊ាន​ប្រឈមមុខគ្នា​លើ​«​គោលការណ៍​របស់ខ្លួន​»​ក្រោមរូបភាព​បញ្ហា​សិទ្ធិមនុស្ស​នោះ​។



​របាយការណ៍​សិទ្ធិមនុស្ស​ដែលថា​យោធា​មី​យ៉ាន់​ម៉ា បើក​ប្រតិបត្តិ​ការប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ Rakhine ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលមាន​ទាំង​ការបាញ់សម្លាប់ ចាប់រំលោភ ដុត​ផ្ទះសម្បែង និង​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅដ្ឋាន បានធ្វើ​ឲ្យ​ប្រជាជាតិ​ម៉ូ​ស្លី​ម​តំបន់​អាស៊ាន​នៅ​មិន​ស្ងៀម​ឡើយ​។ ទាំង​ប្រជាជន​ម៉ូ​ស្លី​ម​ក្រុង​បាងកក ក្រុង​ហ្សា​ការ​តា និង​ទាំង​ក្រុង​កូរ​ឡា​ឡាំ​ពួរ បាន​ផ្ទុះ​បាតុកម្ម​សន្តិវិធី ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​សកម្ម​ភាពឃោរឃៅ​ទៀតផង​នោះ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ មានតែ​ម៉ាឡេស៊ី​ប៉ុណ្ណោះ​នោះទេ តែមាន​នាយករដ្ឋមន្ត្រី បាន​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង និង​ទាមទារ​នោះ​។ នៅ​ថ្ងៃទី​០៤ ខែធ្នូ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដឹកនាំ​បាតុកម្ម និង​ការប្រមូលផ្តុំ​សន្តិវិធី​ដែលមាន​ការចូលរួម​ពី​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ ៥០០០​នាក់ នៅក្នុង​កូរ​ឡា​ឡាំ​ពួរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​នៅក្នុង​ចំណោម​ការប្រមូល​ផ្តុំ​ដ៏​ធំ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​ការបង្ក្រាប​បង្ហូរឈាម​នោះ​។ លោក ថែមទាំង​ប្រើពាក្យ​វាយប្រហារ​ខ្លាំង​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយ​លោក ចោទ​យ៉ាង​ដូច្នេះ​ថា​៖«​តើ​អ៊ុង​សាន ស៊ូ​ជី ប្រើ​ងារ​ពានរង្វាន់​ណូ​ប៊ែ​ល​ដើម្បី​ធ្វើ​អ្វីខ្លះ​? យើង​ត្រូវតែ និង​ការពារ​ប្រជាជន​ម៉ូ​ស្លី​ម និង​សាសនា​ឥស្លាម​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី ដែលថា លោក ថែមទាំង​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​វិធានការ​ដោយ​មិន​ត្រឹមតែ​អង្គុយ​មើល «​អំពើ​ប្រល័យពូជសាសន៍​»​កើតឡើង​ឡើយ​។

​ឥរិយាបថ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បំពាន​គោលការណ៍​មិន​ជ្រៀតជ្រែក​អាស៊ាន​?
​ជុំវិញ​ការដឹកនាំ​ប្រមូលផ្តុំ​ប្រឆាំង​ដោយ​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រូបនេះ ប្រាកដ​ណាស់​ថា​មី​យ៉ាន់​ម៉ា មិន​សុខចិត្ត​នោះទេ ព្រោះនេះ គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​សុទ្ធសាធ​។ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា Zaw Htay បាន​ដាស់តឿន​ម៉ាឡេស៊ី​តាមរយៈ​ការចុះផ្សាយ​អត្ថបទ​នៅក្នុង​សារព័ត៌មាន Myanmar Times ជុំវិញ​គោលការណ៍​អាស៊ាន​ដែល​សមាជិក​មិនអាច​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​សមាជិក​ផ្សេងទៀត​បានឡើយ​។

​អ្នកនាំពាក្យ​រូបនោះ ថែមទាំង​បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​០៥ ខែធ្នូ​នេះ ដោយបាន​អះអាង ថា​លោក ពិតជា​ខកចិត្ត​ជាខ្លាំង​នឹង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ ក្នុងការ​ដឹកនាំ​ការប្រមូលផ្តុំ​ប្រឆាំងនឹង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ចោទ​សកម្មភាព​ដឹកនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ថា​ដើម្បី​បម្រើ​ប្រយោជន៍​ក្នុងស្រុក​របស់ខ្លួន​នោះទេ​។ ជាងនេះទៅទៀត​នោះ លោកអ្នក​នាំពាក្យ​ថែមទាំង​ហ៊ាន​និយាយថា ឥរិយាបថ​របស់លោក​នាយករដ្ឋមន្ត្រី ប៉ះពាល់​មិន​ត្រឹមតែ​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ​នោះទេ តែ ប៉ះពាល់​ដល់​តំបន់​អាស៊ាន​ទាំងស្រុង​តែម្តង​។​

​ក្រៅពី​ការចេញ​សេចក្តីថ្លែងការណ៍ ក៏មាន​បាតុកម្ម​ប្រឆាំងនឹង​ការប្រមូលផ្តុំ​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​ក្រុម​សង្ឃ​ព្រះពុទ្ធសាសនា​ដោយ​ពួកគេ ទទូច​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប កុំ​យក​រឿង​រ៉ូ​ហ៊ីង​យ៉ា​មក​គាបសង្កត់​មី​យ៉ាន់​ម៉ា​ឲ្យ​សោះ​។ តាម​ការចុះផ្សាយ​របស់​បាងកក​ប៉ុស្តិ៍ ក្រុម​លោកសង្ឃ​ទាំងនោះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« ជនជាតិ​បេន​ហ្កា​លី (Bengali) ដែល​អះអាងថា​ខ្លួន​ថា​ជា​រ៉ូ​ហ៊ីង​យ៉ា មិនមែនជា​ប្រជាជន​មី​យ៉ាន់​ម៉ា​ឡើយ​។ អ្នក​ដែល​លើកទឹកចិត្ត​ភេរវកម្ម គឺ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ ដូច្នេះហើយ លោក ណា​ជីប ក៏​ជា​ភេរវ​ករ​ដែរ​»​។

​ទាំង​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ភាគច្រើន មិនដែល​ចាត់ទុក​ជនជាតិ​ម៉ូ​ស្លី​ម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ជា​ប្រជាជន​ស្របច្បាប់​ឡើយ​នៅ​មី​យ៉ាន់​ម៉ា​។ ពួកគេ​ហៅ​រ៉ូ​ហ៊ីង​យ៉ា​ថា «​បេន​ហ្កា​លី​» ដែល​ស្មើនឹង​ជនភៀសខ្លួន​ខុសច្បាប់ ដែល​មកពី​ប្រទេស​បង់​ក្លា​ដែ​ស​ប៉ុណ្ណោះ​នោះទេ​។

​អ្វី​គួរកត់សម្គាល់​នោះ​គឺ ការប្រកាស​ជំហរ​ជា​សាធារណៈ​ដ៏​ខ្លាំងក្លា​របស់លោក​នាយក​រដ្ឋមន្ត្រី​ណា​ជីប បាននិងកំពុង​តែ​ដើរ​បញ្ច្រាស​ទៅនឹង​គោលការណ៍​របស់​អាស៊ាន បើទោះបីជា​ម៉ាឡេស៊ី ព្យាយាម​លើកឡើងថា «​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​» គឺជា​បញ្ហា​សិទ្ធិមនុស្ស​សកល​ក៏ដោយ​។ យោងតាម​មាត្រា​២​នៃ​ធម្មនុញ្ញ​អាស៊ាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« អាស៊ាន និង​រដ្ឋ​សមាជិក​អាស៊ាន​ត្រូវអនុវត្ត​ឲ្យ​ស្របតាម​គោលការណ៍​ដូចជា មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​អាស៊ាន និង​គោរព​សិទ្ធិ​របស់​រដ្ឋ​សមាជិក​អាស៊ាន​នី​យ​មួយៗ ក្នុងការ​ដឹកនាំ​អត្ថិភាព​របស់ខ្លួន ដោយ​ពុំមាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ការធ្វើ​វិទ្ធង្សនា និង​ការបង្ខិតបង្ខំ​ជាដើម​»​។

​តាម​គោលការណ៍​នេះ បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា ម៉ាឡេស៊ី ដែលជា​ស្ថាបនិក​អាស៊ាន​ឆ្នាំ​១៩៦៧ កំពុងតែ​រំលោភ​លើ​ធម្មនុញ្ញ​អាស៊ាន​។ តែ​លោក លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ថែមទាំង​បាន​បបួល​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ ដែលមាន​ប្រជាជន​ឥស្លាម​ច្រើនជាងគេ​របស់​ពិភពលោក​ឲ្យ​ចូលរួម​ដឹកនាំ​ការប្រមូលផ្តុំ​ដូចជា​លោក បានធ្វើ​នៅ​ម៉ាឡេស៊ី ដោយ​អះអាងថា ធម្មនុញ្ញ ក៏​និយាយ​ពី​សិទ្ធិមនុស្ស​ផងដែរ​។ តែ​មកទល់ពេលនេះ មិនមាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយផ្ទាល់​ពី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ​ឡើយ​។

​តាមពិតទៅ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា មិនមែន​ទើបតែ​ផ្ទុះឡើង​ក្នុង​ខែតុលា​ថ្មីៗ​នេះ​នោះទេ​។ វិបត្តិ​ជនជាតិភាគតិច​ដែល​ផ្តើមចេញពី​ការរើសអើង​ជាតិ​សាសន៍ និង​ការ​ស្អប់​នេះ ក៏​ធា្ល​ប់​ផ្ទុះឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១២ ដែលមាន​ហិង្សា​រវាង​ប្រជាជន​មី​យ៉ាន់​ម៉ា​ភាគច្រើន​ដែល​ដឹកនាំ​ដោយ​ក្រុម​សង្ឃ​ជ្រុលនិយម ជាមួយនឹង​ជាតិ​សាសន៍​នេះ​។ ជា​លទ្ធផល​នោះ ផ្ទះសម្បែង​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ត្រូវបាន​បំផ្លាញ ហើយក៏​មានការ​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដូចជា​បង់​ក្លា​ដែ​ស​ជាដើម​។

​ក្រោយមកទៀត នៅ​ចុងឆ្នាំ​២០១៥​កន្លងទៅ ក៏មាន​ចលនា​ភៀសខ្លួន​របស់​រ៉ូ​ហ៊ីង​យ៉ា ដោយ​ពួកគេ បាន​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេស​ដទៃ តែ​ត្រូវបាន​ជាប់គាំង​តាម​ច្រក​សមុទ្រ និង​ត្រូវបាន​រដ្ឋាភិបាល ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ ផ្តល់​ទីជម្រក​បណ្តោះអាសន្ន​។ ព្រឹត្តិការណ៍​ធំៗ​ទាំងនេះ មិនមាន​ការចេញ​ប្រឆាំង និង​តវ៉ា​ខ្លាំង​ដូច​ពេលនេះ​ឡើយ​។ ឬមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ចង់​បង្វែរ​បញ្ហា​ក្នុងស្រុក​?

​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប ចង់​បង្វែរ​រឿងអាស្រូវ​ពុករលួយ​?
​ការចេញមុខ​ចង់​ជួយ​ក្រុម​ជនជាតិ​ភាគ​រ៉ូ​ហ៊ីង​យ៉ា​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ក្រុម​យោធា​គឺជា​រឿង​មនុស្សធម៌​ល្អប្រសើរ​មួយ​។ តែ​ទន្ទឹមនឹង​ការបង្ហាញ​ជំហរ​នេះ ក៏​មានមតិ​យល់ឃើញ​មួយ​ផ្សេង​ទៀតថា វា គ្រាន់តែ​ជា​«​ការ​បង្វែរ​រឿង​នយោបាយ​ក្នុងស្រុក​»​ប៉ុណ្ណោះ​។ បង្វែរ​រឿង​នោះ​គឺ លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប អាច​ចង់​ទាញ​ការចាប់អារម្មណ៍​របស់​ប្រជាជន​ម៉ាឡេស៊ី​មួយចំនួន​ពី​រឿងអាស្រូវ​ពុករលួយ​របស់លោក ជាមួយនឹង​រឿង​រ៉ូ​ហ៊ីង​យ៉ា​។

​សូម​ជម្រាប​ផងដែរ​ថា គិត​ចាប់ពី​មាន​របាយការណ៍​ពុករលួយ​នៃ​ការប្រើប្រាស់​ថវិកា​សារ​ធា​រណៈ​ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន ដែល​ស្គាល់​ថា «1MDB» របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០១៥​មក​មាន​បាតុកម្ម​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​រូបលោក​។ បាតុកម្ម​ប្រឆាំងនឹង​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ដោយ​ក្រុម​អាវ​លឿង ដែលមាន​ឈ្មោះថា «Bersih» តែងតែ​ធ្វើ​ឡើងជា​បន្តបន្ទាប់​។ បាតុកម្ម​ប្រឆាំង និង​ទាមទារ​ឲ្យ​លោក ណា​ជីប ចុះ​ចេញពី​តំណែង​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី និង​ជា​អតីត​សមាជិក​បក្ស​កាន់អំណាច​ដ៏​សំខាន់ គឺ លោក មហា​ធៀរ មហា​មេ​ដ​ផងដែរ​៕


Tag:
 អាស៊ាន​
  មី​យ៉ាន់​ម៉ា​
  ម៉ាឡេស៊ី​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com