ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯ​.​ឧ កឹម សុខា នឹង​ក្លាយ​ប្រធាន​ក្រុមតំណាងរាស្ត្រ​ CNRP ក្នុងរដ្ឋសភា
05, Dec 2016 , 6:21 pm        
រូបភាព
ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ស្នើ​ដាក់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ CNRP ក្នុង​រដ្ឋសភា ជំនួស​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ក្រោយពី​រង​បទចោទប្រកាន់​ជា​បន្តបន្ទាប់​។ អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា រដ្ឋសភា​នឹង​ពិនិត្យ​លើ​សំណើសុំ​ផ្ទេ​តួនាទី​ឯកឧត្តម សម រង្ស៊ី ដែលជា​ប្រធាន​ក្រុម​​តំណាងរាស្ត្រ CNRP មក​ឲ្យ​ឯកឧត្តម កឹម សុខា នេះ​។​




នៅពេល​សួរថា តើ​ការដាក់​ឯកឧត្តម កឹម សុខា ជំនួស​នេះ មានការ​យល់ព្រម​ពី​ឯកឧត្តម សម រង្ស៊ី ដែរ​ឫ​ទេ​? ឆ្លើយតប​នឹង​សារព័ត៌មាន​ថ្មីៗ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ បានបញ្ជាក់ថា ការផ្ទេ​តួនាទី​រវាង​ប្រធាន​និង​អនុប្រធាននៅក្នុង​រដ្ឋសភានេះ គឺ​គណបក្ស​លោកបាន​ប្រជុំ​ពិភាក្សា ដោយមាន​ការឯកភាព​គ្នា​ពី​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា រួចរាល់​ហើយ​មុននឹង​សម្រេច​បែបនេះ​។ «​រាល់​ធ្វើ​ការងារ​អ្វីមួយ​គណបក្ស​យើង​តែងតែ​ប្រជុំ​ពិភាក្សាគ្នា​។ ហើយ​ការផ្ទេ​នេះ​ក៏មាន​ការយល់ព្រម​ពី​លោក​ប្រធាន សម រង្ស៊ី ដែរ ព្រោះ​យើង​បាន​ទូរ​សព្ទ​ទៅ​ជម្រាប​និង​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គាត់​មុននឹង​សម្រេច​ផ្ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ទាក់ទង​នឹង​ព័ត៌មាន​ផ្ទេ​តួនាទី​ប្រធាន​ក្រុម​តំណាងរាស្ត្រ CNRP ក្នុង​រដ្ឋសភា​នេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ជូន​រដ្ឋសភា ដោយ​ស្នើសុំ​ផ្ទេ​តួនាទី​ប្រធាន​ក្រុមតំណាងរាស្ត្រ CNRP ​ពី​លោក សម រង្ស៊ី ជំនួស​ដោយ​លោក កឹម សុខា វិញ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សំណើ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺ​បាន​បញ្ជូនទៅ​ប្រធានរដ្ឋសភា​ហើយ ដោយត្រូវ​រង់ចាំ​ការត្រួតពិនិត្យ​នឹង​អនុម័តពីប្រធានរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍​សិន»​។​

​បើតាម​លោក ឡេង ប៉េង ឡុង សមាសភាព​ថ្មី​របស់ CNRP ​នេះ រួមមាន​លោក កឹម សុខា ជា​ប្រធាន​ក្រុម លោក យឹម សុវណ្ណ ជា​អនុប្រធាន និង​លោក យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក​វិញ​។ ចំណែក​ភាគីគណបក្ស​ប្រជាជន​កម្ពុជាវិ​ញ មាន​សម្ដេច ស ខេង ជា​ប្រធាន លោក គាត ឈន់ ជា​អនុប្រធាន និង​លោកស្រី ម៉ែន សំអន ជា​សមាជិក​៕



Tag:
 ប្រធានក្រុម​សំឡេងភាគតិច
  រដ្ឋសភា
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com