ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគក្នុងវិស័យសំណង់មានចំនួន៧,៨ពាន់លានដុល្លារ កើនឡើង៣០០% ក្នុងពេល១០ខែដើមឆ្នាំនេះ
× ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ នៅក្នុងរយៈពេល ១០ខែដើមឆ្នាំ២០១៦ មានចំនួន ៧៨៦២ លានដុល្លារ កើនឡើង ៣០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាម លោក ជា សុផារ៉ា រដ្ឋន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើតាម លោក ជា សុផារ៉ា វិនិយោគិនចិនឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគបរទេស លើវិស័យសំណង់នៅកម្ពុជា ដែលបានបោះទុន ៨៣៣លានដុល្លារ ក្នុងរយៈពេល ១០ខែឆ្នាំនេះ។ បន្ទាប់ពីចិន គឺក្រុមហ៊ុនជប៉ុន ដែលបណ្ដាក់ទុន ៤០លានដុល្លារ និងក្រុមហ៊ុនកូរ៉េ ៣២លានដុល្លារ ដែលនាំមុខប្រទេសសង្ហបុរី ២៣លានដុល្លារ។ លោក ជា សុផារ៉ា បានបង្ហាញរបាយការណ៍វិនិយោគលើវិស័យសំណង់នេះ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន នៅថ្ងៃទី១ខែធ្នូ ដែលលោកបានធ្វើបទបង្ហាញក្នុងកម្មវិធីនេះ។
ចំពោះការវិនិយោគក្នុងវិស័យនេះ នៅក្នុងឆ្នាំ ២០១៥ គឺមានទឹកប្រាក់សរុប ៣៣៣៨លានដុល្លារ កើនឡើង ៣៤ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ។
លោក ជា សុផារ៉ា បានកត់សម្គាល់ការកើនឡើងជាលំដាប់នូវទុនវិនិយោគក្នុងវិស័យនេះ ចាប់តាំងពី២០០០ មក។ លោកថ្លែងយ៉ាងដូច្នេះថា៖«ឆ្នាំ២០០០ មានទុនវិនិយោគត្រឹមតែ ៣២លានដុល្លារ ដែលភាគច្រើនអ្នកក្នុងស្រុក ទោះបីពិបាកយ៉ាងណាក៏ដោយ ខំបោះទុនបានជាធ្នាក់ទាក់អ្នកខាងក្រៅមកវិនិយោគ។ លោកបន្តទៀតថា៖«បើអត់មានអ្នកខាងក្នុង ឈរមុខក៏អ្នកខាងក្រៅមិនហ៊ានចូលដែរ»។ លោកបញ្ជាក់ទៀតថា ការរីកចម្រើនវិស័យសំណង់របស់កម្ពុជា គឺដោយសារស្ថិរភាពនយោបាយ ដែលផ្ដល់ទំនុកចិត្តដល់វិនិយោគិន៕
© រក្សាសិទ្ធិដោយ thmeythmey.com