អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេទ័ព​ជី​ប៊ូ​ទី​បំពេញ​ទស្សនកិច្ច​នៅ​ចិន ស្របពេល​ចិន​កំពុង​សង់​មូលដ្ឋាន​យោធា​នៅ​ជី​ប៊ូ​ទី​
07, Dec 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​អគ្គសេនាធិការ​កងទ័ព​ជី​ប៊ូ​ទី​បំពេញ​ទស្សនកិច្ច​នៅ​ចិន ស្របពេល​ដែល​ចិន​កំពុង​បន្ត​សាងសង់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រទេស​នេះដែរ​។ មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​ក៏បាន​ថ្លែងអំណរគុណ​មន្ត្រី​យោធា​ជី​ប៊ូ​ទី​ចំពោះ​ការគាំទ្រ​គម្រោង​សាងសង់​មូលដ្ឋានទ័ព​របស់​ចិន​នៅក្នុង​ប្រទេស​ខ្លួន​ផងដែរ​។​


​ដើម​សប្តាហ៍​នេះ​អគ្គសេនាធិការ​កងទ័ព​ជី​ប៊ូ​ទី​លោក  Zakaria Cheikh Ibrahim អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ វត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​ជី​ប៊ូ​ទី​នៅ​ចិន កើតឡើង​ស្រប​ពេលដែល​ចិន​កំពុង​បន្ត​សាងសង់​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រទេស​នេះដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អគ្គសេនាធិការ​កងទ័ព​ជី​ប៊ូ​ទី​លោក Zakaria Cheikh Ibrahim បាន​ជួបពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មកា​រ​ធិ​ការ​យោធា​មជ្ឈិម និង​នាយអគ្គសេនាធិការ​កង​ទ័ព​ចិន​លោក Fang Fenghui ផងដែរ​។  
 
​មន្ត្រីជាន់ខ្ពស់​ផ្នែក​យោធា​របស់​ចិន​ខាងលើ​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជី​ប៊ូ​ទី​ដែល​បាន​គាំទ្រ​ចិន​ក្នុងការ​សាងសង់​មូលដ្ឋានទ័ព​នៅក្នុង​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​។ លោក Fang Fenghui បាន​ថ្លែង​ដូច្នេះ​ថា​៖« ចិន​អរគុណ​ជី​ប៊ូ​ទី​និង​សង្ឃឹមថា ជី​ប៊ូ​ទី​នឹង​បន្ត​គាំទ្រ​ការសាងសង់​មូលដ្ឋានទ័ព​គាំទ្រ​ភ័ស្តុភារ​របស់​ចិន​ចិន​ទៀត​»​។​
 
​ចិន​ចាប់ផ្តើម​សាងសង់​មូលដ្ឋានទ័ព​ដំបូង​បំផុត​របស់ខ្លួន​ក្រៅប្រទេស​កាលពី​ខែកុម្ភៈ​កន្លងទៅនេះ​។ វា​មាន​ទីតាំង​ស្ថិតនៅ​ប្រទេស​ជី​ប៊ូ​ទី ស្ថិតនៅ​ចំណុច​ជួបគ្នា​នៃ​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden ហើយ​វា​នៅ​មិន​ឆ្ងាយ​ពី​ផ្លូវទឹក​ដែល​មមាញឹក​បំផុត​សម្រាប់​ចរាចរណ៍​ពាណិជ្ជកម្ម​ផងដែរ​។ តាំងពី​យូរ​មកហើយ​កងទ័ព​ចិន​ធ្វើ​សកម្មភាព​ប្រឆាំង​ក្រុមចោរ​សមុទ្រ​ជា​ញឹកញាប់​នៅក្បែរ​តំបន់​ខាងលើ​ដើម្បី​ការពារ​នាវា​ទំនិញ​របស់ខ្លួន​។​
 
​ដូច្នេះហើយ​ពេលដែល​មូលដ្ឋានទ័ព​នេះ​សាងសង់​រួចរាល់​ចប់សព្វគ្រប់ កងទ័ពជើងទឹក​ចិន​នឹង​ឈរជើង​នៅ​ទីនោះ ហើយ​នាវាចម្បាំង​ចិន​នឹង​អាច​ចូល​សំចត និង​ជួសជុល​ជាដើម ហើយ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​នេះ​ដើម្បី​ផ្គត់ផ្គង់​ភ័​ស្ត​ភារ​ដល់​កងទ័ព​របស់​ខ្លួន​នៅក្រៅ​ប្រទេស​ផងដែរ​។​
 
​អ្នកជំនាញ​ជាច្រើន​បាន​វាយតម្លៃថា មូលដ្ឋានទ័ព​ទីមួយ​របស់​ចិន​នឹង​ជួយ​ច្រើន​ដល់​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​រក្សា​សន្តិសុខ​តំបន់​។ អាច​ថា វា​នឹង​ដើរតួនាទី​សំខាន់​ដើម្បី​គាំទ្រ​ដល់​នយោបាយ «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» ដែល​ផ្សាភ្ជាប់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ពី​អាស៊ី​ដល់​អាហ្វ្រិក និង​ដល់​អឺរ៉ុប​ផងដែរ​នោះ​។ ហើយ​វា​សម្រួល​ដល់​ចិន​ក្នុងការ​ឆ្លើយតប​ក្នុងករណី​បន្ទាន់​បង្ខំ​ណាមួយ​ដែល​កើតឡើង​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ មូលដ្ឋាន​យោធា​ចិន​នឹងមិន​ក្លាយជា​ទីតាំង​ដែល​ចិន​ដំឡើង​អាវុធ​យុទ្ធសាស្ត្រ​មាន​យន្តហោះ​ចម្បាំង នាវាចម្បាំង​និង​កងទ័ព​រាប់ម៉ឺន​នាក់​សម្រាប់​ត្រៀមប្រយុទ្ធ​និង​ស្វ័យការពារ​ខ្លួន​ដូច​មូលដ្ឋាន​យោធា​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា​របស់​ជប៉ុន​ឡើយ​។ មូលដ្ឋានទ័ព​នៅ​ជី​ប៊ូ​ទីនេះ​ជា​កន្លែង​ផ្គត់ផ្គង់​ភ័ស្តុភារ​យោធា នេះ​នឹង​ជួយ​ដល់​កងទ័ព​ចិន​ក្នុង​ការបំពេញ​ប្រតិបត្តិការ​ផ្តល់ជំនួយ​ម​នុស្ស​ធម៌​, ប្រតិបត្តិ​ការសង្គ្រោះ​ក្នុងករណី​មាន​គ្រោះមហន្តរាយ និង​ប្រឆាំង​ក្រុមចោរ​សមុទ្រ​។ 
 
​សូម​រំលឹកថា ចិន​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ទឹកដី​រដ្ឋ​អាហ្វ្រិក​នេះ​ជា​មូលដ្ឋាន​ទ័ពជើងទឹក​ដំបូង​របស់ខ្លួន ក្នុងពេលដែល​លោក ស៊ី ជិន​ពីង​ទៅ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​កាលពី​ចុង​ឆ្នាំមុន​។ ហើយ​ចិន​នឹង​ចំណាយលុយ​ជាង ៥០០​ពាន់​លាន​ដុល្លារ​សម្រាប់​កសាង​មូលដ្ឋាន​យោធា​នេះ​៕ 

Tag:
 Zakaria Cheikh Ibrahim
  ជី​ប៊ូ​ទី​
  Fang Fenghui
© រក្សាសិទ្ធិដោយ thmeythmey.com