ជាតិ
សេដ្ឋកិច្ច
បក្សប្រឆាំង អញ្ជើញលោក ស៊ុយ សែម ចូល​បំភ្លឺ​រឿង​នាំ​ខ្សាច់​ទៅ​សិង្ហ​បុរី
06, Dec 2016 , 6:36 pm        
រូបភាព
 
​លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០នៃរដ្ឋសភា បានដាក់​លិខិត​អញ្ជើញលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ចូល​បំភ្លឺ ជុំវិញ​របាយការណ៍​នាំចេញ​ខ្សាច់​ទៅ​សិង្ហ​បុរី ក្នុង​គណៈកម្មការ​រប​ស់លោក នៅ​ថ្ងៃទី​១៥ ខែធ្នូ​ខាងមុខ​។

 
​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ បានដាក់​លិខិត​ទៅកាន់​នាយករដ្ឋមន្ត្រី​តាមរយៈ​ប្រធានរដ្ឋសភា អញ្ជើញលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ឆ្លើយបំភ្លឺ​នៅក្នុង​គណៈកម្មការ​ទី​១០ នៃរដ្ឋសភា នៅ​ថ្ងៃទី​១៥ ខែធ្នូ​ខាងមុខនេះ​។  លោក ហូរ វ៉ាន់ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បានដាក់​លិខិត​ទៅ សុំ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឲ្យ​ចូលមក​បំភ្លឺ​នៅក្នុង​គណៈកម្មការ​យើង អំពី​ភាពខុសគ្នា​រវាង​ថវិកា និង​របាយការណ៍​នៃ​ការនាំ​ខ្សាច់​ទៅ​សិង្ហ​បុរី ដែល​ខុស​​លុយ​រាប់រយ​លាន​ដុល្លារ​»​។ 
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រធាន​គណៈកម្មការ​ជំនាញ​ទី​១០​នៃ​រដ្ឋសភា នៅ​មិនទាន់​ទទួលបាន​ចំណារ​ឆ្លើយតប​ពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅឡើយ​។ ប៉ុន្តែ​លោក រំពឹងថា នាយករដ្ឋមន្ត្រី នឹង​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចូល​បំភ្លឺ ដើម្បី​ស្រាយ​ចម្ងល់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។​
 
​ក្រៅតែពី​ចង់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល លម្អិត​ពី​ភាពមិនប្រក្រតី​នៃ​ការនាំ​ខ្សាច់​ទៅ​សិង្ហ​បុរី លោក ហូរ វ៉ាន់ ក៏​នឹង​ស្នើ​ឲ្យ ក្រសួង​រ៉ែ និង​ថាមពល បញ្ឈប់​ការធ្វើ​អាជីវកម្ម​នៅក្នុង​ខេត្តកោះកុង​តែម្តង ពីព្រោះ​វា​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ពិសេស​ជនជាតិដើម​ភាគតិច និង​ប៉ះពាល់​ដល់​ជីវចម្រុះ​ដែល​កំពុង​រស់នៅ​តំបន់​ធ្វើ​អាជីវកម្ម​ខ្សាច់​នោះ​។ 
 
​សូមបញ្ជាក់ថា ការសង្ស័យ​ពី​អំពើពុករលួយ ឬ​ភាពមិនប្រក្រតី​នៃ​ការនាំចេញ​ខ្សាច់​នេះ បាន​ចាប់​កក្រើក​ឡើង ក្រោយពី មាន​ព័ត៌មាន​ពី ទិន្នន័យ​ពី​គយ​សិង្ហ​បុរី ដែល​បាន​បង្ហាញថា ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​ខ្សាច់​ទៅ​សិង្ហ​បុរី​ចំនួន​៧២,៧​លាន​តោន ស្មើនឹង​ទឹកប្រាក់​៧៥២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ក្នុង​រយៈពេល​ដូចគ្នា កម្ពុជា​អះអាងថា បាន​នាំចេញ​ខ្សាច់​ទៅ​សិង្ហ​បុរី​ត្រឹមតែ ២,៨ លាន​តោន ស្មើនឹង​ទឹកប្រាក់​៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។   ក្រសួង​រ៉ែ និង​ថាមពល ក៏បាន​បើក​កិច្ចប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​បញ្ហា​នេះដែរ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ប៉ុន្តែ​នៅក្នុង​កិច្ចប្រជុំ​នោះ ក្រសួង​រ៉ែ មិន​បង្ហាញ​ព័ត៌មាន​ច្បាស់លាស់ ពី​ទិន្នន័យ​នាំចេញ​ខ្សាច់​នេះឡើយ​។ ទិន្នន័យ​នាំចេញ​ខ្សាច់​ពី​កម្ពុជា ទៅ សិង្ហ​បុរី ដែល​ល្អៀង​ទឹកប្រាក់​ប្រមាណ ៧៤៧ លាន​ដុល្លារ​នោះ​នៅតែ​អាថ៌កំបាំង​ដដែល​៕ 
 
 

Tag:
 ខ្សាច់​
 ​ ហូរ វ៉ាន់​
 ​ ស៊ុយ សែម​
© រក្សាសិទ្ធិដោយ thmeythmey.com