ជាតិ
អ្នកកាសែត​ស្ត្រី​ខ្មែរ ទទួល​ពានរង្វាន់ Rising Star នៅ​ចិន​
07, Dec 2016 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
​រង្វាន់​ជ័យលាភី Rising Star Award ត្រូវបាន​ប្រគល់ជូន  កញ្ញា ខែ​ក ខេមរ៉ា​ត នាយិកា និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ប្ល៊ូ មេ​ឌា ហ្វី​ម ខេ​ម​បូ​ឌា ក្នុង​វេទិកា​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង​នៃ​កិច្ចប្រជុំ​កំពូល Caixin លើក​ទី​៧ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៦​។



​ការងារ​ជា​អ្នកកាសែត និង​ការចូលរួម​ក្នុង​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមទាំង​ការបង្កើត​ជំនួញ​ដែលមាន​ការទទួលខុសត្រូវ​ផ្នែក​សង្គម គឺជា​លក្ខណៈវិនិច្ឆ័យ​នៃ​ការផ្តល់​ពានរង្វាន់​ដល់ក​ញ្ញា ខែ​ក ខេមរ៉ា​ត​។

​ឆ្លើយតប​ទៅនឹង​សំនួរ​នៅក្នុង​កិច្ចប្រជុំ​កំពូល Caixin កញ្ញា ខេមរ៉ា​ត បាន​លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មានការ​បើកទូលាយ និង​មានការ​អភិវឌ្ឍ​ជា​លំដាប់​។ ជ័យលាភី​ដដែល​ប​បញ្ជាក់ថា ទោះយ៉ាងណា​ក៏ដោយ វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​ត្រូវការ​ការវិនិយោគ​បន្ថែម​ទៅលើ​ផ្នែក​ធនធានមនុស្ស ក៏ដូចជា​ថវិកា ព្រមទាំង​ការសហការ​ពី​អ្នកវិនិយោគ​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោកស្រី​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​វេទិការ​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង​យ៉ាង​ដូច្នេះ​៖«​ការទទួលបាន​ពានរង្វាន់​នេះ គឺជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​វា​ក៏​ជា​កិត្តិយស​របស់​កម្ពុជា​ដែរ​។ ពានរង្វាន់​នេះ នឹង​លើកទឹកចិត្ត​លោកស្រី ក៏ដូចជា​នារី​ខ្មែរ​ទាំងអស់​ដូចគ្នា​ដែរ​»​។ កញ្ញា ខេមរ៉ា​ត បាន​និយាយ​លើកទឹកចិត្ត​ស្ត្រី​គ្រប់រូប ឲ្យ​ខិតខំ​ប្រឹងប្រែង​ដើម្បី សម្រេច​គោលដៅ​ដែល​ខ្លួន​ចង់បាន​។

​ពានរង្វាន់​នានា​ដែល​ត្រូវ​បានប្រគល់​ក្នុង​វេទិកា​អ្នកដឹកនាំ​ស្ត្រី​វ័យក្មេង នៃ​កិច្ចប្រជុំ​កំពូល Caixin លើក​ទី​៧​នេះ រួមមាន​ពានរង្វាន់​ស្ត្រី​លេចធ្លោ (Outstanding Women Award) និង​ពានរង្វាន់​ជ័យលាភី Rising Star Award​។ សម្រាប់​ថ្នាក់​ពានរង្វាន់ Rising Star Award​នេះ  កញ្ញា ខេមរ៉ា​ត គឺជា​ជ័យលាភី​មួយរូប ក្នុងចំណោម​ស្ត្រី​៦​រូប​ផ្សេងទៀត​ដែល​ពួកគេ​ជា​អ្នកជំនួញ​ស្ត្រី និង​ជា​បុគ្គល​ឆ្នើម​មកពី​ស្ថាប័ន​ល្បីៗ​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក៏ដូចជា​វត្តមាន​រប​ស់​អតីត​តារាភាពយន្ត​ល្បី​របស់​ចិន​ផងដែរ​។

 គួរបញ្ជាក់​ផងដែរ​ថា​Caixin គឺជា​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ធំ​មួយ​របស់​ប្រទេស​ចិន​ដែល​ផ្តោត​សំខាន់​លើ​មុខ​ជំនួញ​និង​នយោបាយ​។ វេទិកា​នេះ គឺជា​ព្រឹត្តិការណ៍​ទីមួយ​ដែល​ផ្តល់​ពានរង្វាន់​ជ័យលាភី​ដល់​ស្ត្រី​ឆ្នើម និង​លេចធ្លោ​ក្នុង​វិស័យ​នានា ដែល​ពួកគេ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​លើ​កិច្ចការងារ​សង្គម ការងារ​មនុស្សធម៌ យេនឌ័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​៕




Tag:
 ខេមរ៉ា​ត​
  rising star
  Caixin
  blue media
© រក្សាសិទ្ធិដោយ thmeythmey.com