អន្តរជាតិ
ឥណ្ឌូណេស៊ី ថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម IS កំពុង​ដាក់​មូលដ្ឋាន​នៅ​ហ្វីលីពីន
07, Dec 2016 , 4:24 pm        
រូបភាព
លោកឧត្តមសេនីយ៍ Nurmantyo (ប្រភពរូបភាព៖  The Jakarta Post)
លោកឧត្តមសេនីយ៍ Nurmantyo (ប្រភពរូបភាព៖ The Jakarta Post)
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​អះអាងថា ក្រុម​ភេរវជន កំពុងតែ​ប៉ុនប៉ង​បង្កើត​មូលដ្ឋាន​របស់​ពួកគេ​នៅក្នុង​ខេត្ត​ភាគខាងត្បូង​របស់​ហ្វីលីពីន ដែល ក្រុង​ហ្សា​ការ​តា បាន​ចាត់ទុកថា​ជាការ​គំរាមកំហែង​សន្តិសុខ​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ឥណ្ឌូណេស៊ី ដែលជា​ប្រទេសជិតខាង​នោះ​។



​លោក​ឧ​ត្ត​ម​សេនីយ ណួ​រ​ម៉ា​ត្យូ (Nurmantyo) មន្ត្រី​យោធា​ជាន់ខ្ពស់​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​០៦ ខែធ្នូ​ម្សិលមិញ បាន​អះអាងថា​ក្រុម​ភេរវជន​ដែល​កំពុងតែ​បែកខ្ញែក​ក្នុងការ​ប្រយុទ្ធ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ កំពុងតែ​កសាង​មូលដ្ឋាន​របស់ខ្លួន​នៅក្នុង​ខេត្ត មិន​ដា​ណាវ នៃ​ប្រទេស​ហ្វីលីពីន ដែល​ជាប់​ខេត្ត​របស់​ឥណ្ឌូណេស៊ី​ចំនួន​ពីរ​គឺ​ខេត្ត ស៊ូ​ម៉ា​ត្រា និង ស៊ូ​ឡា​វេ​ស៊ី​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post​។

​ថ្លែង​ក្រៅ​នៃ​សន្និបាត​ស្តីពី​ភេរវកម្ម​ក្នុង​ក្រុង​ហ្សា​ការ​តា លោក​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា ចំនួន​ករណី​នៃ​ការចាប់​ជំរិត​នាវា​ពាណិជ្ជកម្ម​ដែល​ឆ្លងកាត់​ដែនទឹក​ភាគខាងត្បូង​ហ្វីលីពីន​ដោយ​ក្រុម​ភេរវជន បានបង្ហាញ​ឲ្យ​ឃើញថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម កំពុងតែ​បង្កើន​លុយ​ដើម្បី​កសាង​មូលដ្ឋាន​របស់​ពួកគេ​ហើយ​។ លោក ក៏​បន្ថែមទៀតថា ក្រុម​ជ្រុលនិយម​ទាំងនោះ ក៏​អាច​នឹង​ចូលទៅ​កាន់​ឥណ្ឌូណេស៊ី​តាម​ច្រកព្រំដែន​ភាគខាងត្បូង​នោះ​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ មន្ត្រី​យោធា​ឥណ្ឌូណេស៊ី​ជាន់ខ្ពស់​ដដែល​នោះ ក៏បាន​អះអាង​ទៀតថា ក្រុម​ជ្រុលនិយម​ដែល​ប្រ​ពឹ​ត្ត​អំពើ​ភេរវកម្ម​ដោយសារ​កត្តាសេដ្ឋកិច្ច​ជាជាង​កក្តា​មនោគមន៍​នោះ បានជ្រើសរើស​តំបន់​អាស៊ីអាគ្នេយ៍​គឺជា​មូលដ្ឋាន​កណ្តាល​របស់​ពួកគេ​នា​ថ្ងៃ​អនាគត ដ្បិត ប្រភព​សេដ្ឋកិច្ច​របស់​ពួកគេ​នៅ​តំបន់​មជ្ឈិមបូព៌ា ត្រូវបាន​បំផ្លាញ​ជា​បន្តបន្ទាប់​ហើយ​នោះ​។

​ជុំវិញ​ការអះអាង​ពី​លទ្ធភាព​នៃ​ការដាក់​មូលដ្ឋាន​របស់​ក្រុម​ជ្រុលនិយម​ឥស្លាម​នេះ គឺមាន​ច្រើន និង​អាចទៅរួច​។ នោះ ក៏​ព្រោះ​តែមាន​ក្រុម​ភេរវជន​ជាច្រើន​ក្រុម ដែលជា​បណ្តាញ​របស់​ក្រុម​ទាំងនេះ ក៏មាន​មូលដ្ឋាន​របស់​ពួកគេ​ផ្ទាល់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ស្រាប់​តែម្តង​។ ក្រុម​ទាំងនោះ រាប់បញ្ចូល​ទាំង​ក្រុម​ឧទ្ទាម អា​ប៊ូ សាយ​យ៉ាវ (Abu Sayyaf) ដែលមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ហ្វីលីពីន និង​ក៏​ធា្ល​ប់​ប្រកាស​គាំទ្រ​ក្រុម​ជ្រុលនិយម​ស្រាប់​នោះ​៕


Tag:
 ឥណ្ឌូណេស៊ី​
  ហ្វីលីពីន​
  IS
© រក្សាសិទ្ធិដោយ thmeythmey.com