កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូបង្វឹក​ក្លិប Caen ត្រូវ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ដោយសារ​មិន​បង់ពន្ធ​
08, Dec 2016 , 8:19 am        
រូបភាព
ដោយ: ធីតា
 
 
​កាលពី​ថ្ងៃទី​៦ ខែធ្នូ លោក Franck Dumas អតីត​គ្រូបង្វឹក​ក្លិប SM Caen នៃ​ក្របខណ្ឌ Ligue 1 របស់​បារាំង ត្រូវបាន​តុលាការក្រុង Caen កាត់ទោស​ដាក់ពន្ធនាគា​រ​រយៈពេល​២​ឆ្នាំ ក្នុងនោះ​១​ឆ្នាំ​នៅក្រៅ​ឃុំ ពីបទ​គេចពន្ធ​។ នេះ​ជាការ​កាត់ក្តី​ម្តងទៀត ដោយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងមក លោក​ត្រូវបាន​កាត់ក្តី​កំបាំងមុខ ដោយ​ជាប់ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​។​

 
​លោក Franck Dumas អតីត​កីឡាករ​ក្លិប Caen, Manaco, Marseille, Newscastle United និង​ជា​អតីត​គ្រូបង្វឹក​ក្លិប Caen នៃ​ក្របខណ្ឌ Ligue 1 បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​តុលាការក្រុង Caen ក្នុង​សំណុំរឿង​គេច​ពី​ការបង់ពន្ធ​ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១២ ។​
 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត Normandie លោក Franck Dumas ត្រូវបាន​តុលាការក្រុង Caen ផ្តន្ទាទោស​រួច​ម្តង​ហើយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ដាក់ពន្ធនាគារ​៣​ឆ្នាំ និង​តម្រូវ​ឲ្យ​បង់ពន្ធ ៥៥៧ ០០០​អឺរ៉ូ (​ជិត​៦០​ម៉ឺន​ដុល្លារ​អាមេរិក​) ពីបទ​គេចពន្ធ​ចន្លោះ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១២ នា​អំឡុងពេល​លោក​ធ្វើជា​គ្រូបង្វឹក​ក្លិប Caen​។​
 
​សូមបញ្ជាក់​ផងដែរ​ថា តុលាការ Caen បានចាប់ផ្តើម​ចាត់ការ​លើ​សំណុំរឿង​របស់លោក Franck Dumas នា​អំឡុង​ពេលដែល​លោក​ចាក​ចេញពី​ប្រទេស​បារាំង​ដើម្បី​ស្វែងរក​អាជីព​ជា​គ្រូបង្វឹក​ថ្មី​នៅ​ម៉ា​រ៉ុ​ក ថៃ កម្ពុជា ចិន និង​ហ្គី​ណេ​អេក្វាទ័រ ជាដើម​។​
 
​ទាក់ទង​នឹង​ការចោទប្រកាន់ថា លោក​ព្យាយាម​រត់គេច​ពី​សំណាញ់​ច្បាប់ លោក Dumas បាន​បកស្រាយ​ថា លោក​ត្រូវ​ស្វែងរក​ការងារ​ថ្មី ដោយសារ​សញ្ញាបត្រ​ជា​គ្រូបង្វឹក​របស់លោក​មិនត្រូវ​បានទទួល​ស្គាល់​ឡើយ​នៅក្នុង​ប្រទេស​បារាំង បន្ទាប់​ការកែប្រែ​លក្ខន្តិកៈ​ថ្មី​។​
 
​ក្រោយ​ចាក​ចេញពី​ក្លិប SM Caen បាន​ដឹកនាំ​រយៈពេល​ខ្លី​នៅ​ក្លិប AC Arles-Avignon និង​ក្លិប Maghreb de Fes របស់​ម៉ា​រ៉ុ​ក​។ បន្ទាប់​លោក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ដឹកនាំ​ក្លិប​បាល់ទាត់​នៅ​ប្រទេស​ថៃ​។ បន្ថែម​ពីលើ​នេះ គេ​ក៏​ឃើញ​វត្តមាន​របស់លោក​នៅ​កម្ពុជា​ផងដែរ​។​
 
​លោក Dumas បាន​ថ្លែងប្រាប់​នា​អំឡុង​សវនាការ​ថា ការផ្ទេរ​លុយ​ចេញ​របស់លោក មិនមែន​មានគំនិត​គេចពន្ធ​នោះឡើយ តែ​លោក​ប្រើប្រាស់​សម្រាប់​ការរស់នៅ​ប៉ុណ្ណោះ​។ សាលក្រម​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧៕
 
 
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com